(កំពង់ស្ពឺ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៤ឆ្នាំ នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៧) ​នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅវិទ្យាស្ថានទព័ជើងគោក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

​ពិធីអបអរសារទរថ្ងៃកំណើត កងយោធពលខេមរភូមិន្ទ ​ធ្វើឡើងយ៉ាងមហោឡារិក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នាយទាហាន ជាមេបញ្ជាការ មេបញ្ជាការរង ពីគ្រប់ស្ថាប័ន កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ និងសិក្ខាកាមវិទ្យាស្ថានកងទ័ពជើងគោក ព្រមទាំងមន្រ្តីរាជការ អាជ្ញាធរដែនដីជាច្រើនរូប ពីខេត្តកំពង់ស្ពឺ កំពត និងខេត្តព្រះសីហនុផងដែរ។

សូមបញ្ជាក់ថា ចាប់ពីកម្ពុជាទទួលបានឯករាជ្យភាពពេញបរិបូរណ៌នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាទាមទាររបស់កងទ័ព និងប្រជារាស្ត្រគ្រប់ ស្រទាប់វណ្ណៈ ក្រោមព្រះរាជបូជនីយកិច្ចរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ដែលក្នុងដំណាក់កាលនោះ បញ្ជាការនិងកងកម្លាំង បារាំង បានចាកចេញពីទឹកដីនៃប្រទេសកម្ពុជា ក្នុងពេលនោះឯង គឺជាការចាប់បដិសន្ធិពេញលក្ខណៈ នៃកងយោធពលខេមរភូមិន្ទ និងបានបង្កើត អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋាន កងទ័ពជើងអាកាស និងបញ្ជាការដ្ឋានកងទ័ពជើងទឹក។

កងយោធពលខេមរភូមិន្ទ មានតួនាទីយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិពីការឈ្លានពានរបស់បច្ចាមិត្ត ព្រមទាំងការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងការពារសុខសន្តិភាពរបស់ជាតិផងដែរ៕