(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីមានសេចក្តីថ្លែងការណ៍មួយរបស់ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលបង្ហាញពីជំហររបស់ពួកគាត់ ចំពោះស្ថានភាពនយោបាយនោះ ស្រាប់តែនៅប៉ុន្មាននាទីមុននេះ ក៏មានសេចក្តីថ្លែងការណ៍ថ្មីមួយទៀតជាមួយការរក្សាខ្លឹមសារដដែល ដែលចេញដោយក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ជាមួយនឹងការភ្ជាប់ឈ្មោះ និងហត្ថលេខារបស់ទណ្ឌិត សម រង្ស៊ី ផងដែរ។

សេចក្តីថ្លែងការណ៍របស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលមានឈ្មោះ និងហត្ថលេខារបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានបង្ហោះនៅលើ Facebook ផ្លូវការរបស់ទណ្ឌិត សម រង្ស៊ី នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍ដោយមានភ្ជាប់ជាមួយឈ្មោះ ទណ្ឌិត សម រង្ស៊ី ត្រូវបានបង្ហោះនៅលើទំព័រ Facebook លោក សម រង្ស៊ី ដែលផ្ទុយទៅនឹងច្បាប់ គណបក្សនយោបាយ ដែលមិនឱ្យគណបក្សនយោបាយទាំងអស់ មានការពាក់ព័ន្ធជាមួយនឹងទណ្ឌិតនោះឡើយ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធាន និងសមាជិកភាពគណបក្សសង្រ្គោះជាតិ កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ ការប្រកាសលាលែងរបស់ទណ្ឌិតរូបនេះ បានធ្វើឡើងបន្ទាប់ពីមានវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលមិនអនុញ្ញាតឲ្យពិរុទ្ធជន ឬ ទណ្ឌិតធ្វើជាប្រធានបក្សនយោបាយ ឬសមាជិកគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ឡើយ។

សម្រាប់ច្បាប់គណបក្សនយោបាយថ្មី រាល់គណបក្សនយោបាយទាំងអស់ មិនអនុញ្ញាតឱ្យប្រើប្រាស់សំឡេង ឬសេចក្តីថ្លែងការណ៍របស់ទណ្ឌិត ដើម្បីជាប្រយោជន៍គណបក្សនយោបាយឡើយ។ គណបក្សនយោបាយ ដែលប្រព្រឹត្តខុសនឹងច្បាប់នេះ នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់៕