(សេអ៊ូល)៖ ក្រោមកិច្ចសហការ នៃអនុស្សារណៈយោគយល់គ្នាផ្នែកសុខភាព និងសុវត្ថិភាពការងារ រវាងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈកម្ពុជា និងទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) រយៈពេល៣ឆ្នាំ ឆ្នាំ២០១៧-២០១៩ (លើកទី៣) ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ បានផ្តល់នូវឧបករណ៍ចល័តសម្រាប់ ត្រួតពិនិត្យលក្ខខណ្ឌការងារ ដល់មន្រ្តីអធិការកិច្ចពេទ្យការងារចំនួន ១៣ឈុត។

ឧបករណ៍ទាំងនេះមានចំនួន៦៥គ្រឿង រួមមាន៖ ឧបករណ៍វាស់បរិយាកាសកម្ដៅ វាស់សម្ពាធខ្យល់នៅកន្លែងធ្វើការ វាស់សំឡេង វាស់ពន្លឺឌីជីថល និងឧបករណ៍វាស់ចរន្តអគ្គិសនី សំដៅកាត់បន្ថយគ្រោះថ្នាក់ការងារ។

ពិធីចុះហត្ថលេខាប្រគល់ឧបករណ៍នេះ បានធ្វើឡើងរវាងលោក LEE HO SUNG នាយករងទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ និងលោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះដែរ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ ក៏បានផ្តល់នូវវគ្គបណ្តាលបណ្តុះ រយៈពេល ១សប្តាហ៍ ដល់មន្ត្រីសុវត្ថិភាពការងារ ក្នុងប្រទេសកម្ពុជាចំនួន៧នាក់ អំពីប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារផងដែរ។  

លោក ឡេង តុង បានឲ្យដឹងថា រហូតមកដល់ពេលនេះ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារ បានធ្វើការបណ្តុះបណ្តាល ដល់មន្ត្រី នាយកដ្ឋានពេទ្យការងារ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្តបានចំនួន ៤៧នាក់ បញ្ជូនអ្នក ជំនាញមកធ្វើការ បណ្តុះបណ្តាលពាក់ព័ន្ធនឹងសារធាតុអាបេស្តូស៍ និងការអភិវឌ្ឍកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាបេស្តូស៍ នៅកម្ពុជា និងចែករំលែកចំណេះដឹង ស្តីពីសុុវត្ថិភាពសំណង់ក្នុងប្រទេសកម្ពុជា ព្រមទាំងបានផ្តល់នូវ Posters និង Stickers អំពីសុវត្ថិភាពសំណង់ចំនួន ៥០,០០០សន្លឹក រថយន្តចល័តសម្រាប់បណ្តុះបណ្តាលសុខភាព និងសុវត្ថិភាពការងារ ១គ្រឿង និងឧបករណ៍សម្រាប់ចាប់យកសំណាកនៅក្នុងខ្យល់ចំនួន ៤គ្រឿង។

លោក ឡេង តុង បានបញ្ជាក់បន្ថែមថា ឧបករណ៍ទាំងនេះ​នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ​ដល់កម្មករនិយោជិត​ និងកាត់បន្ថយគ្រោះថ្នាក់​នៅកន្លែងធ្វើការ ព្រមទាំងលើកកម្ពស់ផលិតកម្មផងដែរ​ ស្របតាមអនុសាសន៍ របស់សម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចជានិច្ចកាលតែងតែបានគិតគូរយ៉ាង ចម្បងទៅលើ សុវត្ថិភាពការងារ​ និងសេវាគាំពារសុខមាលភាពសង្គម ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីជួយលើកស្ទួយជីវភាព រស់នៅរបស់កម្មករ-កម្មការិនីឲ្យកាន់តែធូរធារប្រសើរឡើង៕