(ភ្នំពេញ)៖ ក្រោមដំបូលសន្តិភាព ដែលដឹកនាំដោយរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ទី៣ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រពៃណីជាតិខ្មែរ ប្រកបដោយភាពអធឹកអធម សប្បាយរីករាយ គួរជាទីមោទនសម្រាប់ប្រជាជាតិខ្មែរទាំងមូល។ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ទាំង២៥ខេត្តរាជធានីទូទាំងប្រទេស រួមទាំងភ្ញៀវទេសចរណ៍បរទេសផងនោះ ប្រមាណជិត៤លាននាក់ បានចូលរួមអបអរសាទរ និងដើរលេងកំសាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាពគ្រប់ៗគ្នា និងគ្មានការភ័យខ្លាចឬតក់ស្លុត ទាំងយប់ទាំងថ្ងៃ។ ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានបញ្ចប់ទៅដោយ ភាពរលូននិងជោគជ័យ ក្រោមការរៀបចំរបស់រាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និង ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពីសំណាក់អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ និង សមត្ថកិច្ចចម្រុះជាច្រើនពាន់នាក់ ប្រកបដោយការលះបង់ខ្ពស់ ទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលាផ្ទាល់ខ្លួន និងពេលវេលាគ្រួសារផងដែរ។

តែគួរឲ្យសោកស្តាយ មានវិទ្យុបរទេសមួយ និយាយភាសារខ្មែរ បានផ្សព្វផ្សាយថា ប្រជាពលរដ្ឋមានការភ័យខ្លាច ពេលដែលឃើញសមត្ថកិច្ច ចម្រុះរាប់រយនាក់ ដាក់ពង្រាយកម្លាំងស្ពាយកាំភ្លើង ដើរល្បាតក្នុងព្រះរាជពិធីបុណ្យអុំទូក។ ពួកគេថែមទាំងប្រឌិតព័ត៌មាន ក្នុងន័យញុះញង់ បំភិតបំភ័យប្រជាពលរដ្ឋ និងបំភ័ន្តការចាប់អារម្មណ៍របស់មហាជន ដែលមិនបានមកចូលរួមជាក់ស្តែង ក្នុងព្រះរាជពិធីបុណ្យប្រពៃណីជាតិខ្មែរ ដ៏សែនសប្បាយរីករាយមួយនេះផងដែរ ។ ពួកគេទាំងនោះបានយកប្រជាពលរដ្ឋ មកធ្វើជាលេសនិយាយថា ប្រទេសមួយនេះដូចកំពុងមានភេរវកម្ម ឬជាប្រទេសទើបរំដោះបានពីសង្គ្រាមទៅវិញ។ ធាតុពិតមានតែ ក្រុមចោរលួច ចោរឆក់ ចោរប្លន់ និងជនអគតិដែលមានបំណងទុច្ចរិត ចង់បង្ករចលាចល ក្នុងព្រះរាជពិធីបុណ្យជាតិខ្មែរនេះតែប៉ុណ្ណោះ ដែលមិនសប្បាយចិត្តនឹងភាពហ្មត់ចត់របស់អាជ្ញាធរនិងសមត្ថកិច្ច។

យើងសាកគិតមើល សូម្បីតែប្រទេសមហាអំណាចសហរដ្ឋអាមេរិក ប្រទេសបិតាសន្តិភាពបារាំង និងបណ្តាប្រទេសរីកចម្រើនផ្សេងៗ ទៀត លើពិភពលោក នៅពេលមានការប្រមូលផ្តុំជួបជុំគ្នាសូម្បីតែកម្មវិធីតូចតាចក៏ដោយ ក៏គេនៅតែដាក់ពង្រាយកម្លាំង ប្រដាប់ដោយអាវុធ ដើរសម្ងែងតាមទីសាធារណៈ ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋពួកគេដែរ ចុះទម្រាំតែ ប្រជាពលរដ្ឋខ្មែររហូតដល់ទៅជិត៤លាននាក់ មកដើរលេងកំសាន្តក្នុងគោលដៅតែមួយក្នុងរាជធានីភ្នំពេញ បើអាជ្ញាធរនិងសមត្ថកិច្ច មិនមានការប្រុងប្រយ័ត្នហ្មត់ចត់ តើអាចធានាសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរបានដែរឬទេ?

