(ស្វាយវៀង)៖ លោក អេង សុវណ្ណ នាយកទីចាត់ការអនុវត្តន៍គម្រោង នៃទីចាត់ការផែនការវិនិយោគខេត្តស្វាយរៀង បានថ្លែងថា ការដេញថ្លៃគម្រោងកែលំអរផ្លូវដី និងដាក់លូកាត់ថ្នល់ ដែលក្រុមហ៊ុន ចូលដេញថ្លៃក្រោម៥០% នៃគម្រោងប៉ាន់ស្មានរបស់អ្នកបច្ចេកទេស គឺត្រៀមខាតឲ្យហើយទៅ ហើយក្រុមប្រឹក្សាឃុំ-សង្កាត់មិនចាំបាច់ខ្វល់ទេ។

លោក អេង សុវណ្ណ បានបន្ដថា បើក្រុមហ៊ុនម៉ៅការជួសជុល ឬដាក់លូ ធ្វើមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកុំទទួលយកគឺចប់ ហើយក្រុមហ៊ុនទទួលម៉ៅការ ហើយចង់លក់ឈ្មោះ ក្រុមហ៊ុន យើងពិនិត្យតាមកំហុស គឺអាចដាក់ទណ្ឌកម្មផ្អាក មិនឲ្យចូលដេញថ្លៃរយៈពេល៣ឆ្នាំ បើធ្ងន់ធ្ងរផ្អាកអចិន្ត្រៃយ៍មួយជីវិត។ ក៏ប៉ុន្តែគុណភាពផ្លូវដីក្រសួងមហាផ្ទៃ កំណត់សុពលភាព ត្រឹមតែ៦ខែប៉ុណ្ណោះ។

លោកបញ្ជាក់ទៀតថា រាល់គម្រោង អភិវឌ្ឍន៍នៅឃុំសង្កាត់ គឺក្រសួងមហាផ្ទៃ ជាអ្នកកសាងប្លង់បច្ចេកទេស និងប៉ាន់ស្មានថវិកា ហើយបើគម្រោងណាដែលក្រសួងមហាផ្ទៃ មិនបានសិក្សា លើកគម្រោង គឺផ្តល់ឲ្យអ្នកបច្ចេកទេស ទីចាត់ការផែនការវិនិយោគខេត្ត ជាអ្នកលើកគម្រោង និងចេញប្លង់និងប៉ាន់ស្មានថវិកា ហើយក្រុមប្រឹក្សាឃុំសង្កាត់ម្ចាស់គម្រោងមិនចាំ បាច់ខ្វល់ដោយក្រសួងមហាផ្ទៃ ជាអ្នកកំណត់ ក្រុមហ៊ុនណាដាក់ដេញថ្លៃទាបជាងគេ គឺក្រុមហ៊ុននោះជាអ្នកទទួលយក ហើយក្រុមប្រឹក្សាឃុំសង្កាត់ ក៏ទទួលយកក្រុមហ៊ុនដេញថ្លៃទាប ជាងគេនោះ។

លោក អេង សុវណ្ណ ថ្លែងបែបនេះនៅក្នុងឱកាសដាក់ដេញថ្លៃជួសជុលកែលំអរផ្លូវ និងដាក់លូ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលាស្រុកស្វាយជ្រំ ខេត្តស្វាយវៀង។
ការដាក់ដេញថ្លៃនេះ មានចំនួន៥គម្រោង ហើយក្រុមហ៊ុនដែលចូលរួម ដេញថ្លៃមានជាង១០ក្រុមហ៊ុន។

សម្រាប់ការដេញថ្លៃរួមមាន ១៖ ឃុំធ្លក កម្រោងជួសជុលផ្លូវដី ក្រាលខ្សាច់ភ្នំប្រវែង៨៤០ម៉ែត្រទទឹង៣,៥ម៉ែត្រកម្រាស់០,១៥ ម៉ែត្រ ដាំស្មៅតាមជើងទេ ដាក់លូកាត់ផ្លូវ ៤កន្លែងមុខកាត់០,៦០ម៉ែត្រ ប្រវែង៥ម៉ែត្រ តម្លៃ ប៉ាន់ស្មាន ៥៧,៣២០,៣៦៤រៀល។ មានក្រុមហ៊ុនចូលដេញថ្លៃ ៥ក្រុមហ៊ុន ហើយអ្នកដេញថ្លៃបាន ក្រុមហ៊ុនជ័យ សុវឌ្ឍន៍ដាក់តម្លៃទាប ២០,២០០, ០០០រៀល (ក្រោម៥០%)។

