(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកម្លាំងនគរបាលរបស់លោក បើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងមូលដ្ឋានស្រុកបាធាយ ដោយដកហូតបានវត្ថុតាងជាច្រើនដើម្បីដុតបំផ្លាញចោល។

លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ​លោកបានចាត់បញ្ជាលោកអធិការនគរបាលស្រុកបាធាយ ដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយសមត្ថកិច្ចជលផលខេត្ត ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចស្ពានត្រោះ ស្ថិតក្នុងភូមិសាស្រ្ត ឃុំជាលា។

បើតាមលោកស្នងការ ជាលទ្ធផល ដកហូតបានលូស្បៃមុង ចំនួន១៣មាត់, របាំងស្បៃមុង ប្រវែង៦៥០ម៉ែត្រ, បង្គោលចម្រឹង ចំនួន១៩៥ដើម, និងចាក់លែងកូនត្រីចម្រុះ ចំនួន១៩,៥គីឡូក្រាម។ ដោយឡែកចំពោះឧបករណ៍ វត្ថុតាងខាងលើ​បានដុតបំផ្លាញចោល​នៅនឹងកន្លែងតែម្ដង៕