(ព្រៃវែង)៖ ប្រធានប្រឹក្សាខេត្តព្រៃវែង លោក ស្បោង សារ៉ាត និងអភិបាល​ លោក ជា សុមេធី នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៃអភិបាលស្រុកព្រះសម្ដេច របស់លោក ភុន សម្ភស្ស។

លោក ភុន សម្ភស្ស ជាអភិបាលស្រុកព្រះស្តេចថ្មី បាន​ប្តេជ្ញាចិត្ត និងអនុវត្តអោយបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ខិតខំអនុវត្តឲ្យបានទទួលជោគជ័យនូវរាល់ភារកិច្ច រាជរដ្ឋាភិបាលប្រគល់ជូន ក្រសួងមហាផ្ទៃ ​និងថ្នាក់ដឹកនាំខេត្តបានដាក់ចេញ ដើម្បីសម្រេចបាននូវកិច្ចការទាំងអស់នេះ លោកនឹងរួមសហការគ្នា សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដើម្បីបម្រើ​ និងផ្តល់សេវាសាធារណៈ ដោះស្រាយនូវរាល់សំណូមពរនានា ជូន​ប្រជាពលរដ្ឋឲ្យបានល្អ ដោយផ្អែកតាមគោលការណ៍ច្បាប់ ឲ្យបានទាន់ពេលវេលា និងខិតខំអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពទាំង៩ចំណុចរបស់​រាជរដ្ឋាភិបាលឲ្យបានជោគជ័យ។

ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តព្រៃវែង បានផ្តាំផ្ញើដល់ លោក ភុន សម្ភស្ស ត្រូវយកចិត្តទុកដាក់​រៀបចំអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកច​ម្រើនបន្តទៀត បន្តយកចិត្តទុកដាក់ បង្ការ ទប់ស្កាត់ បង្រ្កាប នូវអំពើលួច ឆក់ប្លន់ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ការនេសាទត្រីខុសច្បាប់ និងល្បែងស៊ីសងគ្រប់ប្រភេទ ធានាឲ្យបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសបម្រើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមិនត្រូវទារកម្រៃសេវា លើសការកំណត់នោះទេ។

ឆ្លៀងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំដល់កាំកុងត្រូល គយ ប៉ូលីសអន្តោរប្រវេស ត្រូវនាំគ្នាគិតគួរបញ្ហាទំនិញខូចគុណភាព ល្បែងស៊ីសងខុសច្បាប់ កាសីណូអត់ច្បាប់ បើគ្មានអាជ្ញាបណ្ណ័ត្រូវបញ្ឍប់ឲ្យបាន​។ ចំពោះផ្លូវអន្តរជាតិបន្ទាយចក្រី មានការខូចខាតដោយការដឹកលើសទម្ងន់ ដូច្នេះសូមឲ្យអាជ្ញា​ធរ និងសមត្ថកិច្ចទាំងអស់ត្រូវពិនិត្យមើល​ កុំឲ្យមានការដឹកលើសទម្ងន់កំរិតកំណត់បន្តទៀត។ មួយវិញទៀត សមត្ថកិច្ចត្រូវ​បង្ក​លក្ខណៈល្អដល់ប្រជាពលរដ្ឋក្នុងការប្រកបរបរកស៊ីចេញចូលនៅតាមព្រំដែន និងសម្របសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការទៅពិនិត្យជំងឺនៅប្រទេសវៀតណាមផងដែរ។

លោក ជា សុមេធី បញ្ជាក់ថា ចំពោះដីធ្លីត្រូវដោះស្រាយជូនប្រជាពលរដ្ឋដោយឆន្ទៈ ​និងផ្អែកតាមគោលការណ៍ច្បាប់ រីឯលិខិតស្នាមនានាដូចជា សំបុត្រកំណើត សៀវភៅអត្រានុកូលដ្ឋាន​។ល។ ត្រូវធ្វើជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា មិនត្រូវទាកម្រៃខុសច្បាប់ឡើយ៕