(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ក្រោមការអនុញ្ញាតពីលោក ស៊ាន ស៊ីណាត ប្រធានសាខា ក្រោមការសំរបសំរួលពីលោក សុខ កែវបណ្ឌិត និងលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យ និងធ្វើការ ណែនាំដល់អាជីវករប្រជាពលរដ្ឋ អំពីការជ្រើសរើស យកទំនិញ ដែលល្អមិនហួសកាលបរិច្ឆេទ យកមកបរិភោគ ដើម្បីចៀសវាងនូវហានិភ័យ ដែលប៉ះពាល់ដល់សុខភាព ជាយថាហេតុ។

លោក ហុង លៀង ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា យុទ្ធនាការខាងលើនេះបានធ្វើឡើងនៅផ្សារចក្រីស្ថិតក្នុងស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាលទ្ធផលមន្រ្តីជំនាញបានដកហូត សរសៃគុយទាវ ដែលមានផ្ទុកសារធាតុ បូរ៉ាក់ចំនួន៦,៥គីឡូក្រាម, កម្ទេចមីចំនួន៣១០កញ្ចប់ ស្មើ១១គីឡូក្រាម។

ជាមួយគ្នានេះបើតាមលោក ហុង លៀង មន្រ្តីជំនាញនឹងចុះណែនាំបន្តបន្ទាប់ទៀត សម្រាប់ត្រួតពិនិត្យទំនិញដែលដាក់លក់នៅតាមទីផ្សារ៕