(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់ការសាកល្បង និងប្រកួតប្រជែងអង្ករអស់ជាច្រើនប្រភេទ ទីបំផុតនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្ពុជាបានរកឃើញអង្ករ និងជ្រើស​រើស​អង្ករ ដើម្បីយកទៅប្រកួតប្រជែង ក្នុងកម្មវិធីអង្ករល្អបំផុតរបស់ពិភពលោក ប្រចាំឆ្នាំ ២០១៧ នៅទីក្រុងម៉ាកាវ ប្រទេសចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

អង្ករដែលនឹងត្រូវយកទៅប្រកួតប្រជែង នៅក្នុងទីក្រុងម៉ាកាវ ប្រទេសចិនរួមមាន៖
១៖ អង្ករក្រអូបប្រណិត (Premium Fragrant Rice) (អង្ករផ្កាខ្ញី, ផ្ការំដួល, ផ្ការំដេង, និងសូម៉ាលី)
២៖ អង្ករក្រអូប (Fragrant Rice)

ការ​ធ្វើតេស្តអង្ករ​​ បានចាប់ផ្តើម​​​នៅព្រឹកថ្ងៃទី​១ ខែវិច្ឆិកា ​ឆ្នាំ​២០១៧ នៅ​ភោជនីយដ្ឋាន​អ៊ុយ​ គុយទាវ ដោយមានវត្តមាន​ លោក សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​​ លោក មូល សារិទ្ធី​ អគ្គលេខាធិការសហព័ន្ធ លោក លូ ម៉េង ប្រធាន​សហព័ន្ធ​ចុង​ភៅ​កម្ពុជា តំណាង​មក​ពី​​ក្រុម​ហ៊ុន​​​ត្រួតពិនិត្យគុណភាព និង តំណាងស្ថាប័ន​​​មួយ​ចំនួនទៀត។

​​មុន​ការ​ចាប់ផ្តើម​​ធ្វើតេស្តអង្ករ តាមរយៈការចំអិន លោក សុខ ពុទ្ធីវុធ បាន​​បញ្ជាក់ថា ឆ្នាំ​នេះ​សហព័ន្ធ​ទទួលបានសំណាក​អង្ករ​​ច្រើន​​ពី​ក្រុម​ហ៊ុន​ និងសហគមន៍​កសិកម្ម​ សម្រាប់​ការ​ប្រកួតប្រជែង​គុណភាពអង្ករ​ថ្នាក់ជា​តិ សម្រាប់​យក​ទៅ​ប្រកួត​​នៅ​ឆាកអន្តរជាតិ នៅពេលដ៏ខ្លី​ខាងមុខ។

​លោក សុខ ពុទ្ធីវុធ បានថ្លែ​ងអំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែងរបស់​សមាជិក​ ក្នុងការ​ដាក់​សំណាកអង្ករ​ដើម្បី​ប្រកួ​ត​ប្រជែងនា​ឱកាសនេះ។ ​​

តាមសេចក្តី​រាយ​ការណ៍ របស់លោក មូល សារិទ្ធី ​អគ្គលេខា​ធិការ​សហព័ន្ធ សំណាក​អង្ករ​ដែលបាន​ដាក់​មក​កាន់​សហព័ន្ធ​គឺ មាន​២៣សំណាក់ ក្នុងនោះ១២សំណាក​ជា​​អង្ករ​ក្រអូប​ប្រណិត ៨​សំណាក​​ជាអង្ករ​ក្រអូប​ធម្មតា និង ៣សំណាកទៀត ជាអង្ករ​​ស​ធម្មតា៕