(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងមូលនិធិការពារបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) និង KOICA បានសហការគ្នាបើកគម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរ នៃខេត្តសៀមរាប ដោយប្រើរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១៥-២០១៨ និងចំណាយថវិកាប្រមាណ ៤លានដុល្លារ។

ក្រោមកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ប្រកបដោយស្មារតីទទួលខុសត្រូវផងនោះ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ភាគីទាំងពីរបានបើកសម្ពោធជាផ្លូវការនូវបន្ទប់ពិសោធន៍ ដែលផ្ទុកដោយឧបករណ៍វិទ្យាសាស្ត្រជាច្រើន សម្រាប់បម្រើដល់ការងារអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធូរ ក្រោមអធិបតីភាពលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Jeong Jun Gil ប្រធាន KOICA ប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីលោក អ៊ីម សួ អគ្គលេខាធិការរងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា លោក Park Seung Yoo អគ្គកុងស៊ុលរបស់ស្ថានទូតកូរ៉េប្រចាំខេត្តសៀមរាប ព្រមមន្ត្រីរាជការ និងបុគ្គលិកជាច្រើននាក់ទៀត។

លោក Kim Jiseo បានបញ្ជាក់ថា គម្រោងអភិរក្សជួសជុលក្រុមប្រាសាទប្រាសាទព្រះពិធូរនេះ មានរយៈពេល៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៥-២០១៨ ជាមួយនឹងទឹកប្រាក់ប្រមាណ ៤លានដុល្លារ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ។ គម្រោងនេះមានការងារចម្បងៗចំនួន៥ ដែលត្រូវអនុវត្ត រួមមាន៖ ការងារស្រាវជ្រាវចងក្រងឯកសារ ការបណ្តុះបណ្តាលមន្ត្រីអាជ្ញាធរជាតិអប្សរា ការជួសជុលរានហាលនៃប្រាសាទកោសល រោងព័ត៌មាន និងបន្ទប់ពិសោធន៍ដែលទើបបើកសម្ពោធនេះតែម្ដង។

លោក Kim បានបន្តថា បន្ទប់ពិសោធន៍នេះមានបំពាក់ដោយសម្ភារទំនើបៗ មិនធ្លាប់មាននៅកម្ពុជា ដូចជា ឧបករណ៍ពិសោធន៍ភាពរឹងមាំរបស់ថ្ម UTM ម៉ាស៊ីនកាត់ថ្ម ម៉ាស៊ីន Microscope និងឧបករណ៍វាស់ទឹកក្រោមដីជាដើម ដែលចំណាយថវិកាសរុបជាង ១លានដុល្លារ និងដាក់ឲ្យដំណើរការចាប់ពីឆ្នាំ២០១៧ នេះតទៅ។

លោក ស៊ុ ម៉ាប់ បានបង្ហាញនូវការអបអរសាទរ ព្រមទាំងបង្ហាញមោទនភាពចំពោះទំនាក់ទំនងយ៉ាងរលូនរវាងអាជ្ញាធរជាតិអប្សរា និងសាធារណរដ្ឋកូរ៉េ ដែលឈានមកដល់ការសហការអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធូររួមគ្នានាពេលនេះ។

លោកអគ្គនាយកបានបញ្ជាក់ថា ពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់ពិសោធន៍នាពេលនេះ គឺជាសក្ខីភាពនៃដំណើរការយ៉ាងជោគជ័យជាបណ្តើរៗនៃគម្រោងជួសជុល ជាពិសេសលោកក៏បានថ្លែងអំណរគុណចំពោះដៃគូគម្រោង ដែលបានយកចិត្តទុកលើការងារបណ្តុះបណ្តាលសមត្ថភាពមន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា ដែលជាកត្តាសំខាន់បំផុតសម្រាប់និរន្តរភាពនៃការងារគ្រប់គ្រងរមណីយដ្ឋានអង្គរទាំងបច្ចុប្បន្ន និងអនាគត៕