(កណ្តាល)៖ ឈើប្រណីតប្រភេទធ្នង់២៤ដុំ ត្រូវបានកម្លាំងនគរបាលស្រុកពញាឮ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដេញតាមបង្ក្រាបបាន ក្រោយឈ្មួញដឹកតាមរ៉ឺម៉ក់មួយគ្រឿង បំរុងយកទៅលក់ និងធ្វើការឃាត់ខ្លួនមនុស្ស២នាក់ នាំយកមកសាកសួរផងដែរ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៥ ក្នុងភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

នគរបាលស្រុកពញាឮ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១៖ ឈ្មោះ ភិន សុខហេង អាយុ៣៧ឆ្នាំ មានទីលំនៅភូមិទោង ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ, និងទី២៖ ឈ្មោះ សៅរ ដានី (ហៅច្រែង) អាយុ៤៥ឆ្នាំ មានទីលំនៅភូមិទោង ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

នគរបាលដដែលបានបន្តថា មុនពេលកើតហេតុ កម្លាំងនគរបាលស្រុកពញាឮ ផ្នែកយុត្តិធម៌ ចេញដើរល្បាតនៅក្នុងមូលដ្ឋានដើម្បីរក្សាសន្តិសុខជូន ប្រជាពលរដ្ឋលុះល្បាតដល់ចំណុចកើតហេតុ បានប្រទះឃើញរ៉ឺម៉ក់ ខាងលើកំពុងដឹកឈើដោយមានអ្នកបើកបរម្នាក់ និងអ្នករួមដំណើរម្នាក់ រួចបានឃាត់សួរនាំ ក្រោយសួរនាំរួចបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបន្ថែម ចាត់ការទៅតាមផ្លូវច្បាប់៕