(កោះកុង)៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ ដោយមានការចូលរួមពីសំណាក់លោកគ្រូ-អ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាលសិស្សានុសិស្ស​យ៉ាងច្រើនកុះករ នៅវិទ្យាល័យប៉ាក់ខ្លង ខេត្តកោះកុង។

លោក ហាក់ ឡេង បានថ្លែថា ឆ្នាំសិក្សា២០១៧នេះ បានកន្លងផុតទៅចូលឆ្នាំសិក្សា២០១៨ ចូលមកដល់លោកសូមឲ្យ មាតាបិតាសិស្សដែលមាន កូនចាប់អាយុ៦ឆ្នាំ ឡើងសូមរួសរាន់ យកកូនប្រុសស្រីមកចុះឈ្មោះចូលរៀន​ឲ្យបានទាន់ពេលវេលាដោយមិនបាច់បង់ប្រាក់ក្នុងការចូលរៀននោះ ឡើយចំណែកសិស្សានុសិស្សចាស់ត្រូវរៀបចំខ្លួនប្រាណជាឯកសណ្ឋានសិស្ស ឲ្យបានស្អាតចូលរៀនតាមថ្នាក់រៀងៗ ខ្លួនចាប់ពីថ្ងៃបើកបវេសនកាល នេះតទៅ។

ឆ្នាំសិក្សាថ្មីនេះវាមានសា​រសំខាន់ណាស់សម្រាប់ សិស្ស និស្សិតដែលជាកុលបុត្រកុលធីតាជាទីស្រឡាញ់របស់យើងគ្រប់គ្នា បានបន្តការសិក្សារៀនសូត្រនៅថ្នាក់ខ្ពស់បន្តទៀត និងជាថ្ងៃផ្តើមនៃជីវិតសិក្សាដំបូងរបស់កុមារដែលទើប និងដល់អាយុត្រូវចូលរៀន។

លោក ហាក់ ឡេង បានបន្តថា ដែរថាកាប្រារព្ធបើកទិវាបវេសសនកាលនេះឡើងដើម្បីដាស់ស្មារតីសិស្សានុសិស្ស ឲ្យយកចិត្តទុកដាក់ខ្ពស់ លើការសិក្សារបស់ខ្លួនគ្រប់ពេលវេលា។ ការសិក្សារៀនសូត្រមិនត្រឹមតែអនុវត្តនៅក្នុងវិស័យសិក្សាតែប៉ុណ្ណោះទេថែមទាំងតម្រូវឲ្យមានការបន្ត លើកកម្ពស់ និងការអភិវឌ្ឍន៍គ្មានថ្ងៃបញ្ចប់ ដើម្បីធានានូវការផលិតធនធានមនុស្សប្រកបដោយគុណភាពអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

លោក ហាក់ ឡេង បានបញ្ជាក់ថា ការអប់រំល្អផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូលពោលការអប់រំល្អ និងនាំដល់ការផ្គត់ផ្គង់ធនធានមនុស្ស កម្លាំងពលកម្មដែលមានចំណេះដឹងជំនាញវិជ្ជាជីវៈដើម្បីឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅទីផ្សារការងារ និងតម្រូវការអភិវឌ្ឍន៍សង្គមជាតិផងដែរ។

លោកអភិបាលស្រុក បានបញ្ជាក់បន្ថែមថា ប្អូនៗ ក្មួយៗ ធ្វើយ៉ាងណាត្រូវជៀសផុតពីគ្រឿងញៀនត្រូវយកការសិក្សាជាចម្បងដើម្បីអនាគត់ខ្លួនឯង នឹងជាទំពាំងស្នងឬស្សី នៃអនាគត់ប្រទេសជាតិ៕