(សេអ៊ូល)៖ កូរ៉េខាងជើង​ជាថ្មីម្ដងទៀតនៅ​ថ្ងៃអង្គារនេះ បានអះអាង​ឡើងវិញថា ខ្លួននឹងនៅតែ​បន្តពង្រឹង និងអភិវឌ្ឍន៍​កម្មវិធីអាវុធ​នុយក្លេអ៊ែរ ខណៈ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ផ្ដើមបំពេញ​ដំណើរទស្សន​កិច្ច​រយៈពេលពីរថ្ងៃ មកកាន់​ទីក្រុង​សេអ៊ូល។ នេះបើតាម​កាសែតរដ្ឋ​កូរ៉េខាងជើង Rodong Sinmun ដកស្រង់​ដោយទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

កាសែត Rodong Sinmun នៅក្នុងបទវិចារណកថារបស់ខ្លួន​ បានលើកឡើង​ដូច្នេះថា «ដរាបណាសហរដ្ឋអាមេរិក និងអ្នកហែរ​ហម​របស់ពួកគេ នៅតែបន្តធ្វើ​សកម្មភាព​ប្រឆាំងនឹង​ពួកយើង នោះយើងនឹង​កាន់តែពង្រឹង​សមត្ថភាព​អាវុធនុយក្លេអ៊ែរ»។ បន្ថែមពី​លើនេះ កាសែតរដ្ឋ​កូរ៉េខាងជើង​ ក៏បានថ្កោលទោស​សហរដ្ឋអាមេរិក​ផងដែរថា ជាអ្នកបង្កឱ្យមាន​ភាពតានតឹង នៅលើតំបន់​ឧបទ្វីបកូរ៉េ តាមរយៈការ​បញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងជាថ្មី មកកាន់តំបន់ក្បែរដែនទឹកឧបទី្វប​កូរ៉េ។

គួរបញ្ជាក់ថា កូរ៉េខាងជើង មិនបានធ្វើសកម្មភាព​បង្ករឿង អស់រយៈពេលជាង ៥០ថ្ងៃ មកហើយ គិតចាប់តាំងពីទីក្រុង​ព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីល​ហោះរំលងប្រទេស​ជប៉ុន កាលពី​ខែកញ្ញា កន្លងទៅ៕