(បាត់ដំបង)៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋឃុំភ្នំសំពៅ បានសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំភ្នំសំពៅ បានប្រគល់ផ្លូវ ប្រវែង៣,១០០ម៉ែត្រ ដល់ពួកគាត់សម្រាប់ប្រើប្រាស់ព្រមទាំងអំណរគុណ និងដឹងគុណដល់ថ្នាក់ដឹកនាំក្រុមការងារ ទាំងអស់គ្រាដែលពួកគាត់កំពុងត្រូវការចាំបាច់ ក្នុងការដឹកកសិផលស្រូវចេញនារដូវប្រាំងនេះ ស្ថិតនៅក្នុងភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ដោយលោក ហែម ថេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ និងសហការីដែលមានតំណាងប្រជាពលរដ្ឋមកពីបីភូមិចូលរួមជាច្រើននាក់។

លោក ហែម ថេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រជាក្រុមការងារចុះជួយខេត្តបាត់ដំបង និងនាយឧត្តមសេនីយ៍សតិបណ្ឌិត សុខ ផល អគ្គនាយក នៃនាយកដ្ឋានអន្តោប្រវេសន៍ ជាប្រធានក្រុមការងារចុះជួយស្រុកបាណន់ មកក្រុមការងាថ្នាក់ជាតិ ចុះជួយឃុំភ្នំសំពៅ តែងតែយកចិត្ត គិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានកសាងសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ចែកអំណោយមនុស្សធម៌ ធ្វើផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរាឥតទីពឹង ជាបន្តបន្ទាប់រហូតមក។

លោកបានបន្តថា ទោះជាមានការរីកចម្រើនលើគ្រប់វិស័យ ហើយក៏ដោយតែសេចក្តីត្រូវការ និងភាពចាំបាច់របស់ប្រជាពលរដ្ឋក្រុមការងារ យើងនៅតែតាមជួយរហូតជាក់ស្តែងថ្ងៃនេះ ក្រុមការងារទាំងអស់គ្នា បានចុះមកប្រគល់ផ្លូវក្រាលគ្រួសធម្មជាតិមានប្រវែង៣,១០០ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់៣ភូមិ គឺមានភូមិក្រពើជើង ភូមិក្រពើត្បូង ភូមិក្រពើកើត បានប្រើប្រាស់ដោយផ្ទាល់ និងប្រជាពលរដ្ឋភូមិផ្សេងទៀត បានប្រើប្រាស់ឆ្លងកាត់ជាមួយគ្នាផងដែរ។

លោកបានបញ្ជាក់ថា បន្ទាប់ពីបានប្រគល់ផ្លូវជូនពួកគាត់ហើយ ប្រជាពលរដ្ឋទាំងអស់បានសប្បាយរីករាយថ្លែងអំណរគុណ និងដឹងគុណយ៉ាងធំធេងដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដែលបានចុះជួយពួកគាត់បានទាន់ពេលវេលា មិនដែលអាក់ខានឡើយពួកគាត់បាន និយាយថាឯបក្សផ្សេងមិនដែលឃើញអើតក្បាល មកជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានទេ សូម្បីតែម្តងបានតែត្រឹមឃោសនាកុហកបោកប្រាស់ ប៉ុណ្ណោះអ្នកដែលជួយពិតប្រាកដ គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់តែងចុះជួយរហូតមក។

ប្រជាពលរដ្ឋក្នុងឃុំសំពៅ ទាំងអស់បានប្តេជ្ញាចិត្តដូចៗ គ្នាថានៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខនេះ ពួកគាត់ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលជ័យជម្នះបន្តដឹកនាំប្រទេសមានឱកាសកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសអភិវឌ្ឍន៍ភូមិ-ឃុំ ឲ្យកាន់តែមានភាពរីកចម្រើនជាងមុនតទៅ៕