(ភ្នំពេញ)៖ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា រយៈពេលជាង២០ឆ្នាំមកនេះ ក្រោយពីមានការបោះឆ្នោតសកលរៀបចំឡើង ដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថាអ៊ុនតាក់ នៅខែឧសភា ឆ្នាំ១៩៩៣ ពលរដ្ឋខ្មែរអាចនឹងប្លែកអារម្មណ៍ថា កម្ពុជាបានរៀបចំឱ្យមានច្បាប់អនុញ្ញាតឱ្យ មានការរំលាយគណបក្សនយោបាយចោលដែលប្រព្រឹត្តខុសច្បាប់។ 

ប្រការដែលចែងអំពីការរំលាយបក្សបាននេះ ត្រូវធ្វើវិសោធនកម្មនៅអំឡុងខែតុលា ឆ្នាំ២០១៧នេះ ១១ឆ្នាំ ក្រោយពីច្បាប់នេះត្រូវបានអនុវត្តឱ្យប្រើប្រាស់។ ហេតុអ្វីបានជាទើបតែពេលនេះ កម្ពុជាកំណត់ពីមាត្រាដែលអាចរំលាយគណបក្សនយោបាយមួយចោល ម៉េចបានជាមិនព្រមកំណត់តាំងពីការចាប់ផ្តើមតាក់តែងច្បាប់នេះតែម្តងទៅ? ចាំបាច់អ្វីមកកែប្រែនៅពេលនេះ ខណៈមតិមួយចំនួនលើកឡើងថា ការរំលាយបក្សប្រឆាំងដ៏ធំនៅកម្ពុជា នឹងធ្វើឱ្យការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនឹងមិនមានភាពសេរី ត្រឹមត្រូវ និងយុត្តិធ៌ទេ!

តើកម្ពុជាគឺជាប្រទេសទី១ ឬចម្លែកជាងគេ ដែលមានច្បាប់អនុញ្ញាតឱ្យរំលាយបក្សនយោបាយមួយ?

ទី១៖ កម្ពុជាមិនមែនជាប្រទេសទី១ លើលោកដែលមានច្បាប់អនុញ្ញាតឱ្យ មានការរំលាយគណបក្សនយោបាយដែលខុសច្បាប់ឡើយ ប៉ុន្តែកម្ពុជាបានដើរតាមលំដាននៃ បទពិសោធប្រទេសមួយចំនួននៅលើពិភពលោក ដែលមានច្បាប់នេះទាំងក្នុងទ្វីបអាស៊ី និងអឺរ៉ុប។

គណបក្សនយោបាយមួយចំនួន នៅប្រទេសថៃក្នុងតំបន់អាស៊ាននៅប្រទេស តួកគី ប្រទេសក្រិក អេស្បាញក្នុងទ្វីបអឺរ៉ុបត្រូវបានរំលាយ នាពេលកន្លងមកដោយសារតែល្មើសច្បាប់ ស្តីពីគណបក្សនយោបាយរបស់ប្រទេសទាំងនោះក្នុងនោះហេតុផល ដែលនាំឱ្យតុលាការធម្មនុញ្ញ ឬតុលាការសិទ្ធិមនុស្សរំលាយដោយតែបក្សនោះបានទទួល សំណូកយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជាគណបក្សប្រជាធិបតេយ្យរបស់អតីតនាយករដ្ឋ មន្ត្រីថៃអាភីស៊ីត វិចាជីវ៉ា ជាដើម។

តុលាការធម្មនុញ្ញតួកគី បានរំលាយបក្សមួយចំនួន ដោយសារតែរកឃើញថាស្ថិតនៅក្រោមឥទ្ធិពល និងការបង្គាប់បញ្ជារបស់ក្រុមឧទ្ទាម រំលោភបំពានលើឯករាជ្យភាព អធិបតេយ្យជាតិ និងធ្វើឱ្យអន្តរាយដល់សន្តិភាព និងស្ថេរ ភាពជាតិនៃប្រទេសទាំងនោះ។ នៅក្នុងទ្វីបអឺរ៉ុប ការរំលាយគណបក្សមួយអាចធ្វើទៅ បានប្រសិនបើរកឃើញថាគណបក្សនេះ គំរាមកំហែងដល់សន្តិភាពរបស់ប្រទេស និង បទបញ្ជាធម្មនុញ្ញប្រជាធិបតេយ្យ ដែលទាក់ទងនឹងការញុះញង់ឱ្យមានអំពើហិង្សា ឬប្រើអំពើហិង្សា ជាមធ្យោបាយដើម្បីបំផ្លាញបទបញ្ជាធម្មនុញ្ញាប្រជាធិបតេយ្យ ក៏ដូចជាការ ជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅធ្វើឱ្យអន្តរាយដល់សង្គមប្រជាធិបតេយ្យ។

