(ភ្នំពេញ)៖ ក្រោយ​បញ្ចប់​ការ​សាកសួរ​ជា​ច្រើន​ម៉ោង​ នៅ​ថ្ងៃទី​០៧​ ខែ​វិច្ឆិកា​ នេះ​ លោក​ គុជ​ គឹមឡុង​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​មិន​ឃាត់​ខ្លួន​លោក​ មឿន​ តុលា​ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​​ច្បាប់​សម្រាប់​សហគមន៍​ និង​ ជា​គណៈកម្មការ​បុណ្យ​សព​បណ្ឌិត​កែម​ ឡី​ ទេ​ ដោយ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​វិញ​ រង់ចាំ​បន្ត​នីតិវិធី​ ។

លោក​ មឿន​ តុលា​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ថា​ លោក​ពុំ​បាន​កិបកេង​ប្រាក់​បុណ្យ​សព​បណ្ឌិត​កែម​ ឡី​ ដូច​ការ​ចោទប្រកាន់​របស់​លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ទេ​។

ចំណែក​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុន​តិញ​ ស្ថាបនិក​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ ត្រូវ​បាន​កោះហៅ​ចូល​បំភ្លឺ​ក្នុង​នាម​ជនសង្ស័យ​ នៅ​ថ្ងៃទី​០៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​។

ការ​ចូល​បំភ្លឺ​នេះ​ ពាក់ព័ន្ធការគ្រប់គ្រងបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត ក្រោយពីមានបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានរៃអង្គាសថវិកា ដើម្បីជួយចូលរួម សាងសង់ចេតីយ៍ លោកបណ្ឌិត កែម ឡី កន្លងទៅនេះ។

បើតាមលោក ពេជ្រ ស្រស់ ដែលជាម្ចាស់បណ្តឹងនេះ បានចោទថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ , លោក មឿន តុលា និង លោក ប៉ា ងួនទៀង ដែលជាគណៈកម្មការចាស់នៃបុណ្យសព លោក កែម ឡី បានធ្វើឱ្យបាត់បច្ច័យរបស់ប្រជាពលរដ្ឋ និងពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលបានចូលរួមដើម្បីសាងសង់ចេតីយ៍​ លោក កែម ឡី។

លោកចាត់ទុកថា កាត់បាត់បច្ច័យ ដោយពុំបានសាងសង់ចេតីយ៍ លោក កែម ឡី ឱ្យបានរួចរាល់នោះ គឺបង្កើតនូវរឿងអយុត្តិធម៌ សម្រាប់ក្រុមគ្រួសារសព និងអ្នកចូលរួមបច្ច័យទាំងអស់។ ដូច្នេះលោកសម្រេចដាក់ពាក្យប្តឹង ដើម្បីឱ្យតុលាការ ផ្តល់យុត្តិធម៌ ដល់អ្នកចូលបុណ្យសព និងដើម្បីភាពស្អាតស្អំសង្គម កុំឲ្យតម្លៃព្រះពុទ្ធសាសនា ធ្លាក់ចុះតាមរយៈបុគ្គល ឆ្លៀតឱកាសមួយចំនួន៕