(ភ្នំពេញ)៖ ខ្សែភាពយន្ដល្បីៗ​របស់ជប៉ុន នឹងត្រូវចាក់បញ្ចាំងនៅតាមរោងភាពយន្ដ ក្នុងប្រទេសកម្ពុជារយៈពេល៤ថ្ងៃ ដោយរំពឹង​ក្នុង​ឆ្នាំ២០១៧នេះ នឹងមានអ្នកចូលរួមទស្សនាកើនដល់៦ពាន់នាក់ ខណៈដែលកាលពីឆ្នាំ២០១៦ កន្លងទៅមានអ្នកចូលរួម ប្រមាណជាង៥ពាន់នាក់ប៉ុណ្ណោះ។

ការចាក់បញ្ចាំងខ្សែភាពយន្ដជប៉ុន នៅក្នុងប្រទេសកម្ពុជានេះ នឹងបើក​ឲ្យអ្នក​ចូលទស្សនា ដោយសេរីមិនមានការលក់សំបុត្រនោះឡើយ។ ការចាក់បញ្ចាំងនេះ រៀបចំឡើងដោយមូលនិធិជប៉ុន និងស្ថានទូតជប៉ុន រួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ ខ្សែភាពយន្តនេះ ចាប់ផ្តើមចាក់បញ្ចាំងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរោងភាពយន្ត Major Cineplex (AEON Mall) និងរោងភាពយន្ត Legendទួកគោក នៅរាជធានីភ្នំពេញ។

សម្រាប់ឆ្នាំនេះភាពយន្តជប៉ុនចំនួន១២រឿង នឹងត្រូវបានចាក់បញ្ចាំងជាមួយ ចំណងជើងរងជាភាសាខ្មែរ និងភាសាអង់គ្លេស។ ភាពយន្តដែលយកមកចាក់បញ្ចាំងនេះ រួមមាន៖ ភាពយន្តគំនូរជីវចល ភាពយន្តបែបមនោសញ្ចេតនា ភាពយន្តឯកសារ ហើយក្នុងនោះមានខ្សែ ភាពយន្តខ្លះធ្លាប់ទទួលបានពានរង្វាន់ផងដែរ។ ភាពយន្តដែលនឹងត្រូវចាក់បញ្ចាំងនេះ ឆ្លុះបញ្ចាំង អំពីជីវភាពរស់នៅរបស់ប្រជាជនជប៉ុន សង្គម និងវប្បធម៌ជប៉ុន ហើយមហោស្រពនេះក៏ផ្តល់ឱកាសដ៏ល្អមួយសម្រាប់អ្នកទស្សនា ដើម្បីអាចស្គាល់អំពីប្រទេស និងប្រជាជនជប៉ុន។

លោក Yuki Hamada នាយកមជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន បានថ្លែងឲ្យដឹងថា ការធ្វើមហោស្រពភាពយន្ដនៅកម្ពុជាធ្វើឡើង ក្នុងគោលបំណងឲ្យទស្សនិកជន ដែលគាំទ្រភាពយន្ដជប៉ុន ប្រទេសជប៉ុន និងវប្បធម៌ជប៉ុន មានឱកាសស្វែងយល់កាន់តែច្រើនជាងនេះ។ មួយវិញទៀតក៏រំពឹងថាប្រជាពលរដ្ឋកម្ពុជា បានរីករាយទស្សនានឹងភាពយន្ដជប៉ុន និងស្គាល់ប្រទេសជប៉ុនកាន់តែច្រើន។

លោកបានបន្ដទៀតថា មហោស្រពភាពយន្ដជប៉ុន របស់យើងចាប់ផ្ដើមធ្វើនៅកម្ពុជា តាំងពីឆ្នាំ២០១៥ ដោយក្នុងឆ្នាំ២០១៥នេះ​ទទួលបានទស្សនិកជនប្រមាណ៥ពាន់នាក់ ឆ្នាំ២០១៦ ទទួលបានទស្សនិកជនប្រមាណ៥៥០០នាក់ ហើយក្នុងឆ្នាំ២០១៧នេះ រំពឹងថាទទួលបានទស្សនិកជនចូលរួមទស្សនាកើនដល់៦ពាន់នាក់ ដោយបញ្ចាំរយៈពេល៤ថ្ងៃទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

សូមជម្រាបថា មហោស្រពភាពយន្តជប៉ុន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥មក ក្នុងគោលបំណងជំរុញការយល់ដឹង អំពីជីវភាពរស់នៅរបស់ប្រជាជន និងវប្បធម៌ជប៉ុនដល់ប្រជាជនកម្ពុជា តាមរយៈការចាក់បញ្ចាំងភាពយន្ត៕