ឬក៏អ្នកបំផុសព័ត៌មានញុះញង់ទាំងនេះ ពិតជាមានបំណងទុច្ចរិត ចង់បង្ករឿងអាក្រក់ដាក់ប្រជាពលរដ្ឋខ្មែរមែនទើបនៅមិនសុខចំពោះ ការការពារតឹងរឹងរបស់អាជ្ញាធរនិងសមត្ថកិច្ច ហើយប្រឹងបំផ្លើសលើសពីការពិត ក្នុងន័យឌឺដងផ្ចាញ់ផ្ចាល់ដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ហ្មត់ចត់ ក្នុងការការពារ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទៅវិញ?

បើអ្នកមានឈាមជ័រជាខ្មែរ អ្នកគួរតែដាក់មនសិកាស្នេហាជាតិខ្មែរក្នុងខ្លួន កុំញុះញង់បំភិតបំភ័យ បំបែកបំបាក់ប្រជាជាតិខ្មែរ ព្រោះតែ កេងប្រយោជន៍ឲ្យបក្ខពួកខ្លួនឲ្យសោះ យ៉ាងហោចណាស់ក៏អស់លោកទាំងអស់ រួមទាំងក្រុមគ្រួសារ បងប្អូន សាច់ញាតិ កំពុងតែ សុខដុមរមនា ក្រោមដំបូលសន្តិភាពដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះដែរ ហើយសន្តិភាពមួយនេះ នៅបណ្តាប្រទេសជាច្រើនលើពិភព លោក រួមទាំងប្រទេសមហាអំណាចផងនោះ កំពុងតែរកមិនបានផង ហើយប្រជាជនពួកគេកំពុងរស់នៅដោយ ការភ័យខ្លាច នូវអំពើភេរវកម្ម ជារៀងរាល់ថ្ងៃ។ ឧទាហរណ៍ នៅសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាច កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ស្រាប់តែមានអំពើឃាតកម្មបាញ់រះសម្លាប់មនុស្សកើតឡើង នៅទីតាំងប្រគុំតន្ត្រីហាលវាលមួយ ក្នុងទីក្រុងឡាសវ៉េហ្គាស។ ក្នុងនោះមានមនុស្សយ៉ាងហោចណាស់ ៥០នាក់ បានស្លាប់ និងមានជាង២០០នាក់ផ្សេងទៀត រងរបួសដោយសារគ្រាប់កាំភ្លើង។

ហើយករណីថ្មីបំផុតមួយទៀតគឺ នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នារដ្ឋតិចសាស់ សហរដ្ឋអាមេរិក ខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារទៅលើមនុស្សមួយក្រុម ដែលប្រមូលផ្តុំគ្នា ក្នុងវិហារ សាសនាគ្រឹះមួយកន្លែង បណ្តាលឲ្យមានអ្នកស្លាប់ជាង២០នាក់ និងរបួសជាង២០នាក់ផងដែរ ហើយក៏នៅមានបណ្តាប្រទេសជាច្រើនទៀត ដែលកំពុងរងភាពចលាចលពី អំពើភេរវកម្មដូចគ្នា។

ពាក្យចាស់លោកពោលថា «ការពារប្រសើរជាងព្យាបាល» «ការមើលស្រាលបណ្តាលឲ្យវិនាស»! ដូច្នេះការយកចិត្តទុកដាក់ហ្មត់ចត់ របស់អាជ្ញាធរនិងសមត្ថកិច្ច ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅពេលនេះ គឺជាការទទួលខុសត្រូវខ្ពស់ ចំពោះសន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ ដែលខំមកពីចម្ងាយដើម្បីដើរលេងសប្បាយ ពុំមែនជាការបំភិតបំភ័យ ដូចការលើកឡើងដោយខ្វះវិចារណញ្ញាណរបស់អ្នកសារព័ត៌មានដែលគ្មានមនសិកាជាតិខ្មែរនោះទេ។

ជាក់ស្តែង ខាងក្រោមនេះ គឺជារូបភាពពិតៗ ដែលបង្ហាញពីទឹកចិត្តនិងមនោសញ្ចេតនាប្រជាពលរដ្ឋ មានចំពោះសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលរួមជាមួយអាជ្ញាធររដ្ឋបាលរាជធានី និងសមត្ថកិច្ចចម្រុះជាច្រើនទៀត ធ្វើការ លះបង់កម្លាំងកាយកម្លាំងចិត្តនិងពេលវេលា ការពារសុវត្ថិភាពជូនពួកគាត់ ទាំងយប់ទាំងថ្ងៃ បានដើរលេងសប្បាយ ដោយគ្មានការព្រួយបារម្ភ។

តើទាំងនេះ គឺជាការភ័យខ្លាចមែនទេ? សូមចូលរួមយោបល់ទាំងអស់គ្នា!