(ភ្នំពេញ)៖ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង នៅថ្ងៃទី០១ វិច្ឆិកានេះ បានចុះត្រួតពិនិត្យការរៀបចំតំឡើងតង់ និងសម្ភារៈបរិក្ខារ ពេទ្យ នៅតាមទីតាំងផ្សេងៗ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា ក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះ។

រដ្ឋមន្ត្រីថ្លែងទៀតថា "ក្នុងនោះ យើងក៏បានត្រៀមរួចជាស្រេច នៅរថយន្ដគិលានសង្គ្រោះ ៥៨គ្រឿង និងក្រុមគ្រូពេទ្យជិត១ពាន់នាក់ នៅតាមទីតាំងផ្សេងគ្នា ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា ដោយឥតគិតថ្លៃផងដែរ" ។

រដ្ឋមន្ត្រីបន្តថា ក្នុងឱកាសបុណ្យអុំទូក ដែលនឹងឈាមមកដល់ នៅថ្ងៃស្អែកនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាអនាម័យល្អ និងធានានូវសុវត្ថិភាពចំណីអាហារ ដើម្បីសុខភាពល្អ ព្រមទាំងកុំប្រជ្រៀតគ្នា ដើម្បីជៀសវាង បាននូវ ការដួលសន្លប់ជាយថាហេតុ ហើយសូមកុំពិសាគ្រឿងស្រវឹង ក្នុងពេលបើកបរ​និងគោរពច្បាប់ចរាចរក្នុងពេលបើកបរ ដើម្បីជៀសវាង បាននូវគ្រោះថ្នាក់ចរាចរផងដែរ។

រដ្ឋមន្រ្តី ម៉ម ប៊ុនហេងថ្លែងទៀតថា បន្ថែមពីនេះ ក្រសួង ក៏បានចាត់ឲ្យមានក្រុមគ្រូពេទ្យ និងរថយន្ដគិលានសង្គ្រោះ មកពីបណ្ដារាជធានីខេត្ដ តាមក្រុមប្រណាំងនីមួយៗចំនួន៧រថយន្ដ គិលានសង្គ្រោះ ប្រចាំការនៅតាមបណ្ដាមន្ទីរពេទ្យថ្នាក់ជាតិ ចំនួន៤កន្លែង និងនៅទីស្ដីការក្រសួងសុខាភិបាល ចំនួន២៥រថយន្ដគិលានសង្គ្រោះផងដែរ។ សរុបក្រសួងសុខាភិបាល បានរៀបចំឲ្យមានរថយន្ដ គិលានសង្គ្រោះចំនួន៥៨គ្រឿង និងក្រុមគ្រូពេទ្យ ៨២០នាក់ ព្រមទាំងបន្ថែមគ្រូពេទ្យមួយចំនួនធំទៀត ដែលត្រូវប្រចាំការនៅតាមបណ្ដាមន្ទីរពេទ្យ ជាតិទាំង៤ រួមមានមន្ទីរពេទ្យ កាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យ មិត្ដភាពខ្មែរសូវៀត និងមន្ទីរពេទ្យព្រះកុសុមៈ​ដើម្បីផ្ដល់សេវាពិនិត្យព្យាបាលសង្គ្រោះបន្ទាន់ ហើយរាល់ការពិនិត្យ នៅកន្លែងតង់សុខភាព និងការជួយសង្គ្រោះបន្ទាន់ គឺគ្មានការបង់ថ្លៃឡើយ។

រដ្ឋមន្រ្តីបន្តថា ប្រសិនបើលោកអ្នកមានបញ្ហា ជាពលរដ្ឋ ស្វែងរកសេវាសុខភាព នៅតាមទីតាំង ដូចខាងលើ និងទំនាក់ទំ នងតាមរយៈទូរស័ព្ទលេខ ១១៩ សម្រាប់រថយន្ដគិលានសង្គ្រោះបន្ទាន់។

ព្រមជាមួយគ្នានោះ ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង បានថ្លែងថា ថ្ងៃទី០១វិច្ឆិកានេះ ក្រុមគ្រូពេទ្យការពារសុខភាពនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានរៀបចំតំឡើងតង់ បំពាក់សំភារះ បរិក្ខារពេទ្យ និងឱសថ រួចជាស្រេចនៅតាមទីតាំងគោលដៅទាំង១២ ដើម្បីត្រៀមគិលានសង្រ្គោះជូនថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ។

លោកបន្តថា សូមបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមតង់គោលដៅទាំង១២ ដូចខាងក្រោមនេះ៖

*ខាងកើតស្ពានជ្រោយចង្វារ មានតង់ចំនួន ០៣ ដែលមានទីតាំងនៅ: ២ទីតាំងនៅកន្លែងស្នាក់នៅរបស់ក្រុមកីឡាករអុំទូក ក្នុងបរិវេណក្រុមហ៊ុន OCIC ខាងជើងស្ពានជ្រោយចង្វារត្រើយខាងកើត ១ទីតាំងនៅក្នុងបរិវេណសាលាបឋមសិក្សាជ្រោយចង្វារ

*ត្រើយខាងលិចស្ពានជ្រោយចង្វារមាន ៩ទីតាំង៖ គឺ ទីតាំងនៅបរិវេណកំពង់ផែថ្មភ្នំពេញ, ទីតាំងនៅបរិវេណព្រះគន្លង់, ទីតាំងនៅវេទិកាកិត្តិយសខាងត្បូង និងខាងជើង, ១ទីតាំងនៅគណ:កម្មការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ, ១ទីតាំងនៅស្តូបមិត្តភាពកម្ពុជា វៀតណាម, ១ទីតាំងនៅរណសិរ្ស,១ទីតាំងនៅសួនច្បារមុខវាំងខាងត្បូងដើមពោធិ និង១ទីតាំងទៀតនៅបរិវេណកោះពេជ្រ។

ជាមួយគ្នាផងដែរ ក្រសួងសុខាភិបាលបានត្រៀមរថយន្តគិលានសង្រ្គោះចំនួន៥៨គ្រឿងសម្រាប់ជួយអន្តរាគមន៍ និងបញ្ជូនអ្នកជំងឺសង្រ្គោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ៕