(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា នៅថ្ងៃនេះ​ អង្គការ NPA ដែលជាអង្គការដៃគូជាមួយស៊ីម៉ាក់ បានផ្តល់ព័ត៌មានថា​ ស្ថានទូតអាមេរិកបានសំរេចកាត់ផ្តាច់ជំនួយមនុស្សធម៌របស់ខ្លួន មកស៊ីម៉ាក់ចាប់ពីដើម ខែមករា ឆ្នាំ២០១៨តទៅ​ ដោយគ្មានការបញ្ជាក់ហេតុផលអ្វីច្បាស់លាស់ឡើយ។

លោក ហេង រតនា បានបញ្ជាក់ថា ថវិកាជំនួយនោះគឺជាជំនួយសម្រាប់បោសសំអាតគ្រាប់បែករបស់អាមេរិក ដែលទំលាក់លើទឹកដីខ្មែរ ដែលមានទឹកប្រាក់ប្រមាណ ២.៥លានដុល្លារក្នុង១ឆ្នាំៗ ប៉ុន្តែបើទោះបីគ្មានថវិកានេះក្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងដៃគូអភិវឌ្ឍន៍ដទៃទៀតធានាជួយឲ្យស៊ីម៉ាក់ នៅបន្តប្រតិបត្តិការនេះដដែលមិនដកថយឡើយ។

លោក ហេង រតនា បានបញ្ជាក់ថា កន្លងមកស៊ីម៉ាក់ និងភាគីអាមេរិក​ (ក្រសួងការបរទេសអាមេរិក)​ បានឯកភាពគ្នាក្នុងការគាំទ្រកំលាំងស៊ីម៉ាក់ឲ្យជួយបោសសំអាត គ្រាប់សំណល់ជាតិផ្ទុះ របស់សហរដ្ឋអាមេរិកនៅលើទឹកដីកម្ពុជា​ មាន​ដូចជា គ្រាប់បែកទំលាក់ពីយន្តហោះ គ្រាប់បែកចង្កោម​ និងគ្រាប់យុទ្ធទណ្ឌមិនទាន់ផ្ទុះជាច្រើនទៀត​។ កិច្ចប្រតិបតិ្តការបោសសំអាតគ្រាប់សំណល់ជាតិផ្ទុះ ពីសង្គ្រាមរបស់អាមេរិកនេះ បាននិងកំពុងទទួលលទ្ធផល និងប្រសិទ្ធិភាពយ៉ាងល្អប្រសើរ។

លោក ហេង រតនា បានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះការសម្រេចរបស់អាមេរិកយ៉ាងដូច្នេះថា «ខ្ញុំមានការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះការបញ្ចប់ជំនួយយ៉ាង តល់ក្រហល់នេះ​ ជាពិសេសទន្ទឹមពេលដែលកម្ពុជា កំពុងរុករកឃើញ និងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារសំណល់អាវុធគីមីរបស់អាមេរិក​ដែលរដ្ឋាភិបាលអាមេរិក ត្រូវទទួលខុសត្រូវ។

ខ្ញុំសូមឆ្លៀតឱកាសនេះ​ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងការគំរាមកំហែងដោយសារគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមអាមេរិក​ មេត្តាកុំមានការព្រួយបារម្ភចំពោះការ កាត់ផ្តាច់ជំនួយនេះ​ ព្រោះថាសម្តេចតេជោ​ ប្រមុខរាជរដ្ឋាភិបាលនឹង មិនឲ្យការបញ្ចប់ជំនួយអាមេរិកនេះ​ ប៉ះពាល់កិច្ចប្រតិបតិ្តការរបស់ស៊ីម៉ាក់ ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជាឡើយ»

