(ភ្នំពេញ)៖ ការ​ជក់​បារី ផ្តល់​ផល​វិបាក​យ៉ាងច្រើន​ដល់​សុខ​ភាព​ អ្នកជក់​បារី​នឹង​ក្លាយ​ជា​ញៀន​បារី​យ៉ាង​ឆាប់​រហ័ស​ដោយ​សារ​នី​កូទីន និង​អាច​បណ្តាល​ឱ្យ​ស្លាប់ និង​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ជា​ច្រើន ដែល​បណ្តាល​ឱ្យ​មាន​ការ​​ប្រឈម​នឹង​ការស្លាប់​មុនអាយុ ហើយបើ​តាម​ការ​ស្រាវ​ជ្រាវ​មួយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ដែល​ឈប់​ជក់​បារី​នៅ​អាយុ ៤០​ឆ្នាំ អាច​បង្កើន​អាយុ​បាន ១០​ឆ្នាំ​ទៀត ដោយការ​ឈប់​ជក់​បារី​នៅ​ពាក់​កណ្ដាល​វ័យ អាច​បញ្ចៀស​ការ​ស្លាប់​មុន​អាយុ​ជាង​អ្នក​ជក់​ដល់​ទៅ ៩០​ភាគរយ។

ក្នុងវគ្គបំប៉ន ស្តីពីការអនុវត្តបរិស្ថាន ទីក្រុងគ្មានផ្សែង​បារី ថ្មីៗនេះ នៅសាលាខណ្ឌមានជ័យ លោកមា សុភាព បានថ្លែងថា ផ្សែង​បារី​ ដែល​ជា​សារធាតុ​ញៀន​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ជក់​បារី​កាន់តែ​ចង់​ជក់​បារី​​ថែមទៀត ។ មិន​តែ​ប៉ុណ្ណោះ ធ្វើ​ឱ្យ​មាន​រោគ​សញ្ញា​ញៀន​ដែលពិបាក​ទ្រាំ​ ហើយក្រសួង​កំពុង​ស្វែង​រក​កិច្ចសហការ​ពី​បណ្ដា​ក្រសួង​​ស្ថាប័ន​រដ្ឋ​នានា ចូល​រួម​បង្កើត​កន្លែង​ធ្វើការ​គ្មាន​ផ្សែង​បារី នៅ​គ្រា​ដែល​រដ្ឋាភិបាល ​ក៏​បាន​ជំរុញ​​ឱ្យ​មាន​ការ​អនុវត្ត​វិធានការ​​នេះ​ឱ្យ​បាន​នៅ​ទូទាំង​ប្រទេស។ ការ​ចូល​រួម​​​បង្កើត​​ទីកន្លែង​​ធ្វើការ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​គ្មាន​ផ្សែង​បារី ជា​ប្រយោជន៍​​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ។

លោកបានបន្តថា «ផលិតផលថ្នាំជក់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាំងអ្នកជក់ និងអ្នកស្រូបផ្សេងបារីពីគេ ហើយនៅកម្ពុជាជាមនុស្សប្រមាណ៣០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារជំងឺ ដែលបង្កពីការប្រើប្រាស់ថ្នាំជក់ សម្រាប់ថ្នាំជក់ជាឃាតករលាក់មុខ ហើយវាជាឧបសគ្គនៃការអភិវឌ្ឍប្រទេស។ យើងសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមចំណែក ក្នុងការកសាងសមត្ថភាព អាជ្ញាធរមានសមត្ថកិច្ចបានមួយកម្រិតទៀត ដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងដើម្បីចូលរួមកែប្រែរាជធានីភ្នំពេញជាទីក្រុងគ្មានផ្សែងបារី ពិសេស ទីក្រុងគ្មានផ្សែងបារី គឺសំដៅ ដល់ការហាមមិនឲ្យជក់បារីនៅកន្លែងដែលមានដំបូល ក្រៅពីកន្លែងដែលមានដំបូល អ្នកជក់មានសិទ្ធិជក់។ ដោយឡែកកន្លែងមួយចំនួនដូចជា សាលារៀន វត្តអារាម រមណីយដ្ឋានប្រវត្តិសាស្រ្ត គ្រឹះស្ថានសុខាភិបាល សួនកុមារ កន្លែងងាយឆាបឆេះ ជាដើម ត្រូវបានហាមឃាត់មិនឲ្យជក់ក្នុងបរិវេណទាំងស្រុង»

