(អូស្ត្រលី)៖ នៅចំពោះមុខអ្នកចូលរួមប្រមាណជា ១០០០នាក់ ក្នុងសន្និសីទថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រចាំឆ្នាំលើកទី១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកបង្ហាញពីសក្តានុពលសម្រាប់ការវិនិយោគនៅក្នុងប្រទេស ព្រមទាំងប្រព័ន្ធអនុគ្រោះនានារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អ្នកវិនិយោគបរទេសផងដែរ។

លោករដ្ឋមន្រ្តីពាណិជ្ជកម្មលើកឡើងថា កម្ពុជាមានគោលនយោបាយអនុគ្រោះច្រើនដល់វិនិយោគិន និងធុរជន ដូចជាមានគោលនយោបាយលើកទឹកចិត្តខាងផ្នែកពន្ធ ជនបរទេសអាចបង្កើតក្រុមហ៊ុនដោយភាគទុនបរទេស ១០០ភាគរយ។ល។ លោក ប៉ាន សូរស័ក្តិ បានអំពាវនាវឲ្យអ្នចូលរួមទាំងអស់ ពិចារណាអំពីការមកវិនិយោគនៅកម្ពុជា។

ក្នុងកិច្ចប្រជុំនោះលោក ប៉ាន សូរស័ក្តិ ក៏បានលើកឡើងពីសារៈសំខាន់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងការរួមចំណែកដល់ការលើកស្ទួយវិស័យសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងកាលៈទេសៈនៃការកើនឡើងនូវការគំរាមកំហែងពីនិន្នាការគាំពារនិយម។

លោករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរពីការរួមចំណែករបស់កម្ពុជាក្នុងការកសាងមូលដ្ឋានច្បាប់សម្រាប់ការធ្វើពាណិជ្ជកម្មក្នុងក្របខណ្ឌអាស៊ាន ក៏ដូចជារួមចំណែកក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន ជាមួយដៃគូរបស់ខ្លួន ជាពិសេសកម្ពុជាតែងគាំទ្រ និងជំរុញឲ្យការចរចាកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ (Regional Comprehensive Economic Partnership) បញ្ចប់ឲ្យបានឆាប់ ក្នុងបរិបទដែលកិច្ចព្រមព្រៀងភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិក (Trans Pacific Partnership) កំពុងដួលរលំ៕