(ម៉ិចស៊ីកូស៊ីធី)៖ គំរោងកសាង​ជញ្ជាំងព្រំដែន​របស់ លោក ដូណាល់ ត្រាំ ដើម្បី​បែងចែក​សហរដ្ឋអាមេរិក ជាមួយនឹង​ម៉ិចស៊ីកូ ប្រកបដោយសុវត្ថិភាព​បំផុតនោះ ត្រូវបានមន្ត្រី​ជំនាញ​នៃអង្គការ​សហប្រជាជាតិ (UN) អះអាងថា នឹងបង្កមហន្តរាយ​ដល់បរិស្ថាន ព្រមទាំង​បញ្ហានានាមួយចំនួនទៀត។ នេះបើតាមការ​​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ចន ណុក (John Knox) អ្នករាយការណ៍​ពិសេសរបស់ UN ស្តីពីសិទ្ធិមនុស្ស និងបរិស្ថាន​​បានលើក​ឡើងថា «ជញ្ជាំង​ព្រំដែននោះ នឹងបង្កមហន្តរាយ​ក្រោមហេតុផល​នានាដាច់ដោយ​ឡែកពីគ្នា... ហើយមួយក្នុង​ចំណោមហេតុផល​ទាំងនោះ គឺវានឹងបង្ក​ឲ្យមាន​មហន្តរាយដល់បរិស្ថាន​ក្នុងកម្រិតណា​មួយតែម្តង។ ជីវៈចំរុះ និងប្រព័ន្ធ​អេកូឡូស៊ី មិនបាន​ខ្វាយខ្វល់អំពី​ជញ្ជាំងនយោបាយ​នោះឡើយ ដោយពួកគេនឹង​មិនឈប់​នៅកន្លែង​ដែលជញ្ជាំងកសាងនោះឡើយ»

គួរបញ្ជាក់ថា លោក ណុក បានថ្លែងដូចខាងលើនេះ គឺចង់សំនៅទៅ​លើពពួកសត្វព្រៃ ឬជីវៈចំរុះ ដែលតែងតែ​​ធ្វើដំណើរ និងរកចំណីទៅ​តាមផ្លូវធម្មជាតិ ដោយមិនដែលខ្វាយខ្វល់ពី​ព្រំដែន​នោះឡើយ ហើយបើសិន​ជាមាន​ការឃាំង ដោយជញ្ជាំងបិទជិត ដែលមិនអាចសូម្បីតែមើលគ្នាឃើញនោះ វានឹងធ្វើឲ្យ​សកម្មភាពធម្មជាតិ​របស់ពពួកសត្វ​ទាំងនោះ ត្រូវរារាំង។ ដូច្នេះមន្ត្រីជំនាញ​ UN រូបនេះ​សង្ឃឹមថា «នឹងមិនមានការកសាងជញ្ជាំង​ព្រំដែន រវាងអាមេរិក-ម៉ិចស៊ីកូឡើយ»

សម្រាប់គំរោងកសាង​ជញ្ជាំងព្រំដែននេះ គឺជាផែនការធំមួយ ដែលលោក ដូណាល់ ត្រាំ បានសន្យាទៅ​ប្រជាពលរដ្ឋអាមេរិក តាំងពីមុនពេល​បោះឆ្នោតមកម្ល៉េះ ហើយជញ្ជាំង​ដែលគ្រោង​សាងសង់រាប់ពាន់គីឡូម៉ែត្ររវាងអាមេរិក និងម៉ិចស៊ីកូ នោះ គឺមានកម្ពស់​រហូតដល់ទៅ ០៩ម៉ែត្រ ដោយវានឹងក្លាយ​​ជាជញ្ជាំង​ដ៏រឹងមាំ ដែលអាច​ការពារការលួចចូល​ពី​ជនអន្តោប្រវេសន៍​ខុសច្បាប់ និងការរត់ពន្ធគ្រឿង​ញៀន​ផងដែរ៕