(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជូលខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីកាច់កញ្ចក់រថយន្ត របស់ប្រជាពលរដ្ឋ។ សម្រាប់ជនសង្ស័យទាំង២នាក់នេះ ត្រូវបាននគរបាលបញ្ជាក់ថា ធ្លាប់បានធ្វើសកម្មភាពយ៉ាងសកម្មនាពេលកន្លងមក ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទ្រព្យសម្បត្តិរបស់ខ្លួន។

សូមបញ្ជាក់ថា កាលនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ វេលាម៉ោង១៣៖០០នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យទាំង២នាក់នេះ នៅមុខសណ្ឋាគារសាន់វ៉េ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធអំពើលួច (កាច់កញ្ចក់ចំហៀងរថយន្តម៉ាក PRIUS ពណ៌ស) នៅចំណុចមុខវត្តព្រែកប្រា ផ្លូវព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនង្ស័យទី១៖ ឈ្មោះ សៅរ៍ ពិសី (ហៅ) ពេជ្រ អាយុ២៤ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ, ទី២៖ ឈ្មោះ ហ៊ាង ប៉េងឡេង (ហៅប៉េង) អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលមិនចាំលេខ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ វត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាពទី១៖ ម៉ូតូម៉ាកស៊ុយហ្សុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១AQ-៧៣៥៩, ទី២៖ ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ស សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ១FV ៦៤០៣។

មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល តាមរយអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានទទូចដល់តុលាការ ឲ្យចាត់វិធានការយ៉ាងតឹងរឹងជាទីបំផុត ចំពោះជនសង្ស័យទាំង២នាក់នេះ បើមិនដូច្នេះទេ ពេលពួកគេគេចផុតពីការដាក់ទោសនោះ ច្បាស់ជាបន្តសកម្មភាពថែមទៀត មិនរាងចាលនោះឡើយ។ ជាមួយគ្នានេះ មន្រ្តីនគរបាល ក៏ទទូចដល់ ទីតាំងបញ្ចាំទាំងឡាយបញ្ឈប់ការទទួលយកកញ្ចក់រថយន្តដែលជនសង្ស័យទាំងនេះ យកទៅលក់ឲ្យ បន្ទាប់ពីកាច់ និងលួចបាន ហើយអាជ្ញាធរនៅតាមបណ្តាខណ្ឌ គួរមានវិធានការយ៉ាងតឹងរឹងបំផុត ចំពោះទីតាំងដាក់បញ្ចាំចៀសវាងការបើករកស៊ី ទទួលផលចោរកម្មបែបអនាធិបតេយ្យនេះទៀត។

រសៀលនេះជនសង្ស័យទាំង២នាក់ខាងលើ ត្រូវការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមនីតិវិធី៕