(ភ្នំពេញ)៖ បើទោះបីស្ថានភាពទំនាក់ទំនងរវាងកម្ពុជា-អាមេរិក កំពុងមានរឿងចម្រូងចម្រាស់ខ្លះព្រោះតែរឿងគ្រាប់បែក និងរឿងនៅពីក្រោយបក្សប្រឆាំងរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលក៏ដោយនោះ តែក៏ការនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារអាមេរិកនៅតែដំណើរការជាធម្មតា ខណៈក្រុមហ៊ុនយក្សរបស់អាមេរិកមួយទៀត គឺក្រុមហ៊ុន Walmart បានបង្ហាញជំហរបង្កើនការទិញផលិតផលស្បែកជើង និងសម្ភារៈធ្វើដំណើរពីកម្ពុជា នៅឆ្នាំក្រោយៗទៀត។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយប្រតិភូក្រុមហ៊ុន Walmart ដែលដឹកនាំដោយក Scott Price អនុប្រធានប្រតិបត្តិ និងជាប្រធានរដ្ឋបាលនៃក្រុមហ៊ុនវ៉លម៉ាតអន្តរជាតិ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងការងារ មុនចេញដំណើរទៅសហរដ្ឋអាមេរិកវិញ។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឲ្យដឹងថា ប្រតិភូក្រុមហ៊ុន Walmart មានការពេញចិត្តយ៉ាងខ្លាំងចំពោះផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរដែលនាំចេញពីកម្ពុជា នៅតែជាផលិតផលស្អាតស្អំ គ្មានការកេងប្រវ័ញ្ច គ្មានការរំលោភកម្លាំងពលកម្ម គោរពតាមលក្ខខណ្ឌការងារបានត្រឹមត្រូវ និងផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។

«ដូច្នេះហើយ បានជាតំណាងក្រុមហ៊ុនដ៏ធំមហាសាលមួយនេះ បានបញ្ជាក់ថា ខ្លួននឹងបង្កើនការបញ្ជាទិញផលិតផលទាំងនោះពីកម្ពុជាបន្ថែមទៀតនៅឆ្នាំក្រោយៗ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អ៉ិត សំហេង។

លោក អ៉ិត សំហេង បានសង្កត់ធ្ងន់ដែរថា បណ្ដាក្រុមហ៊ុនបញ្ជាទិញមានការពេញចិត្តយ៉ាងខ្លាំង ចំពោះផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលសរសេរថា «Made in Cambodia» ដោយសារក្រុមហ៊ុនទាំងនោះមានការជឿទុកចិត្តចំពោះទំនិញផលិតផលរបស់កម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន Walmart ជាក្រុមហ៊ុនដ៏ធំមួយមានទីស្នាក់ការធំនៅទីក្រុង Bentonville រដ្ឋ Arkansas  វិនិយោគទៅលើផ្សារទំនើបឈ្មោះថា វ៉លម៉ាត ហើយបច្ចុប្បន្នមានហាងលក់ទំនិញយីហោ Walmart ជាង ៦,២០០កន្លែង នៅសហរដ្ឋអាមេរិក និងជាង ៨៥០,០០០កន្លែងទៀត នៅក្នុងប្រទេសចំនួន២៧។ ក្រុមហ៊ុន Walmart ជាក្រុមហ៊ុនដែលមានចំណូលច្រើនជាងគេក្នុងពិភពលោកប្រមាណ ៤៨០ពាន់លានដុលារ ហើយក៏ជាក្រុមហ៊ុនដែលមានកម្មករនិយោជិតច្រើនជាងគេនៅលើពិភពលោកផងដែរ ប្រមាណ ២.៣លាននាក់។

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ប្រាប់ប្រតិភូក្រុមហ៊ុន Walmart ពីឆន្ទៈយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តយន្តការ និងការអនុវត្តលក្ខខណ្ឌការងារឲ្យបានល្អ ចំពោះកម្មករនិយោជិត និងគោរពតាមក្ខខណ្ឌរបស់អ្នកបញ្ជា ព្រមទាំងសន្យាបង្កើនផលិតភាពផលិតផល ដើម្បីផ្គត់ផ្គត់ជូនទីផ្សារឲ្យបានគ្រប់គ្រាន់ និងទាន់ពេលកំណត់។

សូមជម្រាបថា ក្នុងឆ្នាំ២០១៦ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើងទៅទីផ្សារក្រៅប្រទេស គិតជាទឹកប្រាក់មានចំនួន ៧,៣២២លានដុល្លារ ក្នុងនោះក្រុមហ៊ុន Walmart ក៏ជាក្រុមហ៊ុនធំមួយដែលទិញផលិតផលទាំងនេះពីកម្ពុជាផងដែរ៕