ក្នុងបណ្តាប្រទេសអាស៊ាន មានទីក្រុងជាច្រើនដែលបានប្រកាសថា ទីក្រុងគ្មានផ្សែងបារី រួចហើយ ដូចជា ទីក្រុងម៉ាឡាកា ទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី វៀងចន្ទន៍ ហ្លួងប្រាបាង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ទីក្រុងហាយឡុង ហ៊័យអាន ប្រទេសវៀតណាម ខេត្តក្រាបី ប្រទេសថៃ ទីក្រុងម៉ាកាទី ក្រុងអីឡូអីឡូ ប្រទេសហ្វីលីពីន ជាដើម។

លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​សាទរ​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង​សុខាភិបាល ដែល​ជំរុញ​​​ឲ្យ​ស្ថាប័ន​រដ្ឋ​បង្កើត​ទីកន្លែង​គ្មាន​ផ្សែង​បារី​នេះ​ឡើង។ ក្រៅ​ពី​នេះ​លោក​បាន​ស្នើ​ទៅ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​សុខាភិបាល ត្រូវ​បង្កើត​ជា​គោលនយោបាយ​ច្បាស់លាស់ ដើម្បី​គ្រប់​ដណ្ដប់​ការ​ហាម​ជក់​បារី​ឲ្យ​បាន​ទូលំ​ទូលាយ។ ចាប់​ពី​កន្លែង​ធ្វើការ​ទៅ​ដល់​ភោជនីយដ្ឋាន មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ សួន​កុមារ និង​កន្លែង​សាធារណជន​ដទៃ​ទៀត​ប្រមូល​ផ្ដុំ​គ្នា ។ល។ ត្រូវបានហាមឃាត់ក្នុងការជក់បារី ហើយបើអ្នកចង់ជក់បារី ត្រូវប្រើប្រាស់ទីសាធារណៈ ដែលគ្មានមនុស្ស ចៀសវាងប៉ះពាល់ដល់អ្នកដទៃ។ ការ​អនុវត្ត​ការ​ហាមឃាត់​ការ​ជក់​បារី​នៅ​តាម​កន្លែង​ធ្វើការ​រដ្ឋ និង​ទីសាធារណៈ គឺ​ជា​កាតព្វកិច្ច​ដែល​កម្ពុជា ត្រូវតែ​អនុវត្ត​ទៅ​តាម​មាត្រា​៨ នៃ​អនុសញ្ញា​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ចូល​ជា​សមាជិក​តាំង​ពី​ឆ្នាំ​២០០៥។

មាត្រា​៨ នៃ​អនុសញ្ញា​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ បាន​ចែង​ថា រាល់​ភាគី​នីមួយៗ​​ជា​សមាជិក គឺ​ត្រូវ​មាន​វិធានការ​ច្បាស់លាស់​ពី​ការ​​ការពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ពី​ការ​ស្រូប​ផ្សែង​បារី និង​ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។

កញ្ញា ម៉ក់ ទេវិន ប្រធានគម្រោងនៃ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ឲ្យ​ដឹង​ថា ស្ថិតិនៃការខាតបង់ដោយសារការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា ដោយក្នុងនោះនៅឆ្នាំ២០១៣ កម្ពុជាមានអ្នកជក់បារីសរុប ប្រមាណ១,៤៧៨,១១៣​ ឬជិត១,៥លាននាក់ ក្នុងនោះប្រុស៣៩ភាគរយ និងស្រី៣,៤ភាគរយ ហើយការជក់បារី បណ្តាលឲ្យ​ប្រជាពលរដ្ឋកម្ពុជា ប្រមាណ១ម៉ឺននាក់បានស្លាប់ ជារៀងរាល់ថ្ងៃដោយសារជំងឺ ដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ហើយចំណាយទៅលើការទិញបារី ស្មើនឹង២០០លានដុល្លារ។ នៅឆ្នាំ២០១៣ គ្រាន់តែចំណាយទៅលើការព្យាបាលជំងឺ៥មុខស្នើនឹង១៦២លានដុល្លារ។

