(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជំរុញឲ្យកម្លាំងអាវុធហត្ថទូទាំងខេត្ត រួមគ្នាការពារសន្តិភាព ការពារផលប្រយោជន៍រួមជូនពលរដ្ឋ ប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បង្កអសន្តិសុខក្នុងសង្គម និងបាត់បង់ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈទាំងឡាយ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន ជំរុញបែបនេះនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រចាំខែតុលា ឆ្នាំ២០១៧ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ របស់ជាតិ និងអន្តរជាតិ ដោយមានរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន មេបញ្ជាការក្រុង-ស្រុក ស្នាក់ការសន្តិសុខ កងអនុសេនាធំចល័ត នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានបន្តថា ការពង្រឹងការងារអប់រំប្រជាពលរដ្ឋក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីប ខណៈមានការដើរកំសាន្ត ដ៏ច្រើនពីសំណាក់ពលរដ្ឋ និងភ្ញៀវទេសចរណ៍អន្តរជាតិ។ កម្លាំងអាវុធហត្ថទាំងអស់ត្រូវត្រួតពិនិត្យគ្រប់សកម្មភាពតាមផ្លូវសាធារណៈ អប់រំពលរដ្ឋឲ្យគោរពច្បាប់ចរាចរក្នុងពេលធ្វើដំណើរ បង្ការរាល់សកម្មភាពជនទំនើងដែលបង្កអសន្តិសុខដល់ពលរដ្ឋ និងអ្នកដំណើរផងដែរ។ ជាពិសេសត្រូវខិតខំយកចិត្តទុកដាក់ទប់ស្កាត់រាល់សកម្មភាពកាប់បំផ្លាញធនធានធម្មជាតិ បញ្ហាគ្រឿងញៀន និងកម្មេងទំនើងនៅក្នុងមូលដ្ឋាន ឲ្យបានប្រសើរថែមទៀត។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ក្នុងនាមជាយើងជាកងកម្លាំងត្រូវថែររក្សាសុខសុវត្តិភាពជូនប្រជាពលរដ្ឋការពារការធ្វើបដិវត្តពណ៍ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កភាពវឹកវរដល់សង្គមជាតិ ជាពិសេសការពារឲ្យបានស្ថេរភាពជាតិ ដែលបង្កឡើងដោយជនអគតិមួយចំនួនទាំងក្នុងនិងក្រៅប្រទេស៕