(ភ្នំពេញ)៖ សំណង់របងថ្មដ៍រឹងមាំ១កន្លែង មានទីតាំងស្ថិតនៅខាងលិចផ្លូវបេតុង ទល់មុខបុរីអង្គរភ្នំពេញ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ របស់លោកឧកញ៉ា ឆាយ សេងអៀង បានលួចសាងសង់រួច៣០ភាគរយ ទាំងគ្មានលិខិតអនុញ្ញាត «ពោលគឺបំពានច្បាប់» ពិសេសបានប្រើគ្រឿងចក្រ ជីកគាស់ដាក់ប្រព័ន្ធលូបង្ហូរទឹក ធ្វើឲ្យប៉ះពាល់ដល់ប្រឡាយមេ ហើយត្រូវបានអាជ្ញាធរខណ្ឌ បាននិងកំពុងចាត់វិធានការមិនលើកលែងឲ្យនោះឡើយ។

លោក ជា ពិសី អភិបាលខណ្ឌ បាននិងកំពុងដឹកនាំមន្រ្តី កំពុងត្រៀមចាត់វិធានការយ៉ាងសស្រាក់សស្រាំ ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ដើម្បីបញ្ជៀសការលិចលង់ជូនប្រជាពលរដ្ឋ ក្រោយទទួលបានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែបែរជាលោកឧកញ៉ារូបនេះ មកសង់សំណង់រឹងគ្មានច្បាប់ មករាំងស្ទះលំហូរទឹកទៅវិញ។

កាលពីម្សិលមិញ លោក ជា ពិសី បានដឹកនាំកម្លាំងចុះត្រួតពិនិត្យភ្លាមៗ ពីស្ថានភាពប្រឡាយ និងនាំយកគ្រឿងចក្រទៅស្ដារ បើកមុខផ្លូវទឹកឱ្យបានធំទូលាយ ចាប់ពីផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) មកប៉ែកខាងលិចធ្លាក់ មកដល់ប្រឡាយអូរអង្កាមជាប់ផ្លូវបុរីអង្គរភ្នំពេញ ចូលមកតាមប្រឡាយអូរអាគុជ រហូតធ្លាក់ទៅដល់ផ្លូវ ទំនប់កប់ស្រូវ ដើម្បីរំដោះការលិចលង់ពីជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ និងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដោយមានការរួមដំណើរពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោក ស្មាស រិទ្ធី និងលោក លឹម សាមឌី ប្រធានការិយាល័យសាធារណៈការខណ្ឌ លោក គន់ សោភា អនុប្រធានការិយាល័យភូមិបាលខណ្ឌ លោក ប្លុង សីហៈ រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

លោក ជា ពិសី បានថ្លែងថា បន្ទាប់ពីនាំយកគ្រឿងចក្រស្ដារប្រឡាយ ដើម្បីរំដោះការលិចលង់ជូនប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌឫស្សីកែវ គ្រោងធ្វើផ្លូវប្របមាត់ប្រឡាយ១ខ្សែ ឲ្យចេញជារូបរាង ក្នុងពេលឆាប់ៗខាងមុខ ដែលមានប្រវែងប្រហែល២៧០០ម៉ែត្រ និងទទឹង៣០ម៉ែត្រ និងធ្វើការជួសជុលអណ្ដូងលូ ជង្ហុគតូចធំ (សំបុកមាន់) ក្រោយពីធ្វើរបាយការណ៍យ៉ាងលម្អិតមួយ ដើម្បីស្នើសុំទៅអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ធ្វើការសម្រេចពាក់ព័ន្ធការស្ថាបនា។

លោក ជា ពិសី បានថ្លែងទៀតថា ពិសេសធ្វើការកំណត់ពីផលប៉ះពាល់ចំពោះម្ចាស់ក្បាល ដីឡូត៍មួយចំនួន ក្រោយឆ្នាំ២០១៥ បានសាងសង់សំណង់របងផ្ទះតូចធំ លើដីចំណីប្រឡាយ ដោយគ្មានស្នើសុំច្បាប់អនុញ្ញាត ចាំបាច់ទាមទាសហការបើកមាត់ប្រឡាយឲ្យបានធំទូលាយ និងត្រូវអញ្ជើញមកពិភាក្សាសុំឱ្យជួយសម្បទានពីសំណាក់ប្រជាពលរដ្ឋ តើមានប៉ុន្មានគ្រួសារ? ក្នុងការស្ថាបនាផ្លូវ១ខ្សែ ចាប់ពីផ្លូវបុរីអង្គរភ្នំពេញ កាត់តាមហ្គ្រែនភ្នំពេញ រហូតមកដល់ផ្លូវទំនប់កប់ស្រូវ ដោយអាចសម្រួលទាំងការធ្វើដំណើរ និងបញ្ជៀសបានទាំងការលិចលង់ពីជំនន់ទឹកភ្លៀង។

លោកអភិបាលខណ្ឌបន្តថា ប្រសិនបើការស្ថាបនាផ្លូវ១ខ្សែនេះ ទទួលបានជោគជ័យ មិនត្រឹមតែអាចបញ្ជៀសទាំងការលិចលង់ពីជំនន់ទឹកភ្លៀងនោះទេ ពិសេសអាចជួយកាត់បន្ថយ បញ្ជៀសការកកស្ទះចរាចរ នៅលើដងផ្លូវ៥៩៨ (ហៅផ្លូវជាសុផារ៉ា) បានមួយចំណែក ក៏ដូចជាផ្លូវជាតិលេខ៥ផងដែរ៕