(ត្បូងឃ្មុំ)៖ ថ្លែងស្វាគមន៍ទៅកាន់បវរកញ្ញាពិភពលោក មកពី៦៥ប្រទេសរួមទាំងកម្ពុជាផងដែរនោះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់យ៉ាងច្បាស់ថា ដោយសារតែប្រទេសកម្ពុជា មានសុខសន្ដិភាពពាសពេញផ្ទៃប្រទេស បានអនុញាតឲ្យបវរកញ្ញាពិភពលោកទាំងអស់ អាចដើរហើរបានដោយសេរី មិនមានការព្រួយបារម្ភអ្វីឡើយ ដែលនេះ សបញ្ជាក់ប្រាប់ពិភពលោកថា កម្ពុជាគ្មានបញ្ហា​អ្វីទេ គឺប្រទេសនេះមានសុខសន្ដិភាព សុវតិ្ថភាព ពាសពេញផ្ទៃប្រទេស។

ថ្លែងយ៉ាងដូច្នេះរបស់ លោកអភិបាលខេត្ត ធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញទទួលប្រតិភូបវរកញ្ញាពិភពលោក (Miss Global 2017) ដែលធ្វើដំណើរទៅកាន់ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីធ្វើសកម្មភាពបំផុសចលនា គាំពារបរិស្ថានជាមួយប្រជាជនកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការទទួលស្វាគមន៍ យ៉ាងរួសរាយរាក់ទាក់ ជាមួយនឹងស្នាមញញឹម ប្រកបដោយភាពកក់ក្ដៅ លោកអភិបាលខេត្តបានថ្លែង​អំពី​ភាពសប្បាយរីករាយ របស់ប្រជាជនកម្ពុជា ដែលមានសុខសន្ដិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើឲ្យនេះ មានសុខសន្ដិភាព ដូចសព្វថ្ងៃ។

លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះថា «ប្រទេសកម្ពុជា គឺសប្បាយ គ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ សន្ដិភាពមានទូលទាំងប្រទេស គឺមិនមែនមានតែនៅស្រុកអូរាំងឪនេះទេ ប្រសិនបើបវរកញ្ញាទាំងអស់ចង់អញ្ជើញទៅតំបន់ផ្សេងៗ ក៏អាចធ្វើដំណើរទៅបាន​ ដោយមិនមានការបារម្ភ។ ទាំងនេះហើយ គឺបញ្ជាក់ពីការដឹងនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា»។

លោកអភិបាលខេត្តបានចាត់ទុកថា វត្តមានរបស់បវរកញ្ញាទាំង៦៥ប្រទេសនៅកម្ពុជា នៅពេលនេះ គឺជាសាក្សីមួយនៅពេលដែលពួកគាត់ត្រលប់ ទៅកាន់ប្រទេសរបស់ខ្លួនវិញ អាចចែករំលែកនូវព័ត៌មាន នៃការរស់នៅជាក់ស្ដែងរបស់ប្រជាជនកម្ពុជា ជាមួយសុខសន្ដិភាព​ ប្រាប់ពិភពលោក។

សូមជម្រាបថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថានបានដឹកនាំបវរកញ្ញាមកពី៦៥ប្រទេស ​ឆ្ពោះទៅកាន់ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីបំផុសចលនាកិច្ចគាំពារបរិស្ថាន ជាមួយនឹងសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសចុះទៅកាន់ខេត្តត្បូងឃ្មុំ បវរកញ្ញាឯកទាំង៦៥ប្រទេសក៏ដាំដើមឈើ ជានិមិត្តរូបរបស់ខ្លួននៅកម្ពុជា ហើយពួកគេក៏បានចុះស្វែងយល់ដោយផ្ទាល់ ពីជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកអូរាំងឪផងដែរ៕