(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសមួយ ដោយសម្រេចផ្អាកការធ្វើសេចក្តីព្រាងច្បាប់ ស្តីពីដីកសិកម្ម ក្រោយពីមានប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

តាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម ដែលអង្គភាពព័ត៌មាន​ Fresh News ទទួលបាន នៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «ការសម្រេចផ្អាកនេះ ធ្វើឡើងដោយពិនិត្យឃើញពីភាពចាំបាច់ និងអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា»

សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ១៥,០០០នាក់ នៅតំបន់ចំការដូង ខណ្ឌដង្កោរ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មខ្លាំងៗចំពោះគំនិតផ្ដួចផ្ដើមបង្កើតច្បាប់ស្តីពី ការប្រើប្រាស់ដីកសិកម្ម របស់ក្រុមតវ៉ា ដោយសម្ដេចតេជោបានឆ្លើយតបទៅវិញថា បើមិនចាំបាច់ទេ មិនបាច់ធ្វើឡើយ។

ការប្រតិកម្មរបស់សម្ដេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្រោយពេលសម្ដេចបានឃើញព័ត៌មានមួយ ដែលចេញផ្សាយពីការទាមទាររបស់កសិករឲ្យរាជរដ្ឋាភិបាលធ្វើពង្រាងច្បាប់ ស្ដីពីការប្រើប្រាស់ដីកសិកម្ម ដែលបញ្ហានេះ សម្ដេចតេជោបានលើកឡើងថា មិនមែនជាបញ្ហាចាំបាច់នោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន ដែលមានបទពិសោធន៍ដឹកនាំប្រទេសជាច្រើនឆ្នាំមកនោះ បានបកអាក្រាតថា ប្រសិនបើកសិករពិតប្រាកដពួកគាត់មិនមកតវ៉ានោះទេ បញ្ហានេះ ប្រហែលជាពួកអង្គការដែលទទួលជំនួយពីបរទេស ស៊ីឈ្នួលបរទេសធ្វើទុកបុកម្នេញរាជរដ្ឋាភិបាលប្រទេសខ្លួនឯង ទើបហ៊ានធ្វើរឿងនេះ។

សម្ដេចតេជោបានបន្តថា យុទ្ធសាស្ត្រទាំងនោះ សម្ដេចបានដឹងពុតត្បុតអស់ទៅហើយ ដោយហេតុថា មានពេលខ្លះពួកបរទេសទាំងនោះ ប្រើនយោបាយបោកប្រាស់ ឲ្យប្រជាពលរដ្ឋកម្ពុជា ឲ្យលើកគ្នាតវ៉ាមកលើរាជរដ្ឋាភិបាលរបស់ខ្លួន ដើម្បីឲ្យរាជរដ្ឋាភិបាលធ្វើសេចក្ដីព្រាងច្បាប់ណាមួយ ហើយពួកបរទេសទាំងនឹងចូលរួមធ្វើច្បាប់ជាមួយកម្ពុជា ដល់ពេលនោះលុយជំនួយពីអន្តរជាតិ នឹងត្រូវផ្ដល់ទៅឲ្យពួកគេវិញមិនខាន។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានដាស់តឿនដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យត្រូវពិនិត្យលើករណីនេះឲ្យបានជាក់លាក់ បើមិនចាំបាច់ មិនបាច់ធ្វើនោះទេ ពីព្រោះបញ្ហាធំរបស់កសិករមិនមែនច្បាប់បែងចែកដីកសិកម្មស្អីនោះទេ៕