២៖ ឃុំពោធិរាជ គម្រោងជួសជុលផ្លូវដីក្រាលខ្សាច់ភ្នំ ប្រវែង១,១០០ម៉ែត្រខ្នងលើ៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដាំស្មៅជើងទេ និងដាក់លូកាត់ផ្លូវ២កន្លែង មុខកាត់០,៦០ម៉ែត្រ ប្រវែង ១កន្លែង៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ៦៨,៩១៣,១៧០រៀល។ អ្នកចូលដេញថ្លៃ៥ក្រុមហ៊ុន អ្នកដេញថ្លៃបានក្រុមហ៊ុន សូ ចាន់រ៉ា ដាក់តម្លៃទាប ២៦,៩០០,០០០រៀល (ក្រោម៥០%)។

៣៖ ឃុំអង្គតាសូ គម្រោងជួសជុលផ្លូវដី ប្រវែង១,៩៨០ម៉ែត្រ ទទឹង៥ម៉ែត្រ ដាក់លូ៣កន្លែង មុខកាត់០,៦០ម៉ែត្រ ប្រវែង៦ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង។ តម្លៃប៉ាន់ស្មាន ៦៥,៤៤៥,២០០រៀល អ្នកដាក់ដេញថ្លៃមាន១២ក្រុមហ៊ុន អ្នកដេញថ្លៃបានក្រុមហ៊ុន សូ ចាន់រ៉ា ដាក់តម្លៃទាប១៣,៩៦២,០០០រៀល។

៤៖ ឃុំគ្រួស គម្រោងជួសជុលកែលំអរផ្លូវដីក្រាលខ្សាច់ភ្នំប្រវែង២,៦៥០ម៉ែត្រ ទទឹង៣,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង។ តម្លៃប៉ាន់ស្មាន៧៦,៥៦៩,៩០០រៀល មាន៧ក្រុមហ៊ុនចូលដាក់ដេញថ្លៃ អ្នកដេញថ្លៃបានក្រុមហ៊ុន ហែម សុភាព ដាក់តម្លៃទាប ៣១,៨០០,០០០រៀល (ក្រោម៥០%)។

៥៖ ឃុំគោកព្រីង គម្រោងស្តារប្រឡាយ ប្រវែង៣,៧៤៥ម៉ែត្រ ជម្រៅជាមធ្យម២ម៉ែត្រ ទទឹងមាត់ប្រឡាយ៨ម៉ែត្រ បាតក្រោម២ម៉ែត្រ និងដាក់លូកាត់ផ្លូវ បណ្តាយប្រឡាយ៥កន្លែង មុខកាត់១ម៉ែត្រ ក្នុងនោះ៤កន្លែង មានប្រវែង៥ម៉ែត្រៗ និង១កន្លែងប្រវែង៧ម៉ែត្រ ស្លាកសញ្ញាគម្រោង១, តម្លៃប៉ាន់ស្មាន១៣៣,៦៣៧, ៣០០រៀល។ អ្នកចូលដេញថ្លៃ មាន៧ក្រុមហ៊ុន អ្នកដេញថ្លៃបានក្រុមហ៊ុន កែវ សុភក្តិ ដាក់តម្លៃទាប ៥៩,៩៧០,០០០រៀល (ទាបក្រោម៥០%)។

បើតាមលោក អេង សុវណ្ណ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា ផ្លូវដីក្រសួងមហាផ្ទៃ ដាក់សុពលភាពត្រឹមតែ៦ខែប៉ុណ្ណោះ ហើយការដែលប្រជាពលរដ្ឋរិះគន់ថា ផ្លូវធ្វើបានតែ៥ ទៅ៦ខែ គឺខូចនោះ គឺមានកត្តា២យ៉ាង ទី១៖ មកពីរថយន្តភ្លៅប្រាំ រថយន្តយីឌប់ដឹកលើសទម្ងន់ ទី២៖ ការចរាចរណ៍រថយន្តពេលរដូវភ្លៀង។

រីឯអ្នកបើកបររថយន្តឆ្លើយថា អ្នកធ្វើផ្លូវគ្មានគុណភាព ដោយសារក្រុមហ៊ុនទទួលសាងសង់ដេញថ្លៃ ទាបក្រោម៥០% នែការប៉ាន់ប្រមាណរបស់អ្នកបច្ចេកទេស តើមានគុណភាពមកពី ណាហើយពេលដេញថ្លៃម្តងៗ មានក្រុមហ៊ុនខ្លះ មកតាមទារកុំមុយស្យុង ចែកភាគលាភគ្នា ពេលនិយាយចែកលាភគ្នាមិនបាន បែកដេញកាច់គ្នា ដាក់តម្លៃទាបយកឈ្នះ រហូតក្រោម៥០% អ្នកចាំទារប្រាក់ភាគលាភអើតឲ្យរហង់តាមបង្អួច ដោយគណៈកម្មការដេញថ្លៃបិតទ្វារមិនឲ្យចូល សូមចាំមើលគុណភាពផ្លូវ ថាតើជួសជុលបានប៉ុន្មានខែខូចវិញ៕