(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោកសាស្ត្រាចារ្យ Phillippe Descamps សាស្ត្រាចារ្យ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី ដែលជាសក្ខីភាពមួយថ្មីទៀត នៃការយកចិត្តទុកដាក់របស់រាជរាដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ដែលបានខិតខំប្រឹងប្រែងជួយស្វែងរក អាហារូបករណ៍ ព្រមទាំងផ្ទេរនូវចំណេះដឹង និងចំណេះធ្វើដល់សាស្រ្តាចារ្យ និងនិស្សិត ថ្នាក់វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលតាំងពីឆ្នាំ២០០៥ កន្លងមក។

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា សូមថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យ Phillippe Descamps លោកបានបង្រៀនថ្នាក់វេជ្ជបណ្ឌិត ឯកទេសសម្ភព និងរោគស្ត្រីនៃសាកលវិទ្យាល័យ Angers (Université d’Angers) នៃប្រទេសបារាំង និងជាអ្នកទទួលបន្ទុកទំនាក់ទំនងអន្តរជាតិនៃ CNGOF (Collège National des Gynécologues et Obstétriciens Français) ដែលបានចែករំលែកបទពិសោធន៍ ក្នុងការបញ្ចូលនូវការអនុវត្តន៍បង្ហាញត្រាប់ ទៅក្នុងកម្មវិធីសិក្សា ក្នុងមហាវិទ្យាល័យវេជ្ជសាស្រ្តក្នុងពេលថ្មីៗនេះ ដើម្បីជំរុញឲ្យការបណ្តុះបណ្តាលរបស់យើង ក្លាយជាការបណ្តុះបណ្តាល ដោយផ្អែកលើសមត្ថភាពជាមូលដ្ឋាន (Competency based)»។

រដ្ឋមន្ដ្រីបន្ដថា «តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោកសាស្រ្តាចារ្យ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធានានូវនិរន្តរភាពនៃការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រសុខាភិបាលផ្នែកសម្ភព និងរោគស្ត្រីនៅកម្ពុជា តាមរយៈការពង្រឹងនិងពង្រីកសមត្ថភាពដល់គ្រូ និងនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រីជាច្រើនរូប។ ខ្ញុំក៏សូមយកឱកាសនេះ រំលឹកដល់គុណបំណាច់ របស់លោកសាស្រ្តាចារ្យ Jacques Lansac ដែលបានជួយជ្រោមជ្រែងផ្តួចផ្តើមអភិវឌ្ឍន៍ ការបណ្តុះបណ្តាលថ្នាក់វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល តាំងពីកកើតដំបូង និងបានយកចិត្តទុកដាក់ជួយដល់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី ជាច្រើនរូបឲ្យទៅបន្តការសិក្សានៅប្រទេសបារាំង។ ទោះជាពេលនេះ លោកបានចាកឆ្ងាយពីពួកយើងមែន តែគុណបំណាច់ និងសមិទ្ធផលរបស់លោក នៅតែស្ថិតនៅក្នុងដួងចិត្តយើងគ្រប់គ្នា»

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងទៀតថា ដើម្បីបង្កើនគុណភាពនៃការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង ដោយបានផ្តល់អាទិភាពដល់វិស័យសុខាភិបាល ព្រមទាំងជម្រុញការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរវិស័យ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ទាំងអស់ រួមទាំងវិស័យឯកជនផងដែរ ។

ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានថ្លែងផងដែរថា «ក្នុងនាមសវស និងក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូន ចំពោះលោកសាស្ត្រាចារ្យ Phillippe Descamps ដែលបានសហការល្អ ជាមួយលោក សាស្ត្រាចារ្យ និង និសិ្សតនៅកម្ពុជា ដើម្បីជួយដល់ការបណ្តុះបណ្តាល ឯកទេសសម្ភព និង រោគស្ត្រីនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក៏ដូចជានៅក្នុងព្រះរាជាណាចក្រ កម្ពុជាទាំងមូល ។ខ្ញុំបាទសង្ឃឹមថា​ ក្រោយពីបានទទួលមេដាយនេះ លោកសាស្រ្តាចារ្យ នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបារាំងជាមួយកម្ពុជា ជាពិសេស ក្នុងវិស័យបណ្តុះបណ្តាលវិទ្យាសាស្រ្តសុខាភិបាល នេះអោយកាន់តែរីកលូតលាស់ថែមទៀត»

លោកសាស្ដ្រចារ្យ បន្ថែមថា នៅដំនាក់កាលដំបូងនៃបេសកកម្មបង្រៀន (Missions d’Enseignement des Professeurs Français) នៅឆ្នាំ ១៩៩៦ ក្រុមការងារថ្នាក់ឯកទេសសម្ភពនិងរោគស្ត្រី មានលោកសាស្ត្រាចារ្យ Jacques Lansac ជាអ្នកទទួលសម្របសម្រួលថ្នាក់ឯកទេសនេះ ដែលបានសម្រេចបេសកកម្មបង្រៀន ចំនួន៣ដង ក្នុង១ឆ្នាំ ដែលមានរយៈពេល១៥ថ្ងៃ ផ្នែក diagnostic prénatale, échographie, grossesses pathologiques, chirurgie gynécologique, assistance médicale à la procréation ក្រោមជំនួយឧបត្ថម្ភជាថវិកា ដោយ ក្រសួងការបរទេសបារាំង ។

រហូតមកបច្ចុប្បន្ននេះ ដោយការខិតខំប្រឹងប្រែង របស់លោកសាស្ត្រាចារ្យ Philippe Descamps និស្សិតឯកទេសសម្ភព និងរោគស្ត្រីនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (Diplôme d’Etude Spécialisée de Gynécologie-Obstétrique) ចំនួន២០រូប ត្រូវបានបញ្ជូនឲ្យទៅទទួល ការបណ្តុះបណ្តាលបន្ត នៅឯប្រទេសបារាំង ក្រោមជំនួយឧបត្ថម្ភ អំពីរដ្ឋាភិបាលប្រទេសបារាំង ក្នុងចំនួនទឹកប្រាក់ ២៨,០០០ អ៊ឺរ៉ូក្នុង១ឆ្នាំ សម្រាប់និស្សិត អាហារូបករណ៍ FFI ម្នាក់ៗ បន្ទាប់មក ថវិកាចំនួន ៣០,០០០ អ៊ឺរ៉ូក្នុង១ឆ្នាំ ដែលត្រូវជា ៥៥២,០០០ អ៊ឺរ៉ូនៃថវិកាហិរញ្ញវត្ថុសរុប ចាប់ពីឆ្នាំ២០០៥មក៕