(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយយុវជនអាស៊ាន-ជប៉ុន ៣៦២នាក់នាក់ ដែលនឹងត្រូវស្នាក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងច្រើនពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាពីស្ថានភាពដ៏ក្រលំបាកក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបញ្ហារបស់សហគមន៍អាស៊ាន។ ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងកិច្ចសំណេះសំណាលនាព្រឹកនេះ៖

* ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូល សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់យុវជនអាស៊ាន និងជប៉ុន ដែលបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា។

* នៅចំពោះមុខយុវជនវៀតណាម សម្តេចតេជោ ហ៊ុន សែន បានថ្លែងចូលរួមសោកស្តាយ និងការរំលែកមរណទុក្ខចំពោះការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋវៀតណាម ដោយសារគ្រោះខ្យល់ព្យុះ។

* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំជប៉ុន ដែលបានដាក់ចេញចក្ខុវិស័យក្នុងការបង្កើតនាវាយុវជនអាស៊ាន-ជប៉ុន ដែលជាចក្ខុវិស័យដ៏ល្អមួយសម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជនអាស៊ាន និងជប៉ុន។

* សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់មេដឹកនាំអាស៊ានកាលពី ៤៤ឆ្នាំមុនផងដែរ ដែលបានព្រមព្រៀងបង្កើតឲ្យមាននាវយុវជនអាស៊ាន-ជប៉ុន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិននឹកស្មានថា ការប្រឈមមុខថ្នាក់គ្នារវាងបណ្តាប្រទេសអាស៊ានរវាងបណ្តាប្រទេសអាស៊ាន ដែលស្ថិតនៅឥណ្ឌូចិន និងប្រទេសសមាជិកអាស៊ានដទៃទៀត ក្លាយទៅជាសមាជិកក្រោមដំបូលអាស៊ានតែមួយ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយ ហើយកោតសរសើរទៅបិតាស្ថាបនិកអាស៊ាន ដែលមកដល់ពេលនេះពួកគាត់ប្រហែលជាទទួលមរណកាលអស់ទៅហើយ។

* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរគំនិតផ្តួចផ្តើមរបស់ស្ថាបនិកអាស៊ាន ក្នុងការធ្វើឲ្យអាស៊ានរស់នៅដោយសុខដុមនីយកម្មជាមួយគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមយុវជនអាស៊ាន-ជប៉ុន បើទោះបីកម្ពុជាជាកូនពៅ តែបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះពីរលើកហើយ គឺនៅឆ្នាំ២០០២ និង២០១២ ហើយកម្ពុជានឹងបន្តធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រាប់យុវជនអាស៊ាន-ជប៉ុនថា សម្តេចនឹងបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីយ៉ាងតិចពីរអាណត្តិបន្តទៀត ហើយសម្តេចនឹងក្លាយជានាយករដ្ឋមន្រ្តីដែលក្មេងជាងគេ ទៅជានាយករដ្ឋមន្រ្តីធ្វើការយូរជាងគេ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រាប់ក្រុមយុវជនអាស៊ាន-ជប៉ុនថា យុវជនកម្ពុជានាសម័យបច្ចុប្បន្នមានសំណាងខ្លាំងណាស់ ខុសពីយុវជនជំនាន់របស់សម្តេចដែលជាជីវិតជូរចត់ ដោយសារតែភ្លើងសង្រ្គាម។ តែដោយសារភាពជូរចត់នេះបានធ្វើឲ្យសម្តេចប្រឹងប្រែង ដើម្បីរំដោះប្រទេស និងកែប្រែប្រទេសឲ្យបានរីកចម្រើន។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រាប់យុវជនអាស៊ាន-ជប៉ុនថា កម្ពុជា ធ្លាប់ជាប្រទេសគ្មានទីក្រុង និងគ្មានផ្សារសម្រាប់លក់ដូរនោះឡើយ។ សម្តេចបានប្រាប់យុវជនអាស៊ាន-ជប៉ុនថា សម្តេចបានធ្វើជារដ្ឋមន្រ្តីការបរទេសនៅអាយុ ២៧ឆ្នាំ ហើយធ្វើជានាយករដ្ឋមន្រ្តីនៅអាយុ ៣២ឆ្នាំ។

