(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហកាជាមួយ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ៖ ភូមិកណ្តាល១ និងភូមិដើមចាន១ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៥នាក់ ពីបទរស់នៅ និងធ្វើការខុសច្បាប់។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា «យើងបានពិនិត្យឃើញមានជនបរទេសចំនួន១៥នាក់ ស្រី០៥នាក់ ជនជាតិវៀតណាម បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារត្រឹមត្រូវ»

បើតាមប្រធាននាយកដ្ឋាន កម្លាំងនគរបាលបានបញ្ជូនជនជាតិវៀតណាមចំនួន១៥នាក់ ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