(សៀមរាប)៖ ក្នុងគោលបំណងការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើតាមរយៈ ចំណីអាហារនៅថ្ងៃពុធទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានសហការជាមួយមន្ទីរពាណិជ្ជកម្ម បានបន្តចុះអង្កេត និងពិនិត្យទំនិញក្នុងផ្សារទំនើបមួយចំនួន ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

មន្រ្តីកាំកុងត្រូលបានថ្លែងថា យុទ្ធនាការនេះបានធ្វើឡើងដើម្បី ត្រួតពិនិត្យទំនិញវេចខ្ចប់ រួចស្វែងរកផលិតផលប្រែប្រួលខូចគុណភាព ច្រែះស៊ី កំប៉ុងកំពិត និងទំនិញហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ដែលកំពុងដាក់តាំងលក់, ស្វែងរកផលិតផលដាក់តាំងលក់ដូចដែលបានផ្សព្វផ្សាយតាមសេចក្តីណែនាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូលលេខ៦៦៧ អ តពទ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ អំពីការប្រមូលត្រឡប់វិញរបស់ក្រុមហ៊ុន Conserverie Chancerelle នូវផលិតផលត្រី Tuna កែវមានគំរប ដែលគេបានរកឃើញថា មានបំណែកកែវក្នុងផលិតផលទាំងនេះ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពជាយថាហេតុ និងស្វែងរកផលិតផល ដាក់តាំងលក់ដូចដែលបាន ផ្សព្វផ្សាយតាមសេចក្តីណែនាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូលលេខ ៧១៨ អ.តពទ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ អំពីការប្រមូលត្រឡប់វិញរបស់ក្រុមហ៊ុន International House of Caviar នូវផលិត ផលពងត្រី Rainbow Trout Caviar របស់ប្រទេសកាណាដា ដែលគេបានរកឃើញ ថាជាផលិតផល មានសក្តានុពលអំណោយផល ដល់ការលូតលាស់បាក់តេរី Clostridium Botulinum ដែលអាចបង្កហានិភ័យខ្ពស់ដល់សុខភាព។

ជាលទ្ធផល សាខាកាំកុងត្រូលខេត្តសៀមរាប ពុំបានរកឃើញមានផលិតផលប្រែប្រួលខូច គុណភាព ហួសកាលបរិច្ឆទកំណត់ប្រើប្រាស់ឡើយ ហើយក៏ពុំបានរកឃើញ ផលិតផលត្រី Tuna កែវមានគំរប និងផលិតផលពងត្រី ដូចដែលមាន ក្នុងសេចក្តីណែនាំខាងលើឡើយ។ ទន្ទឹមនឹងការស្វែងរកសាខាក៏បានផ្សព្វផ្សាយ ជូនដល់អាជីវករកុំឲ្យទទួលលក់នូវផលិតផលទាំងនេះផងដែរ៕