(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ០៣៥ ស.ណ.ន ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃស្តីពី ការកែតម្រូវ និងមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋានថ្មី នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ថ្នាក់អភិបាលរងខេត្ត អស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

លោក តេង ចាន់ភិរម្យ ប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋានសាលាខេត្តបានឡើងធ្វើបទបង្ហាញសេចក្តីណែនាំលេខ០៣៥សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការកែតម្រូវ និងមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានថ្មី ដល់កិច្ចប្រជុំ អំពីនីតិវិធីនិងបន្តផ្សព្វផ្សាយព័ត៌មាននេះជូនដល់ថ្នាក់ឃុំ សង្កាត់ និងប្រជាពលរដ្ឋទូទៅនៅតាមមូលដ្ឋានបានដឹង ចំពោះប្រជាពលរដ្ឋណាដែលបានចុះបញ្ជីអាត្រានុកូលដ្ឋាន ខុសអក្ខរាវិរុទ្ធ ត្រកូល ឈ្មោះ ភេទ ថ្ងៃខែឆ្នាំ កំណើត ខុសទីតាំងភូមិ ស្រុក ខេត្ត ឬ បានចុះស្ទួន២ទៅ៣ដងត្រូវធ្វើមោឃភាព ជាដើម។

លោក តេង ចាន់ភិរម្យ បានរៀបរាប់បន្តថា នៅក្នុងសេចក្តីណែនាំនេះ បានទុករយៈពេល២ឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខាលើសេចក្តីណែនាំនេះ ត្រូវធ្វើឲ្យអស់សម្រាប់ខេត្តបាត់ដំបងយើង ក្នុងនោះបើសៀវភៅបញ្ជីខុសក្នុងឆ្នាំ ប្រជាពលរដ្ឋត្រូវកែតម្រូវនៅក្នុងឃុំសង្កាត់ ដែលបានធ្វើ តែបើខុសលើសពី១ឆ្នាំ ត្រូវដាក់ពាក្យសុំកែតម្រូវនៅសាលាស្រុក ក្រុង រួចបញ្ជូនមកការិយាល័យជំនាញសាលាខេត្ត បើតាមនីតិវិធីមិនឲ្យលើពី៣ថ្ងៃឡើយ និងបញ្ជូនបន្តទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ឬតុលាការដើម្បីសម្រេច។

លោកបានបញ្ជាក់ថា យោងតាមស្ថិតិតួលេខនៅខេត្តបាត់ដំបង គឺមានសំបុត្រអត្រានុកូលដ្ឋានខុសសរុបប្រហែលជា៣៥%គិតជាមនុស្សរាយមានចំនួនជាង៣សែននាក់។ លោកបានបញ្ជាក់ទៀតថា ការដាក់ពាក្យសុំកែតម្រូវសំបុត្រអត្រានុកូលដ្ឋាននេះ គឺត្រូវមានឯកសារភ្ជាប់មកជាមួយដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ លិខិតឆ្លងដែន បើមាន ដោយថតចម្លងមានបញ្ជាក់នីត្យានុកូលភាពរបស់សាលាក្រុងស្រុកផង។

លោក ងួន រតនៈ បានថ្លែងថា ដោយសាររយៈពេលខ្លី២ឆ្នាំ ដែលក្រសួងតម្រូវធ្វើឲ្យរួច យើងត្រូវជម្រុញតាមបណ្តាក្រុង ស្រុក នានាផ្សព្វផ្សាយបន្តតាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ នានាបានទៅដល់មូលដ្ឋានជូនដំណឹងដល់ប្រជាពលរដ្ឋបានជ្រាប និងជម្រុញធ្វើការកែតម្រូវរាល់សំបុត្រអាត្រានុកូលដ្ឋានដែលបានខុសកន្លងមកដោយសុំកែតម្រូវឲ្យបានឆាប់ចប់។

លោកអភិបាលខេត្តបានបញ្ជាក់ថា រាល់ការធ្វើសំបុត្រអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋទាំងអស់មិនតម្រូវឲ្យទារប្រាក់ពីពួកគាត់ឡើយ ច្នេះយើងត្រូវប្រឹងប្រែងធ្វើកិច្ចការនេះឲ្យបានឆាប់បំផុត ដែលអាចធ្វើបាន ព្រោះពេលវេលាមានកំណត់៕