(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងបន្ថែម​ថា ករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដដឹកកម្មករដោយខ្លួនឯង នៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ​ បណ្ដាលឲ្យកម្មករ១០៣នាក់ រងរបួសធ្ងន់ស្រាល ដោយក្នុងនោះ៤នាក់រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ គ្រោះថ្នាក់ច​រាចរណ៍នេះ បានកើតឡើងដោយសារតែ​អ្នកបើកបរបួងចង្កូតខ្លាំងពេក។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បង្កឡើងដោយ រថយន្តម៉ាកហ៊ិនដាយខ្លួនឯងតែម្ដង ពាក់ស្លាកលេខកំពង់ចាម ​3A-4553 បើកបរដោយឈ្មោះ ឆៃ គីមហេង ទីលំនៅភូមិពោធិ៍ស្ទាង ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។ បើតាមលោកស្នងការ មុនពេលកើតហេតុរថយន្ដខាងលើ បានដឹកកម្មកររោងចក្របើកពីទិសខាង​លិចទៅកើត ចូលរោងចក្រជូហួយ លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងបម្រុងចូលរោងចក្រជូហួយ ប៉ុន្ដែពេលបត់ចូលនោះអ្នកបើកបរបួងចង្កូតខ្លាំងពេក ក៏បណ្ដាលឲ្យក្រឡាប់ខ្លួនឯងតែម្ដង។​

ប៉ុន្ដែទោះជាយ៉ាងណា ក្រោយកើតហេតុភា្លមៗ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដែលដឹកនាំដោយលោក ប្រាក់ សុគន្ធ អធិការនគរបាលស្រុក បានបញ្ជូនជនរងគ្រោះទាំងអស់​ទៅសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ​ចំណែកជនរងគ្រោះដែលរបួសធ្ងន់ចំនួន៤នាក់​ បានបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ៕