លោក ហេង រតនា បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ​និងដៃគូដទៃទៀត ធានារ៉ាប់រងផ្តល់ថវិកាគាំទ្រកិច្ចប្រតិបតិ្តការរបស់ស៊ីម៉ាក់ឲ្យនៅដដែល​ ជំនួសថវិការបស់អាមេរិក ដែលផ្តាច់ជំនួយចំពោះកិច្ចប្រតិបតិ្តការមនុស្សធម៌របស់ស៊ីម៉ាក់ ក្នុងការបោសសំអាតគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមរបស់សហរដ្ឋអាមេរិក។

អគ្គនាយករូបនេះ បានថ្លែងថា «ខ្ញុំបានទទួលការណែនាំ និងអនុសាសន៍ពី សម្តេចអគ្គមហាសេនាបធិតីតេជោ​ ប្រមុខរាជរដ្ឋាភិបាលដោយផ្ទាល់ និងសូមជំរាបជូនកំលាំងស៊ីម៉ាក់ ដែលកំពុងប្រតិបតិ្តការទាំងអស់ ដែលស្ថិតក្រោមគំរោងគាំទ្រ ដោយថវិកាអាមេរិកជ្រាបថា​ កំលាំងទាំងអស់នឹងត្រូវរក្សាឲ្យបន្តកិច្ចប្រតិបតិ្តការដដែល​ ដោយរាជរដ្ឋាភិបាលរួមជាមួយដៃគូដទៃទៀត នឹងដាក់ថវិកាជំនួស ថវិការបស់អាមេរិកដែលបានកាត់ផ្តាច់នេះ​ ចាប់ពីដើមខែមករា ឆ្នាំ២០១៨តទៅ»

លោក ហេង រតនា បានបន្ថែមទៀតថា «ខ្ញុំបាទតាងនាមមន្ត្រីបុគ្គលិកស៊ីម៉ាក់ ស្ថិតនៅក្រោមគំរោងនៃការបញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិក​ ក៏ដូចប្រជាពលរដ្ឋ សូមសំដែងនូវដឹង គុណយ៉ាងជ្រាលជ្រៅបំផុត​ ចំពោះវិធានការយ៉ាងរឹងមាំ របស់សម្តេចតេជោ​ ក្នុងការធានាសេចក្តីសុខសុវតិ្ថភាព របស់ប្រជាពលរដ្ឋដែលរងគ្រោះ​ ក៏ដូចជារងការគំរាមកំហែង ពីគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាម​ ជាពិសេសគ្រាប់ជាប្រភពដើម របស់អាមេរិកទំលាក់នៅកម្ពុជា ដូចជាគ្រាប់បែកធំៗទំលាក់ពីយន្តហោះ​ គ្រាប់បែកចង្កោម​ និងគ្រាប់បែកជាអាវុធគីមីជាដើម។ល។»

សូមជម្រាបថា ការសំរេចចិត្តផ្តាច់ជំនួយយ៉ាងតក់ក្រហល់របស់អាមេរិក ចំពោះសកម្មភាពបោសសម្អាត កាកសំណល់មិនទាន់ផ្ទុះ របស់ខ្លួនទម្លាក់លើទឹកដីខ្មែរនេះ ធ្វើឡើងបន្ទាប់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្ត្រីជំនាញរបស់កម្ពុជា ប្រតិកម្មខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់អាមេរិក ដែលចាត់ទុកគ្រាប់បែកគីមីនៅខេត្តស្វាយរៀង ត្រឹមជាឧស្ម័ន បង្ហូរទឹកភ្នែក ដែលការលើកឡើងនេះ ទង្វើមិនទទួលខុសត្រូវមួយ ចំពោះអំពើខុសឆ្គងរបស់ខ្លួនធ្វើមកលើប្រជាជនកម្ពុជា ខណៈមន្ត្រីជំនាញរបស់កម្ពុជា រកឃើញថា គ្រាប់បែកគីមីនោះ ជាប្រភេទ Nitrogen Mustard ដែលហៅថា​ Blister agents ដែលមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ លើសុខភាពមនុស្ស​ដូចជា​ ប៉ោងស្បែក រលាកស្បែក​ និងថប់ដង្ហើម​ជាដើម៕