(ពោធិ៍សាត់)៖ ជើងក្រោមដែលមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រហូតដល់ថ្នាក់ខេត្តរបស់គណបក្សសង្គ្រោះជាតិ បាននិងកំពុងបែកបាក់ខ្ចាត់ខ្ចាយជាបន្ដបន្ទាប់ តាមរយៈការប្រកាសដើរចេញ ពីគណបក្សរបស់ខ្លួនមកសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សកាន់អំណាចប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

ជាក់ស្ដែងនៅពេលនេះក្បាលម៉ាស៊ីន និងសកម្មជនសំខាន់ៗដែលមានតួនាទី ជាសមាជិកក្រុមប្រឹក្សាឃុំ រហូតដល់សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ចំនួន១១នាក់ បានប្រកាសដើរចេញពី គណបក្សរបស់ខ្លួន មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលការសម្រេចចិត្តដោយស្ម័គ្រចិត្តរបស់ពួកគេនេះ បានធ្វើឡើងបន្ទាប់ពីបានមើលឃើញយ៉ាងជាក់ស្ដែង ពីឃ្លឹបវីដេអូរបស់លោក កឹម សុខា ដែលធ្វើតាមបទបញ្ជារបស់សហរដ្ឋអាមេរិក ចង់បំផ្លាញជាតិសាសន៍ខ្លួនឯង។

ថ្នាក់ដឹកនាំ និងមន្ដ្រីជើងក្រោមរបស់គណបក្សសង្គ្រោះជាតិទាំង១១រូប រួមមាន៖

ទី១៖ លោក ឈុំ វណ្ណរិទ្ធ ជាសមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានប្រតិបត្តិគណបក្សខេត្ត មកពីគណបក្សសង្គ្រោះជាតិ
ទី២៖ លោក សែម សុផុន ប្រធានប្រតិបត្តិគណបក្សស្រុកភ្នំក្រវាញ និងជាសមាជិកក្រុមប្រឹក្សាស្រុកភ្នំក្រវាញ មកពីគណបក្សសង្គ្រោះជាតិ
ទី៣៖ លោក ឈីវ ឆន ជំទប់ទី២ ឃុំកំពង់លួង ស្រុកក្រគរ មកពីគណបក្សសង្គ្រោះជាតិ
ទី៤៖ លោក ចាន់ ថៃ សមាជិកក្រុមប្រឹក្សាឃុំសំរោង ស្រុកភ្នំក្រវាញ មកពីគណបក្សសង្គ្រោះជាតិ
ទី៥៖ លោក ហេង សំណុំ សមាជិកក្រុមប្រឹក្សាឃុំលាច ស្រុកភ្នំក្រវាញ មកពីគណបក្សសង្គ្រោះជាតិ
ទី៦៖ លោក ឈុំ ទីវ សមាជិកក្រុមប្រឹក្សាឃុំបឹងបត់កណ្តោល ស្រុកបាកាន មកពីគណបក្សសង្គ្រោះជាតិ
ទី៧៖ លោក ហ៊ី ឈឿន អនុប្រធានប្រតិបត្តិគណបក្សស្រុកភ្នំក្រវាញ មកពីគណបក្សសង្គ្រោះជាតិ
ទី៨៖ លោកស្រី ហែម សុធា ប្រធានចលនាស្ត្រី ស្រុកភ្នំក្រវាញ មកពីគណបក្សសង្គ្រោះជាតិ
ទី៩៖ លោក ទិត្យ សាវ៉ាត អនុប្រធានប្រតិបត្តិគណបក្សស្រុកភ្នំក្រវាញ មកពីគណបក្សសង្គ្រោះជាតិ
ទី១០៖ លោក វ៉ាត ខាន់ សមាជិកក្រុមប្រឹក្សាឃុំស្រែស្តុក ស្រុកកណ្តៀង មកពីគណបក្សសង្គ្រោះជាតិ
និងទី១១៖ លោក សាត់ សេដ្ឋា សមាជិកប្រតិបត្តិគណបក្សស្រុកភ្នំក្រវាញ មកពីគណបក្សសង្គ្រោះជាតិ។

ការប្រកាសស្វាគមន៍ក្បាលម៉ាស៊ីន និងសកម្មជនសំខាន់ៗជើងក្រោមទំាំង១១នាក់ខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោក ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សប្រជាជន និងជាអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធមួយចំនួនទៀត។

យោងតាមលិខិតលាលែងពីគណបក្សសង្គ្រោះជាតិ ផ្ញើជូនប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ពួកគេទាំង១១នាក់ បានបញ្ជាក់ដូចៗគ្នាថា «ក្រោយពីឃើញឃ្លឹបវីដេអូ និងសកម្មភាពជាក់ស្ដែង ញុះញង់បំបែកបំបាក់ខ្មែរជាពីរ ដែលប្រព្រឹត្តឡើងដោយលោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គឺធ្វើសកម្មភាពញុះញង់ និងបំបែកជាតិសាសន៍ជាពីរ។ លោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សុខចិត្តឱនក្បាលបម្រើបរទេស គឺដើម្បីអំណាច មិនគិតពីភាពអន្ដរាយរបស់ជាតិ មាតុភូមិ នេះជាអំពើក្បត់ជាតិ ដែលជាហេតុធ្វើឲ្យយើងខ្ញុំអស់ជំនឿ និងមិនអាចបន្ដចូលរួមក្នុងនយោបាយរបស់គណបក្សសង្គ្រោះជាតិតទៅទៀតបានឡើយ»