(មណ្ឌលគិរី)៖ មានការលួចឈូសឆាយផ្លូវមួយខ្សែស្ងាត់ៗ ដោយគ្មានគោលការណ៍ការអនុញ្ញាតពីក្រសួង និងថ្នាក់ខេត្ត នៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ផ្តើមឡើងដោយមន្រ្តីយោធាព្រំដែន និងមន្រ្តីនគរបាលឈរជើងនៅព្រំដែន ដោយសង្ស័យមានការឃុបឃិតគ្នា ជាមួយរដ្ឋបាលសាលាស្រុកកែវសីមា និងមន្រ្តីពាក់ព័ន្ធក្នុងស្រុក និងរួមទាំងមន្រ្តីជំនាញផងដែរ ដើម្បីចរាចរណ៍ដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែនទៅកាន់ប្រទេសវៀតណាម។

លោក ស្វាយ សំ អ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដាក់ចេញនូវបទបញ្ជាមួយយ៉ាងដាច់ណាត់ ស្នើឲ្យក្រុមគណៈកម្មការចំរុះរបស់ខេត្ត មន្រ្តីជំនាញកិច្ចការព្រំដែន អង្គភាពមាន សមត្ថកិច្ចគ្រប់អង្គភាព តំណាងអយ្យការខេត្ត ដើម្បីចុះធ្វើការស្រាវជ្រាវឈានទៅរកចាត់វិធានការ តាមផ្លូវច្បាប់ដល់បុគ្គលឬមន្រ្តីរូបណា ដែលប្រព្រឹត្ត ឬមានការជាប់ពាក់ព័ន្ធ ក្នុងករណីមួយនេះជាបន្ទាន់។

ក្រោយពីមានការចុះធ្វើការស្រាវជ្រាវ ពីសមត្ថកិច្ចជំនាញទូទាំងខេត្តមណ្ឌលគិរី បានរកឃើញថា ពិតជាមានការលួចឈូសឆាយផ្លូវលំថ្មីមួយខ្សែពិតមែន ស្ថិតនៅភូមិ ឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់ចំណុចប៉ុស្តិ៍របៀងការពារ ព្រំដែនកម្ពុជាវៀតណាម ត្រង់ចំណុចប៉ុស្តិ៍ យូលិត ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ដែលមានឈ្មោះ វាន់ ចន្ធារី ជាមន្រ្តីយោធាព្រំដែន និងមេបញ្ជាការកងអនុសេនាតូចទី២ របស់កងអនុសេនាធំទី២ វរៈកាពារព្រំដែន១០៣ ឈរជើងប្រចាំការនៅច្រករបៀង ខាងលើនោះ ដែលគ្រប់ផ្ទាល់ពីលោក សឹម សំណាង ជាមេបញ្ជាការ គ២ រីឯមន្រ្តីនគរបាលមាន លោក ប៊ូ សំអុល ហៅសាន មានតួនាទីជាប្រធានប៉ុស្តិ៍ឡាប៉ាខេ គ្រប់គ្រងច្រករបៀងការពារព្រំដែនជាច្រើន នៅស្រុកកែវសីមា។ មន្រ្តីទាំង៣រូបខាងលើ ត្រូវបានគេអះអាងថា ជាអ្នកជាប់ពាក់ព័ន្ធក្នុងការលួចឈូសឆាយធ្វើផ្លូវលំ គ្មានការអនុញ្ញាត ទៅកាន់ព្រំដែនវៀតណាមប្រវែងចន្លោះពី៤គីឡូម៉ែត្រ ទៅ៥គីឡូម៉ែត្រ ដើម្បីសម្រួលការដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែន។

រដ្ឋបាលសាលាខេត្តមណ្ឌលគិរី ព្រមទាំងក្រុមគណៈកម្មការចំរុះខេត្ត បានធ្វើការសង្កត់ធ្ងន់ទៅលើរដ្ឋបាលសាលាស្រុកកែវសីមាថា មិនបានត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវ លើករណី មួយនេះ និងមានការយឺតយ៉ាវក្នុងការរាយការណ៍ព័ត៌មាននេះ។

លោក ស្វាយ សំអាង បានថ្លែងឲ្យដឹងថា នៅពេលដ៏ខ្លីនេះ ខេត្តនឹងកោះហៅមន្រ្តី ឬបុគ្គលណា ដែលមានការជាប់ពាក់ព័ន្ធក្នុងរឿងនេះ ធ្វើការសាកសួរទៅតាមនីតិវិធី។ ឯមន្រ្តីសាលាស្រុក និងមន្រ្តីជំនាញមួយចំនួនផ្សេងទៀត ដែលមានតួនាទីទទួលខុសត្រូវ នៅក្នុងតំបន់ស្រុកមួយនេះ ក៏ត្រូវកោះអញ្ជើញមកសួរនាំ។

ពាក់ព័ន្ធនឹងករណីនេះ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តមណ្ឌលគិរី មិនអាចសុំការបកស្រាយពីមន្រ្តីចំនួន៣រូប ដែលឈរជើងនៅច្រករបៀងការពារព្រំដែនខាងលើ ដែលរងការចោទប្រកាន់នោះបានទេ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ៕