(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងកម្មវិធីអង្ករល្អបំផុតរបស់ពិភពលោក ប្រចាំឆ្នាំ២០១៧ នៅទីបំផុត បាន​រកឃើញម្ចាស់ពាន់រង្វាន់ជ័យលាភីអង្ករល្អប្រចាំឆ្នាំ២០១៧ ចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសថៃ ខណៈដែលអង្ករកម្ពុជាស្ថិត​ក្នុងចំណាត់ថ្នាក់លេខ២។

ការប្រកួតប្រជែងស្វែងរកអង្ករល្អបំផុតប្រចាំឆ្នាំ២០១៧នេះ ធ្វើឡើងនៅទីក្រុងម៉ាកាវ ប្រទេសចិន កាលពីថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានប្រទេសប្រមាណជា៧ចូលរួម និងមានអង្ករប្រមាណជា២១សំណាក់ ដែលត្រូវបានយកទៅប្រកួតប្រជែង ហើយអង្ករដែលត្រូវបានជ្រើសរើស គឺអង្ករក្រអូបសុម៉ាលី។ ក្នុងនោះកម្ពុជា ថៃ និងវៀតណាម ស្ថិតក្នុងចំណោមប្រទេសនាំមុខគេ ដោយថៃទទួលបានចំណាត់ថ្នាក់លេខ១។

លោក មូល សារិទ្ធ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងប្រាប់សារព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា អង្កររបស់កម្ពុជាមិនទទួលបានចំណាត់ថ្នាក់ លេខ១នោះឡើយ តែកម្ពុជានៅតែរក្សាលំដាប់ថ្នាក់លេខ២ បន្ទាប់​ពីប្រទេសថៃ។ ថៃបានទទួលចំណាត់ថ្នាក់អង្ករល្អលេខ១ រយៈពេល២ឆ្នាំហើយ គឺឆ្នាំ២០១៦ និងឆ្នាំ២០១៧នេះ ហើយកម្ពុជាក៏ធ្លាប់​ទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន៣ឆ្នាំជាប់គ្នាផងដែរ។

លោកបានបន្ដទៀតថា សហព័ន្ធបានខិតខំប្រឹងប្រែង អស់លទ្ធភាពផងដែរ។ អ្វីដែលកម្ពុជាចង់បានខ្លាំងបំផុតនោះគឺការផ្សព្វផ្សាយឲ្យ​ទីផ្សារអន្ដរជាតិទទួលស្គាល់ ជឿជាក់លើគុណភាព និងម៉ាកអង្កររបស់កម្ពុជា។

លោកបានបញ្ជាក់ទៀតថា ទោះបីជាកម្ពុជាមិនទទួលបានចំណាត់ថ្នាក់លេខ១ក៏ដោយ តែកម្ពុជានៅតែរក្សាចំណាត់ថ្នាក់លេខ​២ដដែល ហើយការប្រកួតប្រជែងនេះមាន៧ប្រទេសចូលរួមរួមមាន កម្ពុជា, ថៃ វៀតណាម, មីយ៉ាន់ម៉ា, ស្រីលង្ការ, សហរដ្ឋអាមេរិក និងប៉ាគីស្ថាន។

សូមបញ្ជាក់ថា កម្ពុជាបាននាំយកអង្ករចំនួនពីរប្រភេទដែលត្រូវយកទៅប្រកួតប្រជែង នៅក្នុងទីក្រុងម៉ាកាវ ប្រទេសចិនរួមមាន៖
១៖ អង្ករក្រអូបប្រណិត (Premium Fragrant Rice) (អង្ករផ្កាខ្ញី, ផ្ការំដួល, ផ្ការំដេង, និងសូម៉ាលី)
២៖ អង្ករក្រអូប (Fragrant Rice)៕