ទី២៖ ដូច្នេះកាលដែលកម្ពុជាធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយនៅ ពេលនេះគឺដើម្បីឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែងនៃស្ថានការណ៍នយោបាយនៅកម្ពុជា និងជាការអនុវត្តវិធានការច្បាប់ប្រឆាំបទល្មើសក្បត់ជាតិ ដែលទើបនឹងត្រូវបានរកឃើញ! យោងតាមមាត្រ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ ចែងថា «គ្រប់គណបក្សនយោបាយមិនត្រូវស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់គណបក្សនយោបាយបរទេស ឬរដ្ឋាភិបាលបរទេស»។

ភស្តុតាងបានបង្ហាញថា គណបក្សសង្គ្រោះជាតិ សម រង្ស៊ី និងកឹម សុខា ធ្វើសកម្មភាពនយោបាយចាប់តាំងពី ការចាប់ផ្តើមរហូមកទល់ពេលនេះគឺ «បង្កើតឡើងដោយបរទេស ដើម្បីបរទេស និងបម្រើផលប្រយោជន៍បរទេស»។ កម្ពុជាគ្មានការយល់យោគណាមួយ ចំពោះទង្វើក្បត់ជាតិនោះឡើយ ហើយក៏មិនអាចបណ្តោយឱ្យបរទេស ឬគណបក្សមួយ បំផ្លាញកម្ពុជាឡើយ។ ដើម្បីការពារនីតិរដ្ឋ និងការពារអធិបតេយ្យជាតិរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពជា តាមរយៈក្រសួងមហាផ្ទៃ ដែលមានសមត្ថកិច្ចគ្រប់គ្រង លើគណបក្សនយោបាយចាំបាច់ត្រូវតែចាត់វិធានការ ដើម្បីភាពសុខដុមនៅក្នុងសង្គម និងសុខសន្តិភាព និងស្ថេរភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ដោយមិនអនុញ្ញាតឱ្យបរទេសមកកកូរកកាយបញ្ហាផ្ទៃក្នុងកម្ពុជា តាមរយៈបាតដៃបក្សប្រឆាំងជាដាច់ខាត។ អ្វីដែលច្បាប់កម្ពុជាបានចែងក៏មាននៅ​ ក្នុងច្បាប់របស់ប្រទេសមួយចំនួន ដែលមានច្បាប់អនុញ្ញាតឱ្យមានការរំលាយបក្សដែរ។

ទី៣៖ ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជានឹងការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍដែលខ្លួនមាន មិនឱ្យក្រុមជនក្បត់ជាតិបំផ្លាញបានឡើយ។ កម្ពុជារងគ្រោះគ្មានបរទេសណារងគ្រោះជាមួយឡើយ! អតីតកាលនៃប្រទេសកម្ពុជា បានបង្ហាញនូវសោកនាដកម្មយ៉ាងជូរចត់ ដោយសារតែការលូកដៃរបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងខ្មែរក្នុងនោះ សម័យសាធារណរដ្ឋខ្មែរ របស់សេនាប្រមុខ លន់ នល់ ជាឧទាហរណ៍ស្រាប់ដែលធ្វើឱ្យខ្មែររងការបំផ្លាញខ្ទេចខ្ទី ដោយសារតែគ្រាប់បែកចង្កោម និងគ្រាប់បែកគីមីរបស់អាមេរិក។ 

ពេលនេះ ការលុបបំបាត់បក្សប្រឆាំងឧទ្ទាម ក្នុងប្រជាធិបតេយ្យនៅកម្ពុជា គឺជាភាពចាំបាច់ដើម្បីការពាររដ្ឋធម្មនុញ្ញ សន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា។ កម្ពុជារឹងមាំជានិច្ចនៅចំពោះមុខ នៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ខ្លួនពីសំណាក់បរទេសមួយចំនួន និងប្រឆាំងដាច់ខាតការទាញកម្ពុជាទៅធ្វើអាយ៉ងបរទេសដូចដែលបក្សសង្គ្រោះជាតិអនុវត្ត។ ហេតុដូច្នេះការធ្វើវិសោធនកម្ម ដើម្បីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការប្តឹងរំលាយបក្សសង្គ្រោះជាតិ គឺជាការកម្ចាត់ប្រភពជនក្បត់ជាតិ និងរកអ្នកទទួលខុសត្រូវចំពោះទង្វើក្បត់កម្ពុជានេះ! ប្រទេសថៃ តួកគី និងអឺរ៉ុបខ្លះក៏ដូចកម្ពុជាដែរ នឹងមិនអត់ឱនឱ្យចំពោះទង្វើបំផ្លាញជាតិ បំផ្លាញសន្តិភាពជាតិឡើយ។

