(ភ្នំពេញ)៖ ក្រោយមានប្រតិកម្មជុំវិញការផ្តាច់ជំនួយដល់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក្នុងការបោសសម្អាតគ្រាប់បែកអាមេរិកនៅកម្ពុជានោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ប្រាប់ Fresh News ថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់ជំនួយក្នុងការបោសសំអាតមីន និងគ្រាប់បែករបស់ខ្លួន នៅភាគខាងកើតកម្ពុជា ឡើងវិញ ដែលគម្រោងនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០១៨។

អ្នកនាំពាក្យរងនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក David Josar បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា សហរដ្ឋអាមេរិក នៅតែមានការប្តេជ្ញាយ៉ាងមុតមាំ ជាមួយប្រជាជាតិកម្ពុជា ក្នុងការជួយ​គាំទ្រ​ដល់​​គោលដៅធ្វើឲ្យកម្ពុជាលែងទទួលរងផល​ប៉ះពាល់ ពីគ្រាប់មីនតទៅទៀត នៅឆ្នាំ២០២៥ ព្រមទាំង​គោល​​ដៅ​​រួម​របស់​​ខ្លួន​ ស្តីពីការបោសសម្អាតយុទ្ធភណ្ឌ មិនទាន់ផ្ទុះរបស់អាមេរិក នៅក្នុងប្រទេសនេះផងដែរ។  

លោក David Josar​ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនឹងប្រើប្រាស់ធនធានសម្រាប់ឆ្នាំ២០១៨ ដើម្បីដំណើរការកម្មវិធីលំដាប់ពិភពលោកមួយ សំដៅ​បោស​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​របស់​អាមេរិក ​នៅតំបន់ភាគខាងកើតកម្ពុជា»។

លោកបានបន្តថា «ក្រុមអ្នកជំនាញផ្នែកយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានស្នើឲ្យសហរដ្ឋអាមេរិក បង្កើនការ​​យក​​​ចិត្ត​ទុក​ដាក់​ថែម​ទៀតចំពោះសកម្មភាពបោសសម្អាត គ្រាប់មិនទាន់ផ្ទុះ បន្ថែមពីលើការគាំទ្ររបស់យើង ក្នុងការ​ដោះមីន​វៀត​ណាម ចិន និងសូវៀត ដែលគ្រោះថ្នាក់ជាងនេះ នៅប៉ែកខាងលិចប្រទេសកម្ពុជា។ យើងជឿជាក់ថា កម្មវិធីនេះ នឹងឆ្លើយតប​ប្រកបដោយប្រសិទ្ធភាព ចំពោះសំណើនេះ»។

សូមបញ្ជាក់ថា ការអះអាងរបស់ មន្រ្តីអ្នកនាំពាក្យរងនៃស្ថានទូតអាមេរិក បានធ្វើឡើងបន្ទាប់ពីមានប្រតិកម្មខ្លាំងៗពីរាជរដ្ឋាភិបាលកម្ពុជា។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់ថា​ ស្ថានទូតអាមេរិកបានសំរេចកាត់ផ្តាច់ជំនួយមនុស្សធម៌របស់ខ្លួន មកស៊ីម៉ាក់ចាប់ពីដើម ខែមករា ឆ្នាំ២០១៨ តទៅ​ ដោយគ្មានការបញ្ជាក់ហេតុផលអ្វីច្បាស់លាស់ឡើយ។ លោកបានបន្តថា ថវិកាជំនួយនោះ គឺជាជំនួយសម្រាប់បោសសំអាតគ្រាប់បែករបស់អាមេរិក ដែលទំលាក់លើទឹកដីខ្មែរ ដែលមានទឹកប្រាក់ប្រមាណ ២.៥លានដុល្លារក្នុង១ឆ្នាំៗ ប៉ុន្តែបើទោះបីគ្មានថវិកានេះក្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងដៃគូអភិវឌ្ឍន៍ដទៃទៀតធានាជួយឲ្យស៊ីម៉ាក់ នៅបន្តប្រតិបត្តិការនេះ ដដែលមិនដកថយឡើយ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងការគំរាមកំហែងដោយសារគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមអាមេរិក​ មេត្តាកុំមានការព្រួយបារម្ភចំពោះការ កាត់ផ្តាច់ជំនួយនេះ​ ព្រោះថាសម្តេចតេជោ​ ប្រមុខរាជរដ្ឋាភិបាលនឹង មិនឲ្យការបញ្ចប់ជំនួយអាមេរិកនេះ​ ប៉ះពាល់កិច្ចប្រតិបតិ្តការរបស់ស៊ីម៉ាក់ ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជាឡើយ៕