(ភ្នំពេញ)៖ ក្រុមអាជីវករប្រមាណជាង២០តូប ដែលលក់ដូរនៅ​ស្របជាមួយផ្លូវលេខ១៦៣ ប៉ែកខាងលិចផ្សារទួលទំពូង ក្នុងខណ្ឌចំការមន បាននិងកំពុងតែព្រួយបារម្ភរឿង ប្រធានផ្សារ​គឺ លោក ថោង ថង ចង់ធ្វើតូបថ្មីឡើងវិញ ហើយកំណត់យកលុយប្រចាំថ្ងៃ ខណៈដែលក្រុមអាជីវករប្រកាសជំហរ ចង់ធ្វើតូបដោយខ្លួនឯង ហើយបង់លុយដូចរាល់ដង។

ក្រុមអាជីវករដែលជាម្ចាស់តូបជាង២០នោះ ដែលលក់បង្អែម ទឹកក្រឡុក និងសាច់កាប់បន្ដិចបន្ដួច បានបង្ហើប​ថា គម្រោងធ្វើតូបថ្មីដោយយកលុយប្រចាំថ្ងៃនេះ មិនមែនជាគម្រោងរបស់សាលារាជធានីភ្នំពេញ​នោះទេ ដោយគម្រោងនេះប្រហែលជាការគិតរបស់ប្រធានផ្សារខ្លួនឯងតែប៉ុណ្ណោះ។

ទន្ទឹមនឹងការមិនពេញចិត្តនេះ ក្រុមអាជីវករ បានបញ្ជាក់ពីជំហររៀងៗខ្លួនថា ពួកគេសុខចិត្តធ្វើតូបខ្លួនឯងតែម្ដង មិនចាំបាច់ប្រធានផ្សារធ្វើឲ្យនោះទេ ប៉ុន្ដែនៅបន្ដបង់លុយដូចរាល់ថ្ងៃដដែល។

ថ្លែង​ដោយសុំមិនបញ្ចេញឈ្មោះ អាជីវករម្នាក់ដែលជាម្ចាស់តូបក្នុងចំណោមតូបជាង២០នោះ បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា តូបរបស់គាត់លក់ដូរយូរឆ្នាំដែរហើយ ប៉ុន្ដែតូបលក់រាល់ថ្ងៃនេះក៏​រកចំណូលមិនបានច្រើននោះដែរ ហើយប្រសិនបើប្រធានផ្សារតម្រូវធ្វើតូបថ្មី ដោយយកលុយប្រចាំថ្ងៃនោះ គាត់ពិតជាពិបាកខ្លាំងណាស់ ប៉ុន្ដែប្រសិនបើ​ខាងផ្សារតម្រូវការធ្វើតូបថ្មី គាត់សុខចិត្តធ្វើតូបដោយខ្លួនឯងតែម្ដង មិនចាំបាច់ប្រធានផ្សារធ្វើនោះទេ។

យ៉ាងណាមិញ ជុំវិញគម្រោងធ្វើតូបថ្មីនេះ ក្រុមអាជីវករកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះថាពួកគាត់រកចំណូលមកសូវបាននោះទេ ហើយបើតម្រូវឲ្យបង់លុយប្រចាំថ្ងៃទៀតនោះ គាត់កាន់តែពិបាកហើយ។

ពាក់ព័ន្ធការព្រួយបារម្ភរឿងធ្វើតូបថ្មីនេះ អង្គភាព Fresh News មិនអាចសុំការបំភ្លឺពីលោក ថោង ថង ប្រធានផ្សារទួលទំពូង បាននោះទេ គិតត្រឹមល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៕