(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញប្រកាសតែងតាំងជាផ្លូវការលោក យស់ ស៊ីណាត ជាអភិបាលស្រុកពោធិ៍រៀង ជំនួសលោក សួន សុម៉ាលីន ត្រូវទៅកាន់មុខតំណែង ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង។

លោក ជា សុមេធី និងលោក ស្បោង សារ៉ាត បានមានមតិផ្តាំផ្ញើដល់លោក យស់ ស៊ីណាត អភិបាលស្រុកថ្មី ត្រូវយកចិត្តទុកដាក់រៀបចំអភិវឌ្ឍន៍ ស្រុកឲ្យមានការរីកចចម្រើនបន្តទៀត ឲ្យមានរបៀបរៀបរយមានសណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណៈដើម្បីកែប្រែមុខមាត់ស្រុកពោធិ៍រៀង ដែលជាស្រុកទើបបង្កើតថ្មីនេះគ្មានសំរាម ថង់ផ្លាសស្ទិចហោះហើតាមដងផ្លូវ និងទីសាធារណៈបន្តយកចិត្តទុកដាក់បង្ការទប់ស្កាត់ បង្រ្កាបនូវអំពើលួច ឆក់ប្លន់ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ការនេសាទត្រីខុសច្បាប់ និងល្បែងស៊ីសងគ្រប់ប្រភេទធានាឲ្យបាននូវសុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេសបម្រើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងមិនត្រូវទារកំរៃសេវាលើសការ កំណត់នោះទេ។

លោក ជា សុមេធី បានបន្តថា អភិបាលស្រុកថ្មី ត្រូវស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ជាតិមាតុភូមិ ជាតិ សាសនា ព្រះហាក្សត្រ សាមគ្គីភាពផ្ទៃក្នុងក្នុង ជួរគណៈអភិបាលស្រុក ឲ្យបានល្អទំនាក់ទំនងល្អជាមួយ ក្រុមប្រឹក្សាស្រុក ការិយាល័យនានាជុំវិញស្រុក និងអង្កការដែលជាដៃគូរមានអង្កការជាតិ និងអន្តរជាតិ ដើម្បីធ្វើឲ្យបានសម្រេចនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

លោកអភិបាលខេត្តព្រៃវែង បានបញ្ជាក់ថា ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមិទ្ធិផលថ្មីបន្ថែមទៀត នៅក្នុងស្រុកនេះត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបន្ថែម ទៀតដើម្បី អនុវត្តនូវតួនាទីភារៈកិច្ចដែលរាជរដ្ឋាភិបាល ប្រគល់ជូនប្រកបដោយប្រសិទ្ធភាព និងជំនឿទុកចិត្តសំដៅឲ្យការ អនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការនៅថ្នាក់ក្រោមជាតិអោយបានជោគជ័យខិតខំចុះធ្វើវេទិការសាធារណៈ នៅតាមភូមិ ឃុំ ដើម្បីក្តាប់នូវរាល់សូមណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវរាល់សូមណូមពរទាំងនោះ ជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

លោក យស់ ស៊ីណាត អភិបាលស្រុកថ្មី បានប្តេជ្ញាចិត្ត និងអនុវត្តអោយបានជោជ័យនូវយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ខិតខំអនុវត្តឲ្យបានទទួលជោគជ័យនូវរាល់ភារៈកិច្ច រាជរដ្ឋាភិបាលប្រគល់ ជូនក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្តបានដាក់ចេញដើម្បីសម្រេច បាននូវកិច្ចការទាំងអស់នេះ លោកនឹងរួមសហការគ្នា សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំដើម្បីបម្រើ និងផ្តល់សេវាសាធារណៈដោះស្រាយ នូវរាល់សូមណូមពរនានា ជូនប្រជាពលរដ្ឋឲ្យបានល្អដោយផ្អែកតាមគោលការណ៍ច្បាប់ឲ្យបានទាន់ពេលវេលា និងខិតខំអនុវត្តឲ្យបានជោគជ័យ នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលឲ្យបានជោគជ័យ៕