(កោះកុង)៖ នៅវេលាម៉ោង០០៖០០នាទី អាធ្រាត្រឆ្លងចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋជាច្រើននាក់ ចុះទៅរៀបចំពិធីអបអរសាទរ និងបើកឲ្យដំណើរការឆ្លងកាត់ស្ពានឆ្លងកាត់ដៃសមុទ្រ ឆ្ពោះទៅកាន់ប្រទេសថៃ ដោយមិនតម្រូវឲ្យបង់ប្រាក់ទៀតឡើយ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសទិញស្ពានដែលមានប្រវែងវែងជាងគេ នៅកម្ពុជាពីក្រុមហ៊ុន លី យ៉ុងផាត់ មកគ្រប់គ្រងជារបស់រដ្ឋវិញ។

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានឲ្យដឹងថា នៅម៉ោង០០៖០០នាទីយប់ពាក់កណ្តាលអាធ្រាត្រនេះ លោកស្រី រួមជាមួយថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធ បានចុះទៅអបអរសាទរ ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន​ សែន ដែលបានប្រកាសទិញស្ពានពីក្រុមហ៊ុន លី យ៉ុងផាត់ មកគ្រប់គ្រងវិញ និងបើកឲ្យដំណើរឆ្លងកាត់ជាផ្លូវការ ដោយមិនបាច់បង់ប្រាក់តទៅទៀតឡើយ។

លោកស្រី មិថុនា ភូថង បានលើកឡើងថា នេះជាការផ្តល់ការដូដ៏ធំមួយទៀត ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសសម្រាប់អ្នកខេត្តកោះកុងទាំងមូលតែម្តង នៅក្នុងឱកាសថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១៧-២០១៨ និងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។

សូមបញ្ជាក់ថា កាលពីព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្ដល់កាដូដ៏ធំមួយទៀត ជូនជនរួមជាតិនាឱកាសព្រះរាជពិធីបុណ្យអុំទូក គឺរាជរដ្ឋាភិបាលបានប្រកាសទិញ ស្ពានឆ្លងកាត់ដៃ សមុទ្រឆ្ពោះទៅកាន់ប្រទេសថៃ នៅខេត្តកោះកុង ពីក្រុមហ៊ុន លី យ៉ុងផាត់ មកគ្រប់គ្រងវិញ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនបាច់បង់ប្រាក់ទៀតឡើយ។

នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយ​ឡែក បងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ បាន​សម្រេចទិញយក​​ត្រឡប់មកវិញ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃដែល​វិនិ​យោគ​​ដោយ ក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់ ​ដោយ​​ពុំចាំបាច់បង់ថ្លៃ ចាប់ពី​ម៉ោង​០០៖០០​នាទី ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​​២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក។ ​ចំពោះកិច្ចការដែលនៅសេសសល់ សូមឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង​សេដ្ធកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន​ លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ​។ ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៏ពីការ​សម្រេចនេះ»​។​

ស្ពាន​កោះកុងស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង ​ត្រូវ​បាន​​សម្ពោធ​ឲ្យ​ប្រើប្រាស់កាលពី​ឆ្នាំ​២០០២ ​ដែល​មាន​ប្រវែង​សរុប​១៩០០​ម៉ែត្រ។

រហូតមកដល់ពេលនេះ ប្រ​មុខនៃរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានផ្តល់កាដូធំៗជូនជនរួមជាតិ ទាំងផ្លូវ នឹងស្ពានជាច្រើនដោយប្រកាសទិញពីក្រុមហ៊ុន យកមកគ្រប់គ្រងជារបស់រដ្ឋវិញ ក្នុងនៅដូចជា៖ ផ្លូវជាតិលេខ៤, ផ្លូវសូឡា, ផ្លូវវេងស្រេង, ស្ពានព្រែកព្នៅ, ផ្លូវឡើងទៅកាន់ភ្នំបូកគោ (មិនឲ្យបង់ប្រាក់ទៀត)។ល។ ដែលគោលនយោបាយទាំងនេះ ដើម្បីចូលរួមចំណែកយ៉ាងខ្លាំង លើចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន៕