(ភ្នំពេញ)៖ តួអង្គនាងនាថ ក្នុងភាពយន្តខ្នាតធំមានចំណងជើងថា ​«ម៉ាដាមអាប២០១៨» ស្រីស្អាត​ ស៊ីស៊ី បានបង្ហាញប្រាប់ពីជោគជ័យរបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ ក្នុងរយៈពេលដ៏ខ្លី ដែលនាងបានប្រឡូកក្នុងការងារសិល្បៈ ពោលគឺប្រៀបបីដូចជាទទួលបាន នូវលាភសំណាងមួយក្នុងជីវិត ជាអ្នកសម្ដែង។ ​

តារាសម្ដែងសាច់សខ្ចី ស៊ីស៊ី បានប្រាប់ឲ្យដឹងថា តាំងពីបានក្លាយខ្លួនជាតារាសម្ដែង នេះជាលើកទី១ ដែលនាងមានឱកាស បានសម្ដែងជា​តួអង្គនាងនាថ ដែលតារាភាគច្រើន​ប្រាថ្នាចង់សម្ដែង។ ​ខ្លួន​គឺជាតួអង្គខ្មោចស្រី​នាថនាថ តែមិនមែនជាខ្មោច​កាចសាហាវ គួរឲ្យខ្លាចនោះទេ ​គឺជាខ្មោចស្រីស្អាត ហើយមានបង្កប់នូវភាព​កំប្លុកកំប្លែង គ្រប់ពេលបង្ហាញ​ខ្លួនផងដែរ។ យ៉ាងណាមិញ​ការសម្ដែងទាំងមូល​ គឺត្រូវប្រឈមនឹងការលំបាកច្រើនណាស់ ជាពិសេស​គឺប្លង់ពេលយប់ និងប្លង់ដែលត្រូវត្រាប់តាម នាងនាថឲ្យត្រូវ​សាច់រឿង។

ទោះបីជាយ៉ាងណា ស៊ីស៊ី បង្ហាញនូវជំនឿ​ចិត្តយ៉ាងខ្លាំងថា ការទទួលថតជាតួនាងនាថ ក្នុងរឿង «ម៉ាដាមអាប២០១៨» នឹង​ក្លាយជាស្នាដៃ ដែលបើកទំព័រសិល្បៈ​សម្ដែង​របស់នាងឲ្យទទួលបាននូវភាពលេចធ្លោ បន្ទាប់ពីការសម្ដែងក្នុងរឿងផ្សេងៗ មួយចំនួន ក៏ជួយឲ្យនាងត្រូវបានគេស្គាល់ និងកត់សម្គាល់ ពីស្នាដៃខ្លះៗ​រួចហើយ។ ​តំណែងនាងនាថ គឺ​ជាកុងត្រាថ្មីមួយ ដែលទើបទទួលបានក្រោយផ្អាក ការសម្ដែងមួយរយៈ ​ហើយនាងក៏កំពុងសម្រុកចេញ សម្ដែងមួយរឿងនេះឲ្យឆាប់ចប់ ដើម្បីទទួលសម្ដែង​ក្នុងរឿងមួយចំនួន ដែលបានទាក់ទងឲ្យនាងចេញសម្ដែង នោះផងដែរ។ នាង​សប្បាយចិត្ត ដែលត្រូវបានផលិតករ គឺលោក ហួរ សុផល ជ្រើសឲ្យសម្ដែងជាតួអង្គនាងនាថ ក្នុងពេលដែលរឿង «ម៉ាដាមអាប២០១៨» គឺជារឿងដែលប្រជុំដោយតារាល្បីៗ រួមមាន​ រ៉ូលីន គឺជាតួអង្គអាប អ្នកនាងកាតុ គឺជាតួអង្គខ្មោចដើមចេកជ្វា​, រំដួលលិចទឹក គឺជាតួអង្គព្រះម៉ែនាគ និងរូបនាងផ្ទាល់ គឺជាតួអង្គនាងនាថ ដែលសុទ្ធតែជាអង្គធំ នៅក្នុងផ្ទៃរឿង។ ​​

​ស៊ីស៊ី បានសង្កត់ធ្ងន់ ថាការទទួលសម្ដែងរឿងនេះ បានរុញឲ្យនាងបោះបង់ការងារសម្ដែង ដែលជាន់ជើងគ្នា និងការងារថត​ម៉ូដមិនតិចនោះទេ ប៉ុន្តែមកពីនាងចង់សម្ដែង ជាតួអង្គនាងនាថ ដែលតារាភាគច្រើន រមែងទទួលបានការចាប់អារម្មណ៍ ក្រោយការសម្ដែង ទើបនឹងសុខចិត្តទម្លាក់នូវការងារផ្សេង ហើយទទួលសម្ដែងតែម្ដង ដ្បិតថា ការសម្ដែងជាតួអង្គនេះ តម្រូវឲ្យនាងត្រូវ​ទៅថតដេកផ្លូវ នៅខេត្តកំពត៕