* ប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងទាំងភ្នែកប្រាប់ទៅយុវជនអាស៊ាន-ជប៉ុន ពីជីវិតដ៏កម្សត់នៅក្នុងរបបខ្មែរក្រហម ជាពិសេសគឺរមណភាពរបស់កូនប្រុសដំបូងរបស់សម្តេចកាលពី ៤១ឆ្នាំមុន ហើយសម្តេចមិនមានសិទ្ធិកប់សពកូន និងមើលថែភរិយានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមយុវជនថា កុំចាត់ទុកថាកម្ពុជាមិនមានបញ្ហាអ្វីឲ្យសោះ កម្ពុជាជាប្រទេសកម្សត់ និងជូរចត់ជាងបណ្តាប្រទេសណាៗទាំងអស់ ហើយសម្តេចបានផ្សារភ្ជាប់ខ្លួនជាមួយភាពជូរចត់នេះ។ តែភាពជូរចត់នេះបានធ្វើឲ្យសម្តេចប្រឹងប្រែង ដើម្បីជាតិ និងប្រជាជនដ៏កម្សត់នៃប្រទេសមួយនេះ។

* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមយុវជនអាស៊ាន-ជប៉ុនថា មានកត្តា៤យ៉ាង ដែលកម្ពុជាសម្រេចចូលជាសមាជិកអាស៊ាន៖ ១. គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសសមាជិក, ២. ស្មារតីសហគមន៍ (ការធ្វើការតាមកុងសង់ស៊ីស ដែលអនុញ្ញាតឲ្យអនុវត្តន៍គោលការណ៍ស្មើសិទ្ធិ ស្មើភាព ហើយគ្មានបងតូចបងធំ), ៣. ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទី៤. គឺច្រកចេញការទូតរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់យុវជនអាស៊ាន-ជប៉ុនថា បើមានឱកាសក្លាយជាមេដឹកនាំអាស៊ានកុំកែប្រែគោលការណ៍កុងសង់ស៊ី ទៅជាគោលការណ៍បោះឆ្នោតឲ្យសោះព្រោះវានឹងនាំឲ្យអាស៊ានបែកបាក់គ្នាជាមិនខាន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា អាស៊ាន ជាសហគមន៍មួយដ៏ល្អ ដោយមិនមានការប្រកាន់ប្រទេសតូច ប្រទេសធំ ឬ ប្រទេសអ្នកមាន ប្រទេសអ្នកក្រនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសអាស៊ានចាស់ បានចូលរួមចំណែកច្រើនណាស់ដល់អាស៊ាន ដើម្បីកាត់បន្ថយគម្លាតរវាងអាស៊ានចាស់ និងថ្មី ជាពិសេសគឺការអប់រំ។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យទទួលយកកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្លាយជាសមាជិកអង្គការ APEC។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរំពឹងថា សហគមន៍អាស៊ាន នឹងបន្តរឹងមាំទៅមុខបន្ថែមទៀត។

