(​ព្រះសីហនុ)៖ កម្លាំងនគរបាល​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជូនជន​ជាតិ​ចិនម្នាក់ ដែលគ្មាន​ប័ណ្ណ​បើក​បរ​ ក្រោយ​បើក​រថយន្ដ​បុក​គ្នា ​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​។ នេះបើតាមការបញ្ជាក់ពីលោក​ឧត្តមសេនីយ៍​ត្រី​ អ៊ី​ សុខា​ ស្នងការ​រង​ទទួល​ផែនសណ្តាប់ធ្នាប់សាធារណៈ ខេត្តព្រះសីហនុ។

លោក​ឧត្តមសេនីយ៍​ត្រី​ អ៊ី​ សុខា​ បានឲ្យដឹងទៀតថា ជន​ជាតិ​ចិន ដែលគ្មាន​ប័ណ្ណ​បើក​បរខាងលើនេះ ឈ្មោះ​ HAO LAIPING អាយុ​៤២ឆ្នាំ​ ​បាន​បើក​រថយន្ដ​បង្ក ​​គ្រោះថ្នាក់​ចរាចរណ៍​ កាល​ពី​ថ្ងៃទី​០៦ ខែវិច្ឆិកា​ ឆ្នាំ២០១៧។

លោក​ឧត្តម​សេនីយ៍​ត្រី បាន​បញ្ជាក់ថា បុរស​ជនជាតិ​ចិន​ម្នាក់​នេះ​ ពុំ​មាន​ច្បាប់​អនុញ្ញាត​ ឲ្យ​បើក​បរ​ឡើយ​ ពីព្រោះ​គាត់​គ្មាន​ប័ណ្ណ​បើក​បរ​។

គួរ​បញ្ជាក់​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ កើតឡើង​នៅ​វេលាម៉ោង​១៣៖៤៥នាទី ​ថ្ងៃ​ទី០៦ ខែ​វិច្ឆិកា​​​​ ឆ្នាំ​២០១៧​ ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​១៥៧-១៥៨ ក្នុង​ភូមិ​មនោរម្យ​ ឃុំ​តានៃ ស្រុក​ព្រៃនប់​​ ខេត្ត​ព្រះសីហនុ​ រវាង​រថយន្ត​ហាយ​ឡែ​នឌឺរ ២គ្រឿង​បុកគ្នា​ មាន​អ្នក​រង​របួស​ម្នាក់​ជនជាតិ​វៀតណាម​ រីឯ​ជនជាតិ​ចិន​ មិន​ត្រូវ​របួស​ឡើយ៕