(ព្រះសីហនុ)៖ ប្រធានគណៈកម្មាធិការប្រតិបត្តិសង្កាត់លេខ៣ និងជាចៅសង្កាត់រងទី២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លោក អ៊ុក សារាយ របស់គណបក្សសង្គ្រោះជាតិ បានអះអាងថា ដោយសារមើលឃើញលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ ក្បត់ជាតិ សុខចិត្តឱនក្បាលបម្រើរទេស ​ដើម្បីតែអំណាចមិនគិតពីមហន្ដរាយប្រទេសជាតិ ទើបលោកសម្រេចចិត្តប្រកាសចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

បើតាមលិខិតដែលផ្ញើជូន លោក ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ចុះជួយសង្កាត់លេខ៣ ដែលអង្គភាពព័ត៌មាន​ Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក អ៊ុក សារាយ បានបញ្ជាក់យ៉ាងដូច្នេះថា «ពីមុនរូបខ្ញុំមិននឹកស្មានថាការតស៊ូដំណើ្ដមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ប៉ុន្ដែក្រោយពីបានឃើញឃ្លឹបវីដេអូ និងសកម្មភាពជាក់ស្ដែងការញុះញង់ បំបែកបំបាក់ខ្មែរជាពីរ លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ សុខចិត្តឱនក្បាលបម្រើបរទេស គឺដើម្បីតែអំណាចមិនគិតពីមហន្ដរាយរបស់ជាតិមាតុភូមិ នេះហើយជាអំពើក្បត់ជាតិ»។

ក្រោយទទួលបានលិខិតនេះ លោក ជួន ណារិន្ទ ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនមូលដ្ឋានសង្កាត់លេខ៣ បានទទួលស្វាគមន៍ ប្រធានគណៈកម្មាធិការប្រតិបត្តិសង្កាត់លេខ៣ និងជាចៅសង្កាត់រងទី២ លោក អ៊ុក សារាយ យ៉ាងកក់ក្ដៅ ដោយលោកក៏បានអះអាងថា លោកនៅតែបន្ដទទួលស្វាគមន៍ជានិច្ច ចំពោះអ្នកដែលមកចង់ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សបម្រើប្រជាជនពិតប្រាកដ។

ក្នុងរយៈពេលកន្លងមកនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានតួនាទីកើតចេញពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលកន្លងទៅបានប្រកាសដើរចេញពីបក្សរបស់ខ្លួន មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានមើលឃើញវីដេអូឃ្លឹបរបស់លោក កឹម សុខា ដែលឱនក្បាលបម្រើបរទេស ដើម្បីបំបែកបំបាក់ជាតិឯង។ ប៉ុន្ដែនៅពេលនេះអ្នកគាំទ្រ និងជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសដើរចេញពីបក្សរបស់ខ្លួនផងដែរមកចូលរួម ជាមួយគណបក្សកាន់អំណាច។

កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមស្តាប់ប្រសាសន៍សម្តេច)