[Forwarded from Leakhena Soy]
គួរឲ្យដឹងផងដែរថា ក្រសួងសុខាភិបាល ព្រមានផាកពិន័យក្រុមហ៊ុនផលិតផលថ្នាំជក់ ដែលមិនអនុវត្តតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ អនុក្រឹត្យស្តីពី ការបោះពុម្ពសារព្រមានសុខភាព ជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ទំហំ៥៥% បានចូលជាធរមាន តាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ។ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតផលថ្នាំជក់មួយចំនួន ពុំទាន់អនុវត្តបានពេញលេញនៅឡើយ។

បន្ថែមលើសពីនេះទៀត គ្រប់ក្រុមហ៊ុនផលិតផលថ្នាំជក់ នៅមិនទាន់គោរពបានលើវិធានការចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ ដូចដែលមានចែង ក្នុងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅឡើយទេ ដោយបន្តការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ក្រោមរូបភាពជាច្រើនដូចជាតាមរថយន្ត និងក្រុមស្រ្តីចល័តជាដើម ដោយឡែកចំពោះការដាក់តាំងផលិតផលថ្នាំជក់តាមកន្លែងលក់វិញ ក្រុមហ៊ុនផលិតផលថ្នាំជក់ នៅតែបន្តដាក់តាំងទូលក់ផលិតផលមិនត្រឹមត្រូវតាមប្រកាសរបស់ក្រសួងសុខាភិបាលទេ ដូចជាដាក់តាំងធុងបារីលើសពីមួយ ហើយធុងបារី និងផ្ទៃតាំងផលិតផលថ្នាំជក់មានចំនួនលើសការកំណត់ ដោយវាមានទំហំធំ និងពណ៌ខុសពីការកំណត់របស់ក្រសួង ដោយសារធុងទាំងនោះ មានរូបភាពផ្សាយពាណិជ្ជកម្មបារីជាពណ៌ ជាមិត្តសញ្ញាក្រុមហ៊ុនជាដើម។ ក្រសួងសុខាភិបាល ក៏បានព្រមានដល់ក្រុមហ៊ុនផលិតផលថ្នាំជក់ទាំងអស់ កុំឲ្យបន្តរំលោភច្បាប់ទៀត។ ក្នុងករណីមិនគោរពលិខិតព្រមាននេះ ក្រសួងសុខាភិបាលនឹងធ្វើការផាកពិន័យក្រុមហ៊ុនផលិតផលថ្នាំជក់ដែលល្មើសទាំងនេះ ដូចមានចែងក្នុងច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាធរមាននាពេលខាងមុខឆាប់ៗនេះ។

បើ​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ការ​ជក់​បារី​អាច​បណ្ដាល​ឲ្យ​ស្ទះ​ផ្លូវ​ដង្ហើម រលាក​ទង​សួត កើត​រោគ​មហារីក និង​ការ​ចុះ​ខ្សោយ​ផ្លូវ​ភេទ​ជាដើម។ ក្រៅ​ពី​នេះ ការ​ជក់​បារី​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ បាយ​មិន​បាន ឆាប់​ហេវហត់​អស់​កម្លាំង និង​កាត់​បន្ថយ​អាយុ​ផង​ដែរ។ ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​វិញ ការ​ជក់​បារី​អាច​បណ្ដាល​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ ឬ​ស្លាប់ និង​បង្ក​គ្រោះ​ថ្នាក់​ចំពោះ​ម្ដាយ។ ជាតិ​នីកូទីន​នៅ​ក្នុង​ថ្នាំ​ជក់ អាច​បណ្ដាល​ឲ្យ​ត្បៀត​សរសៃ​ឈាម​ក្នុង​ទង​សុក ដែល​ធ្វើ​ឲ្យ​បរិមាណ​អុកស៊ីហ្សែន​ផ្គត់ផ្គង់​ទៅ​គភ៌​មាន​ការ​ថយ​ចុះ ជា​ហេតុ​បង្ក​ហានិភ័យ​យ៉ាង​ខ្លាំង​ក្នុង​ពេល​ទារក​ប្រសូត។ បារី​គ្មាន​ប្រយោជន៍​ចំពោះ​សុខភាព​នោះ​ទេ គឺ​មាន​តែ​ផល​ប៉ះ​ពាល់​ម្យ៉ាង​ប៉ុណ្ណោះ៕