* សម្តេចតេជោ បានលើកឡើងថា អាស៊ាន គឺជាតួអង្គសាមគ្គីភាព និងអនុវត្តន៍គោលការណ៍កុងសង់ស៊ីស។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជប៉ុន បានចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយគម្លាត មានយន្តការជប៉ុន-មេគង្គ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់យុវជនអាស៊ាន-ជប៉ុនថា កម្ពុជាបច្ចុប្បន្នមានឋានៈត្រឹមជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបប៉ុណ្ណោះ ប៉ុន្តែកាលពីពេលកម្ពុជារំដោះប្រទេសចេញរបបប្រល័យពូជសាសន៍នោះ សម្តេចចូលមកភ្នំពេញ ជួបប្រជាជនត្រឹមតែ ៧០នាក់ប៉ុណ្ណោះ។ អត្រាភាពក្រីក្រ ១០០ភាគរយ និងគ្មានប្រាក់បៀវត្សរ៍ទេ មានតែរបបអង្ករ និងពោតតែប៉ុណ្ណោះ តែបច្ចុប្បន្នកម្ពុជាឈានទៅដល់ប្រទេសមានចំណូលមធ្យមកម្រិតទៀប ហើយមានមហិច្ឆតាឲ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយក៏ដាក់ចេញចក្ខុវិស័យទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អាស៊ាន-ជប៉ុនថា ការដែលសម្តេចអាចអង្គុយក្នុងតំណែងជារដ្ឋមន្រ្តីការបរទេស និងជានាយករដ្ឋមន្រ្តីរយៈពេលប្រមាណ ៣៩ឆ្នាំ មិនមែនដោយសារចុងអាវុធ និងអំពើផ្តាច់ការនោះទេ តែដោយសារតែការគាំទ្ររបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ បានបញ្ជាក់ថា អ្នកដែលអនុវត្តន៍អំពើផ្តាច់ការគឺ ប៉ុល ពត តែកាន់អំណាចបានតែជាង ៣ឆ្នាំប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរការបោះឆ្នោតមិនត្រូវការប្រទេសណាមកទទួលស្គាល់នោះទេ សំខាន់គឺប្រជាពលរដ្ឋកម្ពុជាទទួលស្គាល់។ សម្តេចបានបញ្ជាក់ថា ការបោះឆ្នោតរបស់កម្ពុជា អនុវត្តន៍តាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា មិនត្រូវការស្តាប់ ឬ ការទទួលស្គាល់ពីប្រទេសណាមួយនោះឡើយ។ សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា គ្មានស្គាល់ប្រជាពលរដ្ឋខ្មែរច្បាស់ ជាងប្រជាពលរដ្ឋកម្ពុជាខ្លួនឯងនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុវត្តន៍នយោបាយរបស់ប្រទេសនីមួយៗ គឺខុសគ្នា មិនអាចធ្វើតាមប្រទេសណាមួយនោះឡើយ កម្ពុជាក៏ដូច្នោះដែរ មិនអាចអនុវត្តន៍តាមប្រទេសណាមួយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រទេសនានានឹងមិនជ្រៀតជ្រែកិច្ចការរបស់កម្ពុជា ហើយកម្ពុជានៅតែប្តេជ្ញាចំពោះលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមានការបោះឆ្នោតជាទៀងទាត់ ទទួលស្គាល់ ឬមិនទទួលស្គាល់មិនសំខាន់ទេ សំខាន់ពលរដ្ឋកម្ពុជាទទួលបានឬអត់?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា នាពេលបច្ចុប្បន្នមានអគារខ្ពស់ៗច្រើន ហើយផ្ទៃដីទីក្រុងពីជាង ៣០០គីឡូម៉ែត្រក្រឡា ទៅជិត ៧០០គីឡូម៉ែត្រក្រឡានាពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងមានជំនួបនាយករដ្ឋមន្រ្តីឡាវ នាយករដ្ឋមន្រ្តីវៀតណាម និងប្រមុខដឹកនាំប្រទេសដទៃជាច្រើនទៀត ក្នុងកិច្ចប្រជុំនៅក្រៅប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានការគោរពខ្លាំងណាស់ចំពោះប្រធានាធិបតេយ្យហ្វីលីពីន លោក ឌុយ ឌែតេ ចំពោះអ្វីដែលលោកបានធ្វើចំពោះប្រទេសរបស់លោក។

* សម្តេចតេជោ ហ៊ុ​ន សែន បានជូនពរចំណងមិត្តភាព និងដំណើរការនៃនាវាយុវជនអាស៊ាន-ជប៉ុន នៅតែបន្តស្ថិតស្ថេរជារៀងរហូត ដើម្បីជាស្ពានចម្លងទំនាក់ទំនងរវាងប្រជាជនអាស៊ាន-ជប៉ុន។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់កិច្ចសំណេះសំណាលជាមួយយុវជនអាស៊ាន-ជប៉ុន នៅវេលាម៉ោង ១០៖៣៥នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧៖