(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានរិះគន់ថា សេចក្តីថ្លែងការណ៍របស់ ក្រុមតំណាងរាស្រ្តរបស់ គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមានហត្ថលេខារបស់ លោក សម រង្ស៊ី នោះ គឺជាបោកប្រាស់រាស្ត្រយ៉ាងគឃ្លើនជាក់ស្តែង ដោយសារតែ លោក សម រង្ស៊ី មិនមែនជាតំណាងរាស្រ្តទេ ប៉ុន្តែបែរជាមកក្លែងបន្លំខ្លួនចុះហត្ថលេខាធ្វើជាតំណាងរាស្រ្តបក្សប្រឆាំង ដោយគ្មានការអៀនខ្មាស់។ លោកបានចាត់ទុកថា ការបន្លំខ្លួនរបស់ លោក សម រង្ស៊ី នេះ គឺជាចេតនាបំផ្លាញគណបក្សសង្រ្គោះជាតិ។

ការថ្លែងចំអករបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានលាលែងទាំងអស់ចេញ នៅក្នុងគណបក្សនេះរួចហើយនោះ បានក្លែងបន្លំខ្លួនចុះហត្ថលេខាធ្វើជាតំណាងរាស្រ្តមួយរូប ក្នុងចំណោមតំណាងរាស្រ្តរ​បស់គណបក្សសង្រ្គោះជាតិនៅថ្ងៃទី០៨ ខែវិ​ឆ្ឆិកា ឆ្នាំ២០១៧នេះ ដើម្បីបានជាសំឡេងបង្ហាញជំហរ ប្តេជ្ញានៅជាមួយគណបក្សប្រឆាំង។

សេចក្តីថ្លែងការណ៍របស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលមានឈ្មោះ និងហត្ថលេខារបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានបង្ហោះនៅលើ Facebook ផ្លូវការរបស់ទណ្ឌិត សម រង្ស៊ី នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទណ្ឌិត សម រង្សី កាន់តែប្រមាថកមើលងាយឆន្ទៈរាស្ត្រខ្លាំងជាងគេ ដោយសារខ្លួន បានបាត់បង់សិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាតំណាងរាស្ត្ររួចតាំងពីយូរហើយ ហេតុអ្វីបានជាមិនខ្មាស់រាស្ត្រមកបន្លំចុះហត្ថលេខាជាតំណាងរាស្ត្រស្អីទៀត ? នេះជាអំពើបោកប្រាស់រាស្ត្រយ៉ាងគឃ្លើន ជាក់ស្តែង មិនអាចប្រកែកបានជាដាច់ខាត»

លោកបានបន្តទៀតថា «ដូច្នេះរបស់ដែលហៅថាសេចក្តីថ្លែងការណ៍នោះ គ្មានតម្លៃអ្វីទាំងអស់ និងគ្មានប្រសិទ្ធភាពសោះឡើយ សាបដូចទឹកត្រពាំង ដូចហោរាល្បីឈ្មោះថៃ បានទស្សន៍ទាយរួចហើយ គ្មានផ្លូវដើរទៀតទេ រង់ចាំតែសាលដីកាតុលាការកំពូល នៅថ្ងៃ ទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ទៅ នឹងបានភ្លឺភ្នែកហើយ»។

សូមបញ្ជាក់ថា លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធាន និងសមាជិកភាពគណបក្សសង្រ្គោះជាតិ កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ ការប្រកាសលាលែងរបស់ទណ្ឌិតរូបនេះ បានធ្វើឡើងបន្ទាប់ពីមានវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលមិនអនុញ្ញាតឲ្យពិរុទ្ធជន ឬ ទណ្ឌិតធ្វើជាប្រធានបក្សនយោបាយ ឬសមាជិកគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ឡើយ។

សម្រាប់ច្បាប់គណបក្សនយោបាយថ្មី រាល់គណបក្សនយោបាយទាំងអស់ មិនអនុញ្ញាតឱ្យប្រើប្រាស់សំឡេង ឬសេចក្តីថ្លែងការណ៍របស់ទណ្ឌិត ដើម្បីជាប្រយោជន៍គណបក្សនយោបាយឡើយ។ គណបក្សនយោបាយ ដែលប្រព្រឹត្តខុសនឹងច្បាប់នេះ នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់៕