(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភក្ត្រ័ា មេបញ្ជការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ដើម្បីលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការចំណាយថវិកា ក្នុងការជួលកំលាំងពលកម្ម ទើបថ្ងៃនេះលោកបានចាត់ឲ្យកម្លាំងឈរជើងនៅតាមគោលដៅទាំងអស់ ត្រូវយកពេលទំនេរចុះជួយច្រូតស្រូវប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី បានថ្លែងថា «ថ្ងៃនេះកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងឆែប បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ដែលគាត់មានជីវភាពក្រីក្រនៅភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប»

លោកក៏បានធ្វើការណែនាំឲ្យតំបន់ប្រតិបត្តិការសឹករងនៅតាមបណ្តាលស្រុកក៏ដូចជា ទីតាំងឈជើងមួយចំនួនទៀត ត្រូវធ្វើការណែនាំឲ្យកងកម្លាំងយើងយកពេលទំនេរចុះជួយច្រូតស្រូវប្រជាពលរដ្ឋផងដែរ ព្រោះយើងជាកូនចៅប្រជាពលរដ្ឋ បើប្រជាពលរដ្ឋមានទុក្ខលំបាកយើងត្រូវតែជួយគាត់ មិនត្រូវប្រកាន់តែភារកិច្ចស្នូលរបស់យើងនោះទេ។ ដូចពាក្យចាស់បុរាណមួយពោលថា នៅឲ្យគេអាណិត ទៅឲ្យគេនឹក ពោលគឺអំពើល្អទៅណាក៏មិនចេះសាបសូនដែរ។

ដោយឡែក បងប្អូនប្រជាកសិករបានថ្លែងអំណរគុណដល់កម្លាំងយោធាខេត្តព្រះវិហារ ដែលតែងតែចុះជួយប្រជាពលរដ្ឋដូចជា ដកស្ទូង និងច្រូតកាត់បោកបែនជាដើម៕