(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ និងលោក សេង គន្ធ អភិបាលរងខណ្ឌ បានចុះទៅពិនិត្យ មើលទឹកលិចផ្លូវ និងភូមិឋានប្រជាពលរដ្ឋ ព្រមទាំងដាក់គ្រឿងចក្រទៅវាយរបងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ដើម្បីពង្រីកផ្លូវដែលមានសភាព តូចចង្អៀត បង្កការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់អស់រយៈពេល ជាច្រើនឆ្នាំមកហើយនោះ។

សកម្មភាពខាងលើបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្រ្តីសាលាខណ្ឌបានឲ្យដឹងថា នៅក្នុងភូមិតាងួន២ បានទទួលរងនូវការលិចលង់ ដោយសារទឹកជំនន់ទឹកភ្លៀង ជាច្រើនថ្ងៃមកហើយ ទាំងភូមិឋានប្រជាពលរដ្ឋ និងផ្លូវថ្នល់នៅក្នុងភូមិផងដែរ ដែលបានបង្កឲ្យប្រជាពលរដ្ឋជួប នូវការលំបាក ដូច្នេះហើយទើបពេលនេះអាជ្ញាធរខណ្ឌ ដឹកនាំដោយលោកលោក ហែម ដារិទ្ធិ និងលោក សេង គន្ធ បានចុះទៅពិនិត្យមើលទឹកលិចនោះ។ ដើម្បីរិះរកវិធីកាយរំដោះទឹកចេញ ឬសិក្សាដើម្បីរៀបចំប្រព័ន្ធលូបង្ហូរទឹកជាដើម ព្រោះនៅចំណុចនោះឲ្យតែមានភ្លៀងធ្លាក់ម្ដងៗ តែងតែទទួលរងនូវការលិចលង់បែបនេះរហូត ហើយនេះគឺជាការគិតគូមួយពីសំណាក់អាជ្ញាធរ ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលកំពុងជួបការលំបាក។

បើតាមម​ន្រ្តី ក្រោយពេលពិនិត្យមើលតំបន់លិចទឹកខាងលើនោះរួចមកលោក ហែម ដារិទ្ធិ បានដឹកនាំមន្រ្តីទាំងអស់ដែលបានរួមដំណើរជាមួយ នាពេលនោះ ដាក់គ្រឿងចក្រវាយកម្ទេច របងស្ថានីយ៍ប្រងឥន្ធនៈមួយកន្លែង ដើម្បីពង្រីកផ្លូវនៅក្នុងភូមិ ឲ្យបានធំទូលាយជាមុនដែលកាលពីច្រើនឆ្នាំ មកហើយផ្លូវត្រង់ចំណុចនេះ មានភាពតូចចង្អៀតត្រឹមតែ៥ទៅ៦ម៉ែត្រប៉ុណ្ណោះ ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ក្នុងការធ្វើដំណើរទៅមក និងតែតែរអ៊ូរទាំពីការលំបាកនោះ ប៉ុន្តែពេលដោយសារមានការឯកភាពពីសំណាក់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈខាងលើ ទើបលោកអភិបាលខណ្ឌ សម្រេចដឹកនាំកម្លាំងដាក់គ្រឿងចក្រវាយរបងចាស់នោះចោលពង្រីកផ្លូវឲ្យធំដល់ជិត១០ម៉ែត្រ ដើម្បីឲ្យសមស្របទៅតាមកំណើនប្រជាពលរដ្ឋ និងយានយន្តដ៏សម្បូរបែបនាពេលបច្ចុប្បន្ននេះ និងក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមដំបូលសុខសន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