(កំពង់ចាម)៖ សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានសមាជិកក្រុមប្រឹក្សាស្រុកកោះសូទិន ខេត្តកំពង់ចាមម្នាក់ លោក អឿន យន់ បានប្រកាសដើរចេញពីគណបក្សរបស់ខ្លួន ដោយសុំមកចូលរួម ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ថ្នាក់ដឹកនាំវ័យ៤៧ឆ្នាំ ដ៏សំខាន់ម្នាក់នេះ របស់បក្សសង្គ្រោះជាតិបានហៅលោក កឹម សុខា ប្រធានគណបក្សជាអាយ៉ងរបស់អាមេរិក ហើយចង់បំផ្លាញជាតិឯង នាំទៅរកគ្រោះថ្នាក់ដូចអតីតកាល។

សមាជិកក្រុមប្រឹក្សាស្រុកកោះសូទិន របស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ហេតុផលយ៉ាងច្បាស់ថា ការចាកចេញពីគណបក្សសង្គ្រោះជាតិ ដោយសារតែពួកគេបានឃើញតាមវិដេអូ ឃ្លីប របស់លោក កឹម សុខា នូវទង្វើក្បត់ជាតិ បម្រើបរទេស ហើយចង់ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។

តាមលិខិតរបស់ខ្លួន សមាជិកក្រុមប្រឹក្សា​ស្រុកកោះសូទិន បានបញ្ជាក់ថា «ខ្ញុំផ្ទាល់ បានស្តាប់វីដេអូឃ្លីបរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងដោយពិនិត្យឃើញនូវសកម្មភាពខុសឆ្គង របស់គណបក្សសង្គ្រោះជាតិកន្លងមក។ ខ្ញុំបានភ្ញាក់ខ្លួន និងកំណត់ច្បាស់ថា លោក កឹម សុខា គឺជាមនុស្សក្បត់ជាតិ ក្បត់នឹងឆន្ទៈប្រជាពលរដ្ឋ ដែលបានបោះឆ្នោតឲ្យ ដូច្នេះខ្ញុំបានសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា»

ជាមួយគ្នានេះលោក អឿន យន់ បានថ្លែងបញ្ជាក់ថា «ដោយសារតែមិនមានការទុកចិត្តគ្នា នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម និងបានឃើញមេដឹកនាំគណបក្សសង្គ្រោះជាតិ មានការក្បត់ជាតិដូច្នេះ ខ្ញុំក៏សម្រេចតិត្តចាកចេញពីគណបក្សសង្គ្រោះជាតិ ដើម្បីចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយផ្អែកទៅលើការអភិវឌ្ឍ និងមានសន្តិសុខសង្គម ក្រោមការដឹកនាំរបស់សម្តេចតសជោ ហ៊ុន សែន ធ្វើបានល្អ ខ្ញុំក៏បានសម្រេចចិត្តចាកចេញពីគណបក្សសង្គ្រោះជាតិ មកគណបក្សប្រជាជនជារៀងរហូត»

សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលដែលសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយ តំណាងកម្មករនិយោជិត កាលពីពេលកន្លងទៅ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស​សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៥០នាក់ បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល៕