(កោះកុង)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួល ស្ពានកោះកុង ដើម្បីដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ ​នៅរង្វល់មូលស្ពានកោះកុង។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្ដល់កាដូដ៏ធំមួយទៀត ជូនជនរួមជាតិនាឱកាសព្រះរាជពិធីបុណ្យអុំទូក គឺរាជរដ្ឋាភិបាលបានប្រកាសទិញ ស្ពានឆ្លងកាត់ដៃ សមុទ្រឆ្ពោះទៅកាន់ប្រទេសថៃ នៅខេត្តកោះកុង ពីក្រុមហ៊ុន លី យ៉ុងផាត់ មកគ្រប់គ្រងវិញ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនបាច់បង់ប្រាក់ទៀតឡើយ។

នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយ​ឡែក បងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ បាន​សម្រេចទិញយក​​ត្រឡប់មកវិញ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃដែល​វិនិ​យោគ​​ដោយ ក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់ ​ដោយ​​ពុំចាំបាច់បង់ថ្លៃ ចាប់ពី​ម៉ោង​០០៖០០​នាទី ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​​២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក។ ​ចំពោះកិច្ចការដែលនៅសេសសល់ សូមឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង​សេដ្ធកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន​ លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ​។ ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៏ពីការ​សម្រេចនេះ»​។​

ស្ពាន​កោះកុងស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង ​ត្រូវ​បាន​​សម្ពោធ​ឲ្យ​ប្រើប្រាស់កាលពី​ឆ្នាំ​២០០២ ​ដែល​មាន​ប្រវែង​សរុប​១៩០០​ម៉ែត្រ។

រហូតមកដល់ពេលនេះ ប្រ​មុខនៃរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានផ្តល់កាដូធំៗជូនជនរួមជាតិ ទាំងផ្លូវ នឹងស្ពានជាច្រើនដោយប្រកាសទិញពីក្រុមហ៊ុន យកមកគ្រប់គ្រងជារបស់រដ្ឋវិញ ក្នុងនៅដូចជា៖ ផ្លូវជាតិលេខ៤, ផ្លូវសូឡា, ផ្លូវវេងស្រេង, ស្ពានព្រែកព្នៅ, ផ្លូវឡើងទៅកាន់ភ្នំបូកគោ (មិនឲ្យបង់ប្រាក់ទៀត)។ល។ ដែលគោលនយោបាយទាំងនេះ ដើម្បីចូលរួមចំណែកយ៉ាងខ្លាំង លើចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន៕