(ភ្នំពេញ)៖ ក្រុមហ៊ុនណាហ្គាខប លីមីធីត (Naga Corp) តាមរយៈសាខារបស់ខ្លួន គឺណាហ្គាវើលដ៍លីមីធីត (Naga World) ដែលគ្រប់គ្រង និងប្រតិបត្តិការណាហ្គាវើលដ៍ បានសម្ពោធបឋម​ណាហ្គាទី២ និងផ្សារទំនើបក្រោមដី ណាហ្គាស៊ីធីវ៉ក ក្នុងរាជធានីភ្នំពេញ ដែលមានទឹកប្រាក់វិនិយោគប្រមាណ១.៥ ប៊ីលានដុល្លារអាមេរិក។

ពិធីបើកសម្ពោធបឋមនៃណាហ្គាទី២​ និងផ្សារទំនើបក្រោមដី ណាហ្គាស៊ីធីវ៉កនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពី លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម, លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅកម្ពុជាទាំង១០ប្រទេស​​ នៅក្នុងរាត្រីសមោសរអាស៊ានហ្គោល ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។

ណាហ្គាទី២ ត្រូវបានសាងសង់លើផ្ទៃដីសរុបប្រមាណ ១២០,០០០ម៉ែត្រការ៉េ។ ណាហ្គាទី២ មានបន្ទប់សណ្ឋាគារ៩០៣បន្ទប់ (រួមមានបន្ទប់វីអាយភីស្វ៊ីត ៣៦បន្ទប់) ផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក ដែលមានទំហំ៣,៨០០ ម៉ែត្រការ៉េ មណ្ឌលស៉្បាប្រណីតលំដាប់ពិភពលោក (៦៥ បន្ទប់ស្ប៉ាស្វ៊ីត) ភោជនីយដ្ឋានលំដាប់អន្តរជាតិជាច្រើនកន្លែង សាលមហោស្រព/សន្និបាត ដែលមាន២,២០០ កៅអី និងសាលកាស៊ីណូផងដែរ។

ណាហ្គាស៊ីធីវ៉ក ដែលជាផ្សារទំនើបក្រោមដីលក់ទំនិញ រួចពន្ធម៉ាកអន្តរជាតិល្បីៗ គឺជាផ្សារទំនើបក្រោមដី ដែលតភ្ជាប់ណាហ្គាវើលដ៍ បច្ចុប្បន្នទៅណាហ្គាទី២។

ក្រុមហ៊ុន China Duty Free Group ដែលជាក្រុមហ៊ុនលក់ទំនិញរួចពន្ធក្នុងប្រទេសចិន បានជួលណាហ្គាស៊ីធីវ៉ក ចាប់តាំងខែមីនា ឆ្នាំ២០១៦ ដើម្បីបើកដំណើរការ លក់ទំនិញម៉ាកអន្តរជាតិល្បីៗសុទ្ធ ១០០%។

លោក Tan Sri Dr. Chen Lip Keong ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប លីមីធីត បានថ្លែងថា «ពិធីបើកសម្ពោធបឋមនៃណាហ្គាទី២ នៅថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យ។ ណាហ្គាខប គឺជាមណ្ឌលកម្សាន្តចម្រុះលំដាប់ពិភពលោក ដែលជាក្រុមហ៊ុន និងសណ្ឋាគារ ដែលរកប្រាក់ចំណេញ បានច្រើនជាងគេមួយនៅក្នុងពិភពលោក»

ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប លីមីធីតរូបនេះ បានបន្ដទៀតថា ជាមួយការបើកដំណើរការ នៃណាហ្គាទី២ និងផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក វានឹងក្លាយទៅជាមណ្ឌលកម្សាន្ត ចម្រុះលំដាប់ពិភពលោកមួយ ដែលមានទឹកប្រាក់វិនិយោគប្រមាណ១.៥ប៊ីលានដុល្លារអាមេរិក។

លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ មូលធនទីផ្សាររបស់មណ្ឌលកម្សាន្តណាហ្គាវើលដ៍ មានទំហំទឹកប្រាក់ ៣.៥២ ប៊ីលានដុល្លារអាមេរិក។ ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុនអចលនទ្រព្យ ហុងកុង Colliers International HK បានវាយតម្លៃ ណាហ្គាទី១ និងណាហ្គាទី២ មានតម្លៃប្រមាណ ៥.១ប៊ីលានដុល្លារ ហើយណាហ្គាគ្រុប មិនមានជំពាក់បំណុលអ្វីទាំងអស់។

រដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ​កិច្ចខិតខំប្រឹងប្រែង របស់​​ក្រុមហ៊ុន Naga World លើការអភិវឌ្ឍគម្រោងទី២នេះ ដែលត្រូវ​បាន​សម្ពោធ​ដាក់ឲ្យដំណើរការ​នាថ្ងៃនេះ ស្មើនឹងប្រមាណ ១៦០០បន្ទប់​បន្ថែម ស្របពេលដែល​រាជធានីភ្នំពេញ មានតម្រូវការបន្ទប់ស្នាក់នៅ​លំដាប់ស្តង់ដារ សម្រាប់​ភ្ញៀវ​ទេសចរ​ប្រមាណចំនួន៤៣៦៣បន្ទប់ បន្ថែមទៀតក្នុងឆ្នាំ​២០១៨ ដែលនឹងឈានចូលមក​ដល់នាពេលដ៏ខ្លីខាងមុខនេះ»

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា សេវាកម្មស្នាក់នៅជា​ប្រភេទ ​នៃ​សេវាកម្មនាំមុខ​ក្នុងវិស័យទេសចរណ៍​។ សេវាកម្មស្នាក់នៅ​ដែល​ល្អប្រណីត ត្រូវភ្ជាប់ជា​មួយ ​នឹង​សេវាកម្មទេសចរណ៍​ដទៃទៀតដ៏សំបូរបែប និងផ្តល់សេវា ដោយបុគ្គលិកដែល​មាន​ជំនាញ​ច្បាស់​លាស់។ ខ្ញុំសូម​ធ្វើការកត់សម្គាល់ និងផ្តល់អនុសាសន៍មួយ​ចំនួន​ជូន​ក្រុមហ៊ុន NagaWorld រួមមាន៖

ទី១៖ ​ស្នើរក្សា​ និងបន្តការពង្រឹងគុណភាព​សេវាកម្ម។

ទី២៖ ស្នើបន្តចូលរួម​ ដល់កិច្ចការពារ​បរិស្ថាន ដើម្បី​និរន្តរភាព​គោលដៅ​ទេសចរណ៍​​ស្អាត​ និងបៃតង (Eco-friendly facilities)។

ទី៣៖​ ស្នើបន្តការសហការជាមួយក្រសួងទេសចរណ៍​ លើការងារ​ពង្រឹង​សមត្ថភាព​ជំនាញវិជ្ជាជីវៈ។

ទី៤៖ ស្នើចូលរួម​ដល់ការជំរុញការ​ប្រើប្រាស់ផលិតផលក្នុងស្រុក។

​​ទី៥៖ ​ស្នើបន្តយកចិត្ត​ទុកដាក់បន្ថែម ត្រៀមលក្ខណៈទទួលភ្ញៀវ​ទេសចរចិន ​(Be ready for China-Ready)។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅឆ្នាំ​២០១៦ កម្ពុជាទទួលបាន​ទេសចរ​​​អន្តរជាតិប្រមាណ​​ជាង​ ​៥លាន​នាក់​ ក្នុង​កំណើនប្រមាណ​ ​៥% ហើយក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៧នេះ យើងទទួលបាន​ទេសចរ​អន្តរជាតិប្រមាណ​ជាង ៣.៥ លាននាក់ ក្នុងកំណើនប្រមាណ ១១.៨%។ តាមការព្យាករណ៍ កម្ពុជា​នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៦ លាននាក់ នៅឆ្នាំ២០១៧នេះ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០។

សូមបញ្ជាក់ថា ក្រុមហ៊ុនណាហ្គាខប លីមីធីត ត្រូវបានចុះបញ្ជី ក្នុងទីផ្សារភាគហ៊ុនហុងកុង ក្នុងខែតុលា ឆ្នាំ២០០៦ (SEHK លេខកូដ ៣៩១៨)។ បង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ណាហ្គាខប លីមីធីត គឺជាក្រុមហ៊ុនមេ ដែលគ្រប់គ្រង និងប្រតិបត្តិការក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តចម្រុះលំដាប់ពិភពលោកតែមួយគត់ ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ៕