ទី៤៖ ជម្រើសនគរខ្មែរ ជាជម្រើសជាតិ ជម្រើសសន្តិភាព និងប្តេជ្ញាចិត្តបន្តលើផ្លូវប្រជាធិបតេយ្យសេរីពហុបក្ស ដែលមិនបំផ្លាញសន្តិភាពដើម្បីជាតិមានជីវិត និងដើរទៅមុខជានិច្ច។ ប្រជាធិបតេយ្យគ្មាននីតិរដ្ឋ គឺអនាធិបតេយ្យ។ នីតិរដ្ឋក៏ជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់បដិវត្តន៍ពណ៌ មុនពេលកម្ពុជាត្រូវបានបំផ្លាញដោយដៃបក្សប្រឆាំង ធ្លាក់ចូលទៅក្នុងវិនាសកម្ម ដូចនៅស៊ីរី ឬលីបី។ គួរអរគុណដល់ កឹម សុខា ដែលបានចេញមកសារភាព និងបកអាក្រាតនូវរឿងរ៉ាវ និងផែនការរបស់អាមេរិក ដែលបានប្រើប្រាស់គាត់ធ្វើជាឧបករណ៍ក្នុងការ ផ្លាស់ប្តូររាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ក្រោមស្លាកនៃការផ្លាស់ប្តូរដោយវិជ្ជមាន។

ប្រសិនបើគ្មាន កឹម សុខា ចេញមុខមកបកអាក្រាតទេ សន្តិភាព និងការអភិវឌ្ឍកម្ពុជា នឹងអាចត្រូវបានបំផ្លាញជាថ្មីម្តងទៀតនៅឆ្នាំ២០១៨។ ដោយសារតែកឹម សុខា និងបក្ស សង្គ្រោះជាតិកើតមកពីបរទេស និងស្ថិតក្រោមការបញ្ជារបស់បរទេសនោះ ដែលធ្វើឱ្យ សម រង្ស៊ី កឹម សុខា និងមន្ត្រីបក្សប្រឆាំងនៅតែជឿជាក់លើអន្តរជាតិ ជាជាងជឿជាក់លើកម្ពុជាដោយបានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធទាំងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចមកលើកម្ពុជា ក្នុងនោះមាន ការអំពាវនាវកុំឱ្យបរទេសផ្តល់ជំនួយដល់កម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញផលិតផលពីកម្ពុជា។ ដើម្បីអំណាចបុណ្យស័ក្តិ បក្សសង្គ្រោះជាតិមិនញញើត ក្នុងការឱនក្បាលខ្លួនធ្វើជាខ្ញុំបម្រើបរទេសឡើយ។ ដោយសារតែ កឹម សុខា និងគណបក្សសង្គ្រោះជាតិជឿ និងអួតអាងយកបរទេសមកធ្វើជាត្រីមុខយ៉ាងដូច្នេះហើយ ទើបគេចាត់ទុកថា គឺជា «ទង្វើក្បត់ជាតិ» ដែលច្បាប់ត្រូវតែចាត់ការ។

ដូច្នេះវាមិនមែនជារឿងចម្លែកឡើយ សម្រាប់កម្ពុជាដែលច្បាប់ស្តីពីគណបក្សនយោបាយ អនុញ្ញាតឱ្យមានការប្តឹងរំលាយគណបក្សនយោបាយមួយ ដែលបានប្រព្រឹត្តខុសច្បាប់ ឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍដែលកម្ពុជាមាន។ ការរំលាយគណបក្សសង្គ្រោះជាតិ និងការហាមឃាតមិនឱ្យមេដឹកនាំបក្ស នេះមួយចំនួននៅក្នុងគណៈអចិន្ត្រៃយ៍បក្ស និងគណៈកម្មាធិការកណ្តាលបក្សធ្វើនយោ បាយនៅកម្ពុជាគឺជាការផ្តល់ឱកាសមាស ឱ្យកម្ពុជាបន្តការរីកចម្រើន និងពូនជ្រុំដើមសន្តិភាពឱ្យកាន់តែរីកធំធាត់ និងមានភាពរឹងមាំ មានអាយុយឺនយូរ ដើម្បីទុកឱកាសឱ្យកម្ពុជា អភិវឌ្ឍប្រទេសខ្លួនឱ្យ មានការរីកចម្រើនរុងរឿងតរៀងទៅ៕

ដោយ៖ ចៅ ចាក